Monday, November 24, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! រោងចក្រអត់ការងារធ្វើ ឲ្យកម្មករឈប់សម្រាក ១ខែ បើកលុយ១០ដុល្លារ

ពុទ្ធោ!!! រោងចក្រអត់ការងារធ្វើ ឲ្យកម្មករឈប់សម្រាក ១ខែ បើកលុយ១០ដុល្លារ

ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីរោងចក្រប្រមាណ៦០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រ New Best Global Textile Co.,Ltd ដើម្បីធ្វើការតវ៉ាទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ស្របតាមច្បាប់ស្តីពីការងារ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

តាមប្រភពពីកម្មករដែលចូលរួមធ្វើការតវ៉ា បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ រោងចក្រ New Best Global Textile Co.,Ltd ដែលមានទីតាំងនៅឃុំកាហែង ស្រុកសំរោងទង បានប្រកាសថា “រោងចក្រត្រូវព្យួរការងាររយៈពេល១ខែ ដោយសាររោងចក្រមិនមានការងារធ្វើ”។

ប្រភពដដែលបន្តថា អស់រយៈពេល១ខែនេះ កម្មករនិយោជិតបានទទួលប្រាក់តែ១០ដុល្លារប៉ុណ្ណោះពីរោងចក្រ។ ប៉ុន្តែថៅកែរោងចក្របានឆ្លៀតយករយៈពេលនៃការព្យួរការងារនេះ ដើម្បីរត់ចោលពីរោងចក្រ ហើយអ្នកគ្រប់គ្រងរោងចក្រថា “គេមិនអាចរកថៅកែថ្មីបានទេ ហើយរោងចក្រត្រូវបិទទ្វារ”។

ប្រភពដដែលបន្តថា យោងតាមប្រសាសន៍សម្តេចហ៊ុន សែន នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានថ្លែងប្រាប់ឱ្យរោងចក្រទាំងឡាយណាដែលត្រូវបិទទ្វារមួយរយៈ ដោយសារអស់វត្ថុធាតុដើមពីចិន ត្រូវបង់ប្រាក់៤០ភាគរយនៃប្រាក់ខែគោល១៩០ដុល្លារ ជូនកម្មករ។

ជាមួយគ្នានេះ រដ្ឋាភិបាល នឹងជួយចេញបន្ថែម២០ភាគរយទៀតជូនកម្មករ ដូច្នេះពួកគេនឹងទទួលបានប្រាក់៦០ភាគរយ។ លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដែរថា រដ្ឋាភិបាល នឹងជួយរកការងារជូនកម្មករដែលបាត់បង់ការងារក្នុងកាលៈទេសៈនេះ ។

មួយវិញទៀត កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់ សម្តេចហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ ហាមដាច់ខាតមិនឱ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករនិយោជិតក្នុងពេលព្យួរការងារនេះឡើយ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារព្រមទាំងម្ចាស់បុរី ឬម្ចាស់ផ្ទះ ក៏សូមមានការយោគយល់ចំពោះកម្មករផងដែរ៕

RELATED ARTICLES