ខេត្តសៀមរាប ៖ នារីវ័យក្មេង២នាក់បងប្អូនកំពុងដេកចាំចម្ការឈូក ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមកឈប់មុខខ្ទមចម្ការ រួចទាញពូថៅចូលមកគំរាមកាប់ប្លន់យកខ្សែកពីនារីរងគ្រោះ បន្ទាប់មកក៏ឡើងជិះម៉ូតូបម្រុងរត់គេចខ្លួន តែត្រូវនារីរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចប្រដេញតាមចាប់ក្របួចជាប់។
ករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខវត្តចក ក្រុងសៀមរាប។

ជនសង្ស័យឈ្មោះរ៉េត សារួម ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ជនរងគ្រោះមានឈ្មោះស៊ឹង ឡាំងគឿ ភេទស្រី អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (យកពូថៅគំរាមយកខ្សែក)។

លោកអធិការ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅរោងចាំចម្ការដាំឈូក ក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពេលជនរងគ្រោះឈ្មោះស៊ឹង ឡាំងគឿ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះវ័រ រដ្ឋា អាយុ១៩ឆ្នាំ ត្រូវជនសង្ស័យឈ្មោះខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកសង់ស៊េរីចាស់ មកឈប់ពីមុខរោង ហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី រួចជនសង្ស័យបានឃើញពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្តើរ ក៏ទាញយកមកកាន់នឹងដៃ រួចគំរាមជនរងគ្រោះឱ្យដោះខ្សែកផ្លាទីនតម្លៃ១៥០ដុល្លារ ពីករបស់ជនរងគ្រោះ តែដោយជនរងគ្រោះដោះឱ្យយឺតពេក ទើបជនសង្ស័យក៏ស្ទុះទៅកន្ត្រាក់បណ្តាលឱ្យដាច់ រួចត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ។

ភ្លាមនោះជនសង្ស័យបានស្ទុះរត់ឡើងជិះម៉ូតូវិញ តែត្រូវអ្នកជិតខាងឮ ជិះម៉ូតូប្រដេញតាមទៅទិសខាងជើងបានប្រហែល៣គីឡូម៉ែត្រ ជនសង្ស័យភ័យក៏គប់ខ្សែករលួចបាននោះចោលតាមផ្លូវបណ្តាលឱ្យបាត់ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់បានប្រគល់ឱ្យសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់៕