Tuesday, November 25, 2025
Homeព័ត៌មានជាតិចោរឆក់ខ្សែកទៅបាត់ ប៉ុន្តែបន្តោងចែកាច់ យកទៅមិនបាន

ចោរឆក់ខ្សែកទៅបាត់ ប៉ុន្តែបន្តោងចែកាច់ យកទៅមិនបាន

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ខ្សែកប្លាទីនទម្ងន់១តម្លឹង ពីបុរសម្នាក់កំពុងដើរមកពីផ្សារជាមួយប្រពន្ធត្រឡប់ទៅផ្ទះ បានសម្រេចហើយ ជនសង្ស័យបានគេចខ្លួនបាតមិនរំខានដល់ប៉ូលិសមូលដ្ឋានឡើយ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ១០៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះឆន ឈឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរសន្តិសុខឯកជន ប្រពន្ធឈ្មោះកាន់ ស្រីម៉ៅ អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានដើរជូនប្រពន្ធមកផ្សារសាំហាន់ ដើម្បីទិញបន្លែសាច់ធ្វើម្ហូប។ លុះពេលពួកគាត់ដើរត្រឡប់មកពីផ្សារវិញ ដោយធ្វើដំណើរតាមផ្លូវបេតុង១០៥ ខណៈមកដល់ផ្លូវអក្សរ T ជិតដល់ផ្ទះជួលទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿងពណ៌ក្រហម មិនចាំស៊េរី និងស្លាកលេខ មកក្បែររូបគាត់ឆក់យកខ្សែក ដែលពាក់នៅនឹងកដាច់បាត់ រួចជិះគេចខ្លួនដោយសុវត្ថិភាព។

លុះពេលត្រឡប់មកពីដាក់ពាក្យបណ្តឹងរួច រូបគាត់បានដើរទៅកន្លែងកើតហេតុ រើសបានបន្តោងចែកាច់ស្រោបប្លាទីននៅនឹងកន្លែង។

ក្រោយកើតហេតុ ប៉ូលិសមូលដ្ឋានបានចុះទៅសួរនាំ និងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីកំណត់ភិនភាគជនសង្ស័យ និងស្រាវជ្រាវតាមឃាត់ខ្លួនយកមកផ្តន្ទាទោស។

ភ្លាមៗនោះដែរ មានប្រភពឱ្យដឹងថា ដោយសារមានការភ្ញាក់ផ្អើល ហើយខ្លាចថ្នាក់លើស្តីបន្ទោសរឿងមូលដ្ឋានកើតចោរ ក៏មានអធិការរងម្នាក់រាយការណ៍តាមវិទ្យុទាក់ទងថា មិនមានករណីចោរឆក់ទេ គឺមានតែគេលូកដៃយកច្រឡំ៕

RELATED ARTICLES