តារាកូនកាត់ខ្មែរ-ថៃ នាងនែប ព្រំរិទ្ធិកា បានឲ្យដឹងថាដោយសារតែចូលពេទ្យវះកាត់គ្រួសក្នុងពោះវៀនជាបន្ទាន់កាលពីថ្ងៃទី៥ខែសីហា នោះធ្វើឲ្យនាងអាកខានការចុះកុងត្រាធ្វើជាពិធីការិនីនៅស្ថានីយ៍ទូទស្សន៍Ctnនៅថ្ងៃនោះតែម្ដងទើបនាងមានការសោកស្ដាយជាខ្លាំង ខណៈដែលការថតសិល្បៈផ្សេងៗទៀត ដែលគម្រោងនឹងចេញតំណើរការនោះត្រូវបានលុបចោល(Cancel )ទាំងអស់ព្រោះជំងឺនេះនាងត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យយ៉ាងហោចណាស់ក៍ត្រូវចំណាយពេលពី១ទៅ២សប្ដាហ៍ដែរពោលលោកគ្រូពេទ្យបានប្រាប់ថាវាអាស្រ័យទៅលស្ថានភាពសុខភាពរបស់នាង។នាងថាមុនចូលពេទ្យជំងឺនេះវាធ្វើឲ្យនាងចុកផ្នែកឆ្អឹងជំនីខ្លាំងស្ទើតែមិនអាចដកដង្ហើមបានឡើយ។ទោះជាយ៉ាងណាក្រោយវះកាត់រួចពេលនេះនាងបានធូស្រាលខ្លះៗតែបន្ដគេងនៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅឡើយ។



ស្រីក្មេងនែប ព្រំរិទ្ធិកា លេចធ្លោតាមរយៈការសម្ដែងMVបទចម្រៀងល្បីៗរបស់លោកខេម ប៊ុនថៃ ដូចជាបទ”ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង”,”អយស្ទ័រ”និងបទ”នឹកបងខ្លះទេ?”ជាដើម ខណៈដែលកន្លងមកនាងជាដៃគូដ៍ស្អិតល្មូតជាមួយតារាចម្រៀងរ៉េបលោកផាន់ រ៉ុង រហូតត្រូវបានគេសង្ស័យថាអ្នកទាំង២បង្កាត់ភ្លើងស្នេហាជាមួយគ្នានៅក្រៅឆាកទៀតផង។ប៉ុន្ដែនាងរិទ្ធិកា ប្រកែក ខណៈផាន់រ៉ុង វិញបែជាប្រកាសថាស្រីស្រស់រូបនេះជាសង្សាររបស់លោក។



តារាវ័យក្មេងរូបនេះក៍ធ្លាប់លេចមុខតាមស្ពតជាច្រើនផងដែរហើយជាមួយរូបរាងតូចច្រឡឹងគូរឲ្យក្នក់ក្នាញ់របស់នាងនោះធ្វើឲ្យផលិតករជាច្រើនចាប់អារម្មណ៍ហៅនាងឲ្យថតភាពយន្ដក្នុងតំណែងជាតួឯកទៀតផង។តែនាងរិទ្ធិកា ថាដោយសារតែកូវីដ មិនទាន់ស្ងាត់បែបនេះនាងមិនទាន់ហ៊ានទទួលការងារសិល្បៈណាប្រើរយៈពេលយូថ្ងៃនោះទេគឺទទួលតែការងារខ្លីៗឬអាចថតបានដោយខ្លួនឯងប៉ុណ្ណោះ។នាងថាអាជីពពិធីការិនីជាការងារមួយដែលនាងស្រលាញ់ក្នុងចំណោមការងារសិល្បៈផ្សេងៗទៀតហេតុនេះហើយនាងចង់បំពេញក្ដីស្រម៉ៃនេះនៅពេលខាងមុខ ព្រោះកន្លងមកនាងក៍ធ្លាប់ធ្វើជាMCនេះនៅតាមបណ្ដារកម្មវិធីមួយចំនួនផងដែរគ្រាន់តែមិនទាន់បានឈជើងនៅស្ថានីយ៍ទូរទស្សន៍ដូចគេប៉ុណ្ណោះ៕


