Monday, November 24, 2025
Homeព័ត៌មានជាតិតារាស្រីទាំង៣ដួងនេះ ធ្លាក់ខ្លួនមេម៉ាយពិតមែន ប៉ុន្តែតស៊ូណាស់រហូតឡើងកូដនៅហង្សមាស

តារាស្រីទាំង៣ដួងនេះ ធ្លាក់ខ្លួនមេម៉ាយពិតមែន ប៉ុន្តែតស៊ូណាស់រហូតឡើងកូដនៅហង្សមាស

សម្រាប់តារាសម្ដែងវិញមានតារាជាច្រើនបានធ្លាក់ខ្លួនមេម៉ាយ ប៉ុន្តែក្នុងនោះ គេសង្កេតឃើញមានតែតារាមួយចំនួនតូចប៉ុណ្ណោះ ដែលលែងប្ដីហើយនៅរក្សាទីផ្សារសិល្បៈបាន។

ដោយឡែក សម្រាប់តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស វិញ គេឃើញមានអ្នកមេម៉ាយ៣ដួង ដែលកាន់តែមានទីផ្សារសិល្បៈ ហើយថែមទាំងឡើងកូដជាងមុនទៅទៀត ពេលដែលពួកគេលែងប្ដី។

១. ពេជ្រ សោភា ៖ ពេជ្រ សោភា បានរៀបការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកឡៅ ឆលី ប៉ុន្តែបានលែងលះគ្នាវិញកាលពីឆ្នាំ២០១៦។

ពេជ្រ សោភា

ពេជ្រ សោភា ដែលធ្លាក់កូដបាត់បង់ទីផ្សារម្ដងរួចទៅហើយនោះ បែរជាមានទីផ្សារចម្រៀងវិញ ក្រោយពេលលែងប្ដី និងងាកទៅចាប់ដៃគូឆ្លងឆ្លើយជាមួយងួន ចាន់ដេវីត។ ពេលនោះ ទោះជាសោភា និងដេវីត ចែកផ្លូវគ្នាមែន ប៉ុន្តែអ្នកមេម៉ាយ ពេជ្រ សោភា នៅតែរក្សាទីផ្សារចម្រៀងបានដដែល ហើយថែមទាំងត្រូវប៉ាន់ជាតារាដែលគេហៅថតស្ពតពាណិជ្ជកម្មទៀតផង។

យ៉ាងណាពេជ្រ សោភា នៅមិនទាន់រកបានម្ចាស់ចិត្តថ្មីពិតសម្រាប់ព្យាបាលបេះដូងទេ ខណៈដែលចំណងស្នេហារបស់នាងជាមួយប្រុសក្មេងឆឹម សក្កដា ត្រូវបានគេចាត់ទុកថា ជាស្នេហ៍ ”ក្លែងក្លាយ” ។

២. សុខ ស្រីនាង ៖ អតីតតាតរាចម្រៀងផលិតកម្ម KH និងសាន់ដេ រូបនេះ ក៏ត្រូវបានគេមើលឃើញថា នាងមានទីផ្សារចម្រៀងហក់លោតឡើងជាងមុនដែរ នៅពេលដែលនាងលែងប្ដី លោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០។

សុខ ស្រីនាង

ស្រីនាង ដែលបានសម្រេចចិត្តរើបង្វេចពីសាន់ដេ ចូលហង្សមាស នោះ ពេលនេះនាងមានទីផ្សារចម្រៀងលោតជាងមុន ហើយថែមទាំងត្រូវបានលោកថៅកែផលិតកម្មពេញចិត្តផ្ដល់តំណែងធំឲ្យនាង កាន់ជាគណៈកម្មការ Cambodian Idol Junior រដូវកាលទី១នេះ ដែលធ្វើឲ្យនាងបានអង្គុយកៅអីស្មើទៅនឹងតារាចម្រៀងព្រាប  សុវត្ថិ និងឆន សុវណ្ណរាជ ដែរ បើទោះជាស្រីនាង មិនទាន់ឈានដល់ចំណុចជាកំពូលតារាចម្រៀងក៍ដោយ។

មិនត្រឹមតែក្ដាប់ជាប់តំណែងធំនេះទេ ប៉ុន្តែស្រីនាង ក៏ឆក់បានតំណែងតួឯកដល់ទៅ២រឿងព្រមគ្នា គឺ ”រាជិនីភូមិគ្រឹះ” និងរឿង ”ខ្ញុំមានញាណលើស” ដែលធ្វើឲ្យអ្នកមេម៉ាយសាច់សខ្ចីរូបនេះ មានតែមានហាងឆេងថែមទៀត។

ទោះជាយ៉ាងណា ក្រោយលែងប្ដីជិត១០ឆ្នាំនេះ ស្រីនាង មិនទាន់ហ៊ានបង្ហាញគូស្នេហ៍ថ្មីជាចំហទេ គឺព្យាយាមលាក់បាំងជានិច្ច ប៉ុន្តែគេជឿថា នាងមិនទុកបេះដូងឲ្យនៅទំនេរឡើយ។

៣. ប៉ាច គីមមួយ ៖ អ្នកសាច់សខ្ចីរូបនេះក៏បានចែកផ្លូវគ្នាជាមួយអតីតប្ដី ដែលជាតារាចម្រៀងម្នាក់ដែរ។ គីមមួយ ដែលប្រឹងថែសម្រស់ឲ្យកាន់តែប្លែកទៅៗនោះ ក៏មានទីផ្សារចម្រៀងស្ទុះឡើងផងដែរ នៅហង្សមាស ព្រោះនាងចេញច្រៀងតាមកម្មវិធីប្រគំតន្រ្ដីធំៗជាច្រើន។

ប៉ាច គីមមួយ

ប៉ុន្ដែគីមមួយ ដែលចង់ជិះរថយន្ដ Lexus LX 570 ប៉ុន្តែថ្ងូរអត់លុយទិញនោះ មិនមានផ្ទះវីឡាហ៊ឺហាដូចគេទេ គឺទិញផ្ទះតម្លៃជិត១០ម៉ឺនដុល្លារ បង់រំលស់ដោយខ្លួនឯង ដោយអះអាងថា គ្មានប្រុសណាជួយឧបត្ថម្ភឡើយ។

ថ្វីត្បិតតែប៉ាច គីមមួយ មិនទាន់មានកៅអីគណៈកម្មការអង្គុយដូចសុខ ស្រីនាង មែន ប៉ុន្តែអ្នកមេម៉ាយសម្រស់ក្រមុំសុំចាញ់រូបនេះ ត្រូវបានថៅកែហង្សមាស រុញឲ្យថតសម្ដែងរឿង ”បិសាចគួរឲ្យស្រលាញ់” និង ”ខ្ញុំមានញាណលើស” ផងដែរ ដើម្បីឲ្យនាងឆាប់ល្បីថែមទៀត។

ប៉ាច គីមមួយ ធ្លាប់និយាយថា ពេលនេះនាងមិនទាន់មានសង្សារថ្មីទេ ប៉ុន្តែមានប្រុសមួយចំនួនតាមសុំស្រលាញ់ដែរ ហើយនាងថា រឿងគេសុំស្រលាញ់ ឬសុំចិញ្ចឹមនោះសំខាន់នៅលើខ្លួនឯង គ្មានអ្នកណាបង្ខំទេ ប៉ុន្ដែរូបនាងមិនត្រូវការប្រុសណាចិញ្ចឹមឡើយ៕

RELATED ARTICLES