Sunday, June 22, 2025
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា អាល័យ១៦១បទនៅហង្សមាស

ឈិត សុវណ្ណបញ្ញា អាល័យ១៦១បទនៅហង្សមាស

តារាថោនឈិត សុវណ្ណបញ្ញា ហាក់នៅអាល័យទ្រនុំចាស់របស់ខ្លួនគឺហង្សមាសបន្ទាប់ពីនាងឈរជើងនៅថោន អស់រយៈពេលជាង៤ឆ្នាំនេះ ស្រាប់តែពេលនេះនាងបានចងក្រងបទចម្រៀងទាំងអស់នៅហង្សមាសដែលផ្ដើមពីបទទី១មានចំណងជើងថា”ចង្កៀងបេះដូង”និងបទចុងក្រោយទី១៦១”នឹកបង”។

រយៈពេល១១ឆ្នាំ(២០០៦-២០១៧)ដែលសុវណ្ណបញ្ញា ច្រៀងនៅហង្សមាសនាងកត់ត្រាបទចម្រៀងដែលបានចេញទុកទាំងអស់ ខណៈដែលតាំងពីឈានជើងចូលថោន មកពេលនេះនាងថតបាន១១បទហើយក្នុងនោះបទចាប់ផ្ដើមដំបូងគឺ”ចង់តែចងក”និងបទចុងក្រោយ”ចប់ដោយរីករាយ”ដែលសរុបទាំងច្រៀងនៅហង្សមាសនិងថោន ជាង១៥ឆ្នាំនេះសុវណ្ណបញ្ញា ថតចម្រៀងទាំងអស់បានចំនួន១៧២បទ។

ការរំលឹកបទល្បីៗនៅទ្រនុំចាស់ឈិត សុវណ្ណបញ្ញា នៅពេលនេះធ្វើឲ្យមានការលើកឡើងថានាងនឹករលឹកទ្រនុំចាស់ ប៉ុន្ដែឧកាសនៃការវិលទៅហង្សមាសជាលើកទី២របស់សុវណ្ណបញ្ញា ហាក់មានឱកាសស្ដួចស្ដើងបំផុតពោលគឺមិនដូចសុគន្ធ និសា នោះទេ។គេចាំបានថាអំឡុងពេលដែលសុវណ្ណបញ្ញា ចូលទៅថោន នោះនាងសម្ដែងការអាកអន់ស្រពោនចិត្តជាមួយហង្សមាសរឿងដែលនាងច្រៀងនៅផលិតកម្មធំនេះរយៈពេល១១ឆ្នាំហើយខាងផលិតកម្មសន្យាថានឹងចេញអាល់ប៊ុមឲ្យនាងម្នាក់ឯងសុទ្ធ(Solo Album)តែចេញមិនរួចឡើយ។

ការទម្លាយរឿងនេះធ្វើឲ្យអ្នកគ្រប់គ្រងផលិតកម្មហង្សមាសលោកអ៊ឹង សុងលាភ ដែលត្រូវជាកូនលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាសនិងជាកូនប្រសារលោកឧកញ៉ាតាំង ផេងប៉ោ នោះមិនសប្បាយចិត្តដោយថានាងមានជីវភាពធូធារដោយសារតែចាប់អាជីពចម្រៀងនៅហង្សមាសនេះ។ដោយសារតែមានការក្វែងគំនិតគ្នាបែបនេះហើយទើបមានការលេចឮថាប្រសិនបើសុវណ្ណបញ្ញា ចង់វិលវិញនោះដាច់ខាតគឺនាងត្រូវតែមានភ្លើងខៀវពីលោកសុងលាភ ទើបអាចទៅរួច។

ប៉ុន្ដែក្នុងជំនួបកន្លងមកសុវណ្ណបញ្ញា មិនដែលប្រាប់ថានាងចង់ទៅហង្សមាសវិញនោះទេ ខណៈដែលមហាជនទូទៅមើលឃើញថាពេលនេះអាជីពចម្រៀងរបស់នាងកាន់តែប្រឈមភាពស្ងប់ស្ងាត់គូរឲ្យព្រួយបារម្ភ។តែសុវណ្ណបញ្ញា បែជាមានជីវភាពហក់ឡើងដូចជាទិញបានផ្ទះវីឡារនិងជិះរថយន្ដទំនើបៗផ្លាស់ប្ដូរជាញឹកញាប់មានដូចជាRange Rover និងLand CruiserV8 ជាដើម។យ៉ាងណាសុវណ្ណបញ្ញា មិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាចំហម្ដងណាឡើយគឺលាក់ជិតឈឹងតែម្ដង៕

RELATED ARTICLES