ខេត្តបាត់ដំបង ៖ ទីតាំងធ្វើចរាចរណ៍រូបិយវត្ថុនិងរូបិយប័ណ្ណក្លែងក្លាយ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន៥នាក់ និងធ្វើការរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញស៊ើបអង្កេត និងទទួលបានព័ត៌មានច្បាស់ការមួយពាក់ព័ន្ធនឹងករណីនេះដោយមានការសម្របសម្រួលទៅលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបាត់ដំបងផង លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបតែម្តង។
លោកបន្តថា ការបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះដែរ ដោយមានការឯកភាពពីលោកជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តផងនោះ បានអនុញ្ញាតឱ្យលោកដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីធ្វើចរាចរណ៍រូបិយវត្ថុនិងរូបិយប័ណ្ណក្លែងក្លាយ និងរក្សាទុកអាវុធខុសច្បាប់ (កាំបិត និងដំបង) និងបាននាំខ្លួនជនសង្ស័យចំនួន៥នាក់ផងដែរ។
ជនសង្ស័យពាក់ព័ន្ធទាំង៥នាក់ដែលត្រូវឃាត់ខ្លួន រួមមាន ៖
ទី១-ឈ្មោះសារ៉ម លី ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ទី២-ឈ្មោះយៀន រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ទី៣-ឈ្មោះសុប រ៉យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ទី៤-ឈ្មោះសាន់ សំខាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។
និងទី៥-ឈ្មោះវ៉ាន់ វីរៈ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូត រួមមាន ក្រដាសប្រាក់បាត១០០០បាត (ក្លែងក្លាយ) ចំនួន៣០សន្លឹក ក្រដាសប្រាក់បាត៥០០បាត (ក្លែងក្លាយ) ចំនួន២៥សន្លឹក ក្រដាសប្រាក់បាត១០០បាត (ក្លែងក្លាយ) ចំនួន១២សន្លឹក ក្រដាសប្រាក់បាត៥០បាត (ក្លែងក្លាយ) ចំនួន១៥៦សន្លឹក ក្រដាសប្រាក់ដុល្លារ១០០ដុល្លារ (ក្លែងក្លាយ) ចំនួន១៧សន្លឹក ក្រដាសប្រាក់ដុល្លារ៥០ដុល្លារ (ក្លែងក្លាយ) ចំនួន៨សន្លឹក ក្រដាសប្រាក់ដុល្លារ ២០ដុល្លារ (ក្លែងក្លាយ) ចំនួន២៣សន្លឹក និងក្រដាសប្រាក់ដុល្លារ១០ដុល្លារ (ក្លែងក្លាយ) ចំនួន៨៧សន្លឹក។

ក្រៅពីនេះក៏នៅមានវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ មានដូចជា ទូរស័ព្ទដៃចំនួន៧គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង ម្សៅក្រាមពណ៌សចំនួន៧ថង់ជាសារធាតុញៀនប្រភេទ (ម៉ាទឹកកក ice) កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ កាំបិតកែច្នៃធ្វើអំពីដែកចំនួន៣ដើម ផ្លែរណាងោងចំនួន១ ដំបងឈើមានដែកគោលរុំស្គុតពណ៌ខ្មៅចំនួន១ដើម ដំបងឈើចំនួន១ដើម ម៉ូតូចំនួន២គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1N-6557 និងមួយគ្រឿងទៀតម៉ាកហុងដាអ៊ែរប្លែត ពណ៌ខ្មៅលាយទឹកក្រូច ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខកណ្តាល 1D-2646។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី ហើយនឹងត្រៀមបញ្ជូនទៅតុលាការ ក្រោយពីកម្លាំងការិយាល័យជំនាញបន្តនីតិវិធីនិងរៀបចំសំណុំរឿងរួចរាល់ដើម្បីដាក់ជូនទៅតុលាការចាត់ការតាមនីតិវិធី៕