Sunday, June 22, 2025
Homeតារាខ្មែរមាស សុខសោភា ស្ងាត់រឿងប្ដីចង់នាំទៅរស់នៅកាណាដា

មាស សុខសោភា ស្ងាត់រឿងប្ដីចង់នាំទៅរស់នៅកាណាដា

មុនដើរចូលថោនកាលពីឆ្នាំ២០១១នោះមាស សុខសោភា អាចនឹងមានជម្រើសទៅរស់នៅកាណាដាជាអចិនត្រេយ៍តាមស្វាមីលោកអ៊ឹត រ៉ាដា ដែលត្រូវបានគេស្គាល់ថាលោកមានជំនាញជាគ្រូពេទ្យម្នាក់។ប៉ុន្ដែសោភា បានជ្រើសរើសការបន្ដអាជីពចម្រៀងហើយពេលនេះលោករ៉ាដា បានតាមនាងមករស់នៅស្រុកខ្មែរជាមួយនាងរយៈពេល១៤ឆ្នាំទៅហើយ។អាណិកជនខ្មែរមកកាណាដារូបនេះមិនមានបំណងចង់យកសោភា ទៅរស់នៅកាណាដាម្ដងទៀតនោះទេ ប៉ុន្ដែលោកសម្រេចចិត្តសម្របខ្លួនតាមសោភា តាមរយៈការបោះបង់អាជីពផ្ទាល់ខ្លួនហើយពេលខ្លះលោកបង្ហាញសកម្មភាពយូសម្លៀកបំពាក់ឲ្យសោភា នៅតាមឆាកតន្រ្ដីដែលបុរសខ្លះមិនអាចធ្វើបានដូចលោកនោះកាន់តែធ្វើឲ្យតារារាម មានភាពកកក់ក្ដៅ។ស្ទើតែជារៀងរាល់ឆ្នាំឲ្យតែនៅថ្ងៃខួបស្នេហ៍សោភា តែងតែងបញ្ចេញសារសរសើប្ដីនាងថាជាបុរសម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង។

នាងមិនដែលចង់បញ្ចប់អាជីពចម្រៀងហើយចេញទៅរស់នៅកាណាដាជាដូចអតីតតារាមួយចំនួននោះទេ បើទោះជាកាលពីឆ្នាំមុននាងធ្លាប់ចេញទៅច្រៀងសម្ដែងនៅទីនោះដោយបាត់មុខក្នុងស្រុកដល់ទៅជាង១ឆ្នាំក្ដី តែនាងនៅតែវិលមករកអាជីពចាស់វិញ។ដោយឡែកនៅរដូវកូវីដនេះសុខសោភា មិនទាន់នាំប្ដីទៅកម្សាន្ដនៅកាណានិងប៉ែកអ៊ឺរ៉ុបសារជាថ្មីទេព្រោះតាំងពីចូលរាម ជាង៥ខែមកនេះអតីតតារាថោន ហាក់មមាញឹកទៅលើការកស៊ីលក់ផលិតផលច្រើនជាងការផ្ដោតលើការវាយលុកទីផ្សារចម្រៀង។

អ្វីដែលប្រែប្រួលសម្រាប់សោភា នៅពេលកូវីដមិនទាន់ស្ងាត់នេះនាងបានក្លាយទៅជាតារាដែលចេះរកស៊ីលក់ផលិតផលតាមOnlineក្រោមការបណ្ដុះបណ្ដាលពីថៅកែរាម រយៈពេលខ្លី។តែការរក្សារតំណែងជាតារាស្រីឈានមុខតទៅទៀតបានឬអត់នោះស្ថិតក្នុងតំណាក់កាលស្រពិចស្រពិលនៅឡើយព្រោះថាពេលនេះសោភា មិនទាន់មានបទថ្មីផ្ទុះតែនាងបានបន្ដចេញច្រៀងតាមឆាកតន្រ្ដីជាធម្មតាឡើងវិញ។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា រយៈពេល១៤ឆ្នាំ(២០០៧-២០២១)ហើយទោះជានាងមិនទាន់បានរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវក្ដី តែអ្នកទាំងពីរបានការតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដាកាលពីឆ្នាំ២០០៨ ហើយស្នេហាឆ្លងទ្វីបនេះសោភា រក្សារបានភាពរឹងមាំនិងគង់វង្សជាងគូស្នេហ៍តារាខ្លះដែលបានរៀបការផង។សុខសោភា ធ្លាប់ប្រាប់ថានាងចង់ធ្វើអ្វីមួយឲ្យទស្សនិកជនភ្ញាក់ផ្អើលនៅឆ្នាំ២០២១នេះដែលគេជឿរថានោះអាចជារឿងរៀបការ តែពេលនេះដោយសារតែកូវីដមិនទាន់ស្ងាត់ទើបដំណឹងនៃការចង់ធ្វើកូនក្រមុំរបស់សោភា បានស្ងប់ស្ងាត់ទៅវិញ។

ក្រៅពីមាស សុខសោភា តារាដែលជ្រើសគូស្នេហ៍ជាអាណិកជននៅកាណាដាមានដូចជាអ្នកនាងសៀម ស្រីណុច,រស់ ម៉ូនីកា ,ម៉ុក អានីត និងឡាយ លក្ខិណា ជាដើម។សម្រាប់សោភា មុននេះនាងហាក់មានអារម្មណ៍តុកស៊ិចព្រោះមិនអាចចេញទៅដើរលេងនៅកាណាដានិងប៉ែកអ៊ឺរ៉ុបបានដូចឆ្នាំមុនៗទៀតដោយសារតែកូវីដ តែពេលនេះនាងមិនពឹងលើប្រាក់ចំណូលពីអាជីពសិល្បៈទាំងស្រុងឡើយព្រោះមានហាងកាហ្វេ នៅក្រុងកំពង់សោម និងហាងលក់ផលិតផលនៅភ្នំពេញដែលចំណាយទុនអស់លុយរាប់ម៉ឺនដុល្លារ។ចំណែកការជ្រើសយករាម ចោលហង្សមាសនិងGalaxyនោះសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់ទៅច្រៀងផងរកស៊ីផង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES