Monday, November 24, 2025
Homeព័ត៌មានជាតិក្រុមគ្រួសារបុរសកើតកូវីត-១៩ នៅសៀមរាប ត្រូវគេរើសអើង សូម្បីតែម្ហូបមិនលក់ឲ្យផង

ក្រុមគ្រួសារបុរសកើតកូវីត-១៩ នៅសៀមរាប ត្រូវគេរើសអើង សូម្បីតែម្ហូបមិនលក់ឲ្យផង

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ដែលឆ្លងជំងឺកូវីត-១៩ ពីជនជាតិជប៉ុននោះ មានស្ថានភាពសុខភាពល្អធម្មតានោះទេ គឺមិនមានអាការៈអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ក្រុមគ្រួសាររបស់លោក ទាំងខាងក្រុមគ្រួសារខាងប្រពន្ធ និងក្រុមគ្រួសារខាងលោក ត្រូវបានគេរើសអើង សូម្បីតែទៅផ្សារទិញម្ហូប ក៏មិនមានអ្នកណាលក់ឲ្យដែរ។

បុរសកើតកូវីត-១៩ រូបនេះ បានរៀបរាប់ថា សុខភាពរបស់ខ្ញុំមិនមានអ្វីដែលត្រូវកត់សម្គាល់ បានន័យថា វាមិនសូវជាធ្វើទុក្ខណាស់ណាទេ ខ្ញុំមានកម្លាំងពេញលេញធម្មតា ខ្ញុំនៅញាំបាន និយាយរួមទៅ គឺមានអ្នកលើកទឹកចិត្តច្រើន ក្រុមគ្រូពេទ្យដិតដល់ ខ្ញុំមានទឹកចិត្តពេញលេញដើម្បីព្យាបាលវា។

លោកបន្តថា ចំពោះជនជាតិជប៉ុន ដែលគាត់ជាដៃគូរកស៊ីរបស់ខ្ញុំ ដែលបានកើតនៅប្រទេសជប៉ុន គាត់ក៏បានប្រាប់ពីស្ថានភាពរបស់មេរោគដែលវាបានកើតឡើងពេលវាយប្រហារកោសិការបស់យើងក្នុងខ្លួន ក៏វាចេញតាមអ្វីដែលគាត់បាននិយាយ ដូចជា ធ្វើទុក្ខតិចតួច តឹងទ្រូង ដកដង្ហើមថប់ៗ វាមាននៅថ្ងៃម្សិលម្ង៉ៃ សម្រាប់ថ្ងៃម្សិលមិញនិងថ្ងៃនេះ គឺតាមដានទៅ ខ្ញុំបានគេងឆ្អែត ហើយសុខភាពខ្ញុំនៅធម្មតា គឺមិនមានអ្វីដែលកត់សម្គាល់។ ដោយឡែក ក្រុមគ្រូពេទ្យនៅដិតដល់ជាមួយខ្ញុំ ២៤ម៉ោង មិនថាយប់ឬថ្ងៃក៏ដោយ តែងលើកដៃរកគ្នា ពួកគាត់តែងយកចិត្តទុកដាក់ជាមួយខ្ញុំ វាស់ឈាម វាស់កម្តៅ…។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាថា ជំងឺកូវីត-១៩នេះ កើតឡើងដោយសារតែញើសឬទឹកមាត់ ហើយបើទឹកនោះប៉ះយើងត្រឹមរយៈពេល១០នាទី ហើយយើងយកដៃប៉ះមុខ មាត់ ច្រមុះ វានឹងឆ្លងមេរោគនោះហើយ។ ចំណែកនៅប្រទេសកម្ពុជា នៅខែមីនា និងមេសា មានសីតុណ្ហភាពក្តៅ៣៨-៣៨អង្សាសេបែបនេះ មេរោគនេះមិនងាប់បាត់ហើយ។

លោកបានលើកឡើងថា បងប្អូននៅប្រទេសកម្ពុជា អ្នកខ្លះខ្លាចជំងឺនេះផ្កាប់មុខ ជាពិសេសដូចលោកដែលបានកើតជំងឺនេះនៅខេត្តសៀមរាប បងប្អូននៅសៀមរាប រត់ចែកជើងគ្នាចង់ងាប់អស់ហើយ អត់មានយុទ្ធសាស្ត្រ វិធីសាស្ត្រណាដើម្បីការពារទាំងអស់គ្នា ដើម្បីដឹកនាំគ្នាទេ គឺគិតតែបង្អើលគ្នា ទី១។

ចំណែកទី២ ខ្ញុំគិតថា ពួកគាត់ (អ្នកនៅសៀមរាប) កំពុងតែបោកឆ្នាំងបាយខ្លួនឯងក្នុងការរស់នៅ ជំងឺនេះមិនមែនកើតតែយើងទេ គឺពេញពិភពលោក នេះគឺគ្រោះថ្នាក់ធម្មជាតិ យើងត្រូវនាំគ្នាទប់ស្កាត់វា វិធីសាស្ត្រអីខ្លះ យើងត្រូវស្តាប់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែមានបុគ្គលមួយចំនួនចាំតែបំប៉ោង បំផ្លើសបំភ័យគ្រប់បែបយ៉ាង ដែលធ្វើឲ្យគ្នា (អ្នកខ្លះ) មិនយល់ដឹង កាត់តែរត់ថែមទៀត។

លោកក៏បានសំណូមពរ និងសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ករណី១ថា សព្វថ្ងៃនៅក្នុងខេត្តដែលលោកកំពុងរស់នៅ (សៀមរាប) ភូមិកន្សែងលើ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប មេឃុំ-មេភូមិបានខលមកប្រាប់លោកថា កូនអើយ អ្នកភូមិយើងមានចំនួន១៥០គ្រួសារ សូម្បីតែទៅផ្សារដុំដែក ក៏គេអត់លក់អីវ៉ាន់ឲ្យដែរ គេរើសអើងយើង គាត់តេមកចឹង ទី១។

ចំណែកទី២ គ្រួសារជាម្តាយក្មេកខ្ញុំ (ម្តាយក្មេក និងបងថ្លៃ) រស់នៅភូមិរកា ស្រុកព្រៃកប្បាស ខេត្តតាកែវ ខាងត្បូងភ្នំជីសួរ មានផ្សារ១ ឈ្មោះផ្សារព្រៃល្វា គេដេញមិនឲ្យចូល ដូចជាជ្រុលពេក រើសអើងពេក។ បើខ្ញុំជា ខ្ញុំនឹងទៅតវ៉ាពួកគាត់៕

RELATED ARTICLES