ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា បានរកឃើញវិជ្ជមានកូវីដ-១៩ ១ករណីទៀត លើស្ត្រីទេសចរជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ នៅខេត្តកំពង់ចាម ដែលបានធ្វើដំណើរពីទីក្រុងហូជីមិញ ប្រទេសវៀតណាម តាមនាវាចូលមកខេត្តកពង់ចាម ។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ថា ស្ត្រីទេសចរជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានធ្វើដំណើរតាមនាវា Viking Cruise ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកខេត្ត កំពង់ចាម ត្រូវបានពិនិត្យឃើញមានផ្ទុកវីរុសកូវីដ-១៩ ហើយដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ចំណែកអ្នកនៅលើនាវាចំនួន៦៥នាក់ត្រូវបានដាក់ឱ្យនៅមួយកន្លែងលើនាវា ដោយមិនឱ្យចុះចេញពីនាវាឡើយ។

លោកម៉ម ប៊ុនហេង បន្តថា ស្ត្រីជនជាតិអង់គ្លេសនោះបានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយបានធ្វើដំណើរពីទីក្រុងហូជីមិញ មកកាន់ប្រទេសកម្ពុជា នៅ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីវៀតណាម រកឃើញថា ស្ត្រីវៀតណាមម្នាក់ដែលជិះយន្តហោះពីទីក្រុងឡុង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដោយអង្គុយក្បែរស្ត្រីអង់គ្លេស អាយុ៦៥ឆ្នាំនោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅយប់ថ្ងៃដដែលនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ក៏បានប្រកាសបញ្ជាក់ពីការរកឃើញករណីជំងឺកូវីដ-១៩ លើស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំនេះផងដែរ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ថា “បច្ចុប្បន្នភាព ម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១០ មីនា ២០២០ ៖
ប្រទេសយើងបានរកឃើញករណីជំងឺ Covid-19 សរុបចំនួន៣ករណី
– ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
– ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន Covid-19
– ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ទេ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគដាក់ឱ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ។ នេះជាករណីនាំចូលពីប្រទេសក្រៅ។

ប្រទេសកម្ពុជាយើង មិនទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ។
ទូទាំងប្រទេសយើងបានធ្វើតេស្តសរុប ទាំងអស់ចំនួន៤៨២ករណី។
ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១១៥”៕
ខៀវទុំ