មាស សុខសោភា និងស្វាមីនាងលោកអ៊ឹត រ៉ាដា បានទៅចូលរួមពិធីរៀបការខ្នាតតូច(សែន)របស់ក្មួយស្រីនាងដែលជាតារាចម្រៀងម្នាក់ដែរនោះគឺកញ្ញាសុខ មុនីពិសី នៅព្រឹកថ្ងៃទី២ខែសីហា ឆ្នាំ២០២១នេះដោយតារារាម រូបនេះបានបង្ហាញទឹកមុខរីករាយជំនួសកូនកំលោះក្រមុំទៀតផង។តាមព័តថាមង្គលការរបស់មុនីពិសី ត្រូវបានលើកពេលជាច្រើនលើកព្រោះតែកូវីដ មិនស្ងាត់នេះទើបធ្វើឲ្យចុងក្រោយនាងនិងគូដណ្ដឹងបានសម្រេចចិត្តធ្វើពិធីរៀបបែបកាត់ៗហើយមានតែសាច់ញាត្តិជិតដិតប៉ុណ្ណោះដែលចូលរួមគឺមិនមានការជួបជុំទ្រង់ទ្រាយធំនោះទេដើម្បីបង្ការពីជំងឺកូវីដ។



តារាចម្រៀងស៊ិចស៊ីសុខ មុនីពិសី បានចេញសារយ៉ាងខ្លីនៅថ្ងៃពិសេសរបស់នាងថា”អរគុណសម្រាប់ការស្រលាញ់ពិតប្រាកដ”។គេឃើញមានតារាសិល្បករជាច្រើនបានចេញសារអបអរមុនីពិសី នៅថ្ងៃដែលនាងបានរកឃើញម្ចាស់ស្នេហ៍ពិតប្រាកដនេះដែរ។


គូរបញ្ជាក់ថាការបង្ហាញអារម្មណ៍សប្បាយចិត្តរបស់មាស សុខសោភា នៅថ្ងៃក្មួយស្រីរបស់នាងសែនរៀបការនេះ បន្ទាប់ពីតារារាម រូបនេះធ្លាប់បានប្រកាសថានឹងធ្វើឲ្យមហាជនភ្ញាក់ផ្អើលនៅឆ្នាំ២០២១នេះដែលត្រូវបានគេសន្និដ្ឋានថានោះគឺជាពិធីរៀបការធំដុំនាងដែលធ្វើឲ្យផ្អើលមេឃដើម្បីបញ្ចប់រឿងគេរិះគន់ថានាងខ្លាចលែងល្បីសុខចិត្តបន្ដសាងស្នេហាឥតខាន់ស្លានោះ។តែគម្រោងធ្វើកូនក្រមុំមែនទែនរបស់ពិសី ត្រូវបានជាប់គាំងជាថ្មីម្ដងទៀតព្រោះតែកូវីដមិនទាន់រលត់ហេតុនេះហើយនាងលែងហ៊ានកំណត់ពេលវេលារៀបការជាល់លាក់ទៀតហើយ ក្រោយពីបានរំសាយគម្រោងរៀបការតាមប្រពៃណីខ្មែរកាលពីឆ្នាំ២០០៩ ។ប៉ុន្ដែសោភា ធ្លាប់ប្រាប់ថានាងនិងស្វាមីបានរៀបការជាមួយគ្នាម្ដងរួចទៅហើយកាលពីឆ្នាំ២០០៨ ដោយធ្វើជាលក្ខណៈសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដាគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។ក្នុងជំនួបកន្លងទៅពេលសាកសួររឿងរៀបការតាមប្រពៃណីខ្មែរនោះតារារូបនេះផ្ដល់ចម្លើយមិនច្បាស់លាស់នោះទេដោយម្ដងនាងថាអាច២ទៅ៣ឆ្នាំទៀត ,និងជូនកាលថាចង់Surpriseនៅឆ្នាំ២០២១ តែពេលខ្លះនាងបែជាថាមិនដែលចង់រៀបការជាចំហឡើយ។



មាស សុខសោភា បានបោះជំហ៊ានចូលផលិតកម្មរាម ជាង៥ខែហើយដែលពេលនេះនាងមានដៃគូថ្មីគឺតារាចម្រៀងវ័យក្មេងលោកដួង វីរៈសិទ្ធ ប៉ុន្ដែសោភា មិនទាន់សាងភាពភ្ញាក់ផ្អើលណាមួយតាមរយៈការចេញបទចម្រៀងផ្ទុះដូចមុននោះទេទើបធ្វើឲ្យទីផ្សារចម្រៀងនាងនៅទ្រឹង ខណៈដែលអ្នកខ្លះថានាងនិងវីរៈសិទ្ធ មិនសូវសមគ្នាទៀតនាំឲ្យសោភា ឈឺក្បាលមិនតិចឡើយបើទោះជាគ្រូភ្លេងម្នាក់បានចេញមុខជំទាស់ហើយអះអាងថាសោភា-វីរៈសិទ្ធ អាចធ្វើដៃគូគ្នាបានព្រោះសម្លេងពួកគេស៊ីគ្នាក្ដី។តែអ្វីដែលមហាជនមើលឃើញយ៉ាងពិតប្រាកដនោះគឺសោភា ទៅទ្រនុំថ្មីដើម្បីស្វែងរកឱកាសធ្វើជំនួញតាមរយៈការលក់ផលិតផលមិនមែនផ្ដោតតែលើការបុកទីផ្សារចម្រៀងឡើយ។



មាស សុខសោភា បានសម្រចបំណងធំ២នៅរដូវកូវីដនេះតាមរយៈការបើកហាងកាហ្វេនៅក្រុងកំពង់សោម និងបើកហាងលក់ផលិតផលនៅក្រុងតាខ្មៅធ្វើឲ្យនាងក្លាយទៅជាថៅកែស្រីម្នាក់។យ៉ាងណាសម្រាប់អាជីពចម្រៀងបើសិនជាសោភា នៅតែគ្មានអ្វីថ្មីនិងប្លែកឬបទផ្ទុះឡើងវិញនោះទេច្បាស់ជាធ្វើឲ្យនាងនឹងប្រឈមចុះខ្សោយជាមិនខានទោះជាពេលនេះតារាផ្សេងៗទៀតស្ងប់ស្ងាត់ស្រដៀងនាងដែរក្ដី៕ ហ៊ឹម វិចិត្រ

