ខេត្តព្រៃវែង ៖ កុដិព្រះសង្ឃមួយខ្នងត្រូវបានភ្លើងឆាបឆេះទាំងយប់ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុងនិងធ្វើឱ្យបច្ច័យទាំងប្រាក់រៀល និងប្រាក់ដុល្លារ សរុបប្រហែល៣ម៉ឺនដុល្លារ ត្រូវបានភ្លើងឆេះស្ទើរអស់គ្មានសល់។

ហេតុការណ៍អគ្គិភ័យឆេះកុដិព្រះសង្ឃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកុដិក្នុងបរិវេណវត្តកណ្តាល ស្ថិតក្នុងភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច។

សមត្ថកិច្ចបានឱ្យដឹងថា មានករណីភ្លើងឆេះកុដិទំហំ៨ម៉ែត្រគុណនឹង១១ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តាររនាបក្តារខាងក្រោមថ្ម ឆេះខូចខាតផ្នែកខាងលើទាំងស្រុង និងសម្ភារ មួយចំនួន ដោយសារមូលហេតុទុស្សេខ្សែភ្លើង។

កម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្តេច បានអន្តរាគមន៍សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បាញ់ទឹកអស់ចំនួន៦រថយន្ត ទើបរលត់ទៅវិញទាំងស្រុង។ ចំណែកបច្ច័យជិត៣ម៉ឺនដុល្លារ ត្រូវអគ្គិភ័យឆាបឆេះស្ទើរអស់គ្មានសល់។

នៅពេលឃើញហេតុការណ៍បែបនេះ និងបច្ច័យដ៏ច្រើនសន្ធឹកសន្ធាប់រងការឆាបឆេះទៀតនោះ ព្រះអង្គមានប្រទ័យតក់ស្លុតស្តាយស្រណោះចំពោះការបាត់បង់បែបនេះ។

ប៉ុន្តែប្រាក់ដែលត្រូវភ្លើងឆេះខ្លាចទំនងអាចប្តូរបានមកវិញខ្លះ ដោយគ្រាន់តែកាត់ខាត ហេតុនេះ ប្រសិនបើ បងប្អូនរូបណាដែលដឹងច្បាស់ពីបញ្ហាលុយបែបនេះ សូមជួយទូលព្រះអង្គផង ដោយសារបច្ច័យទាំងនោះ គឺសុទ្ធតែជាបច្ច័យរបស់ពុទ្ធបរិស័ទប្រគេនទុកសម្រាប់កសាងវត្តអារាម៕