Monday, November 24, 2025
Homeព័ត៌មានជាតិប្រើជំនាញផ្ទាល់ខ្លួនលើកនេះ ខុសបច្ចេកទេស ជនរងគ្រោះស្រែកផ្អើលផ្សារ

ប្រើជំនាញផ្ទាល់ខ្លួនលើកនេះ ខុសបច្ចេកទេស ជនរងគ្រោះស្រែកផ្អើលផ្សារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ស្ត្រីសង្ស័យម្នាក់ដែលមានផ្ទុកសារធាតុញៀន ករណីលួចទូរស័ព្ទដៃ  កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៤និង៤០នាទីរសៀល នៅចំណុចក្នុង ផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះម៉ា ឡេង  ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលតាមផ្លូវបេតុង សង្កាត់អូរប្ញស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះសិត រក្សាវទី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅផ្ទះលេខ៣៩អឺ០ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរសិស្ស។

វត្ថុតាងដកហូតបានទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ាកអាយហ្វូនអ៊ិច  ពណ៌ទឹកមាស (ជារបស់ជនរងគ្រោះ)។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងថា  នៅថ្ងៃកើតហេតុជនរងគ្រោះបានមកទិញសម្ភារៈប្រើប្រាស់នៅចំណុចផ្សារកើតហេតុខាងលើ  ដោយមានស្ពាយកាបូបចំនួនមួយខាងក្នុងមានដាក់ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនអ៊ិច ពណ៌ទឹកមាស និងសម្ភារៈមួយចំនួនទៀត។

ប្រភពបានបន្តថា ភ្លាមនោះ ស្រាប់តែជនសង្ស័យខាងលើបានមកធ្វើសកម្មភាពលូកកាបូបស្ពាយលួចយកទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះហើយរត់គេចខ្លួន។ ពេលនោះជនរងគ្រោះបានដឹងទាន់ក៏បានស្រែកឆោឡោដេញតាមចាប់ជនសង្ស័យឆែករកឃើញទូរស័ព្ទម៉ាកអាយហ្វូនអ៊ិចរបស់ខ្លួននៅក្នុងហោប៉ៅខោជនសង្ស័យក៏បាននាំខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងឱ្យចាត់ការតាមច្បាប់តែម្តង។

ក្រោយឃាត់ជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES