ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ២នាក់ជាប់រវល់ចេញទៅក្រៅ ក៏បានចាក់សោផ្ទះចោល ស្រាប់តែពាក់កណ្តាលយប់ ក៏កើតមានហេតុការណ៍ទុស្សេចរន្តអគ្គិសនីបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធោ ធ្វើឱ្យផ្ទះទាំងមូល រួមនឹងសម្ភារនៅខាងក្នុងផ្ទះត្រូវភ្លើងឆេះខ្ទេចអស់ទាំងស្រុង។
ករណីអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះលេខ៣៦ ក្រុមទី០៦ ភូមិចម្ការស្វាយ ឃុំឈើទាល ស្រុកបាណន់។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សសរដែកដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះខុម សុខ ភេទប្រុស អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះអោ ចាន់ថា អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទះខាងលើមិនមានមនុស្សនៅទេ ដោយសារម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ រវល់មានការចេញទៅក្រៅក៏ចាក់សោផ្ទះចោល។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើក៏ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់និងអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះខាងលើ ធ្វើឱ្យប្រជាពលរដ្ឋក្បែរខាងមានការផ្អើលឆោឡោជួយពន្លត់ដែរ ប៉ុន្តែពន្លត់មិនឈ្នះ បណ្តាលឱ្យផ្ទះខាងលើត្រូវក្លាយជាចំណីភ្លើងគ្មានសល់ សូម្បីតែទ្រព្យសម្បត្តិនិងសម្ភារនៅក្នុងផ្ទះ ក៏មិនអាចជញ្ជូនចេញបានដែរ។

តាមការអះអាងរបស់ម្ចាស់ផ្ទះខាងលើ អគ្គិភ័យនេះបានបង្កឱ្យមានការខូចខាត ៖
ផ្ទះ១ខ្នងទាំងស្រុង ឆេះម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ធុងបាញ់ថ្នាំ១គ្រឿង ម៉ាស៊ីនបោកគក់១គ្រឿង
ម៉ូទ័រកាត់ដែកខ្នាតតូច២គ្រឿង ម៉ូទ័រជ្រៀកឈើ១គ្រឿង ម៉ូទ័របុកស៊ីម៉ង់១គ្រឿង ម៉ូទ័របាញ់កិបខ្យល់២គ្រឿង ម៉ូទ័របាញ់វីស១គ្រឿង ទូដាក់ខោអាវ រួមនឹងសម្ភារក្នុងផ្ទះជាច្រើនទៀត ដែលសរុបជាទឹកប្រាក់អស់ប្រមាណ៥ពាន់ដុល្លារ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះខាងរថយន្តពន្លត់អគ្គិភ័យមិនបានចេញមមកជួយអន្តរាគមន៍នោះទេ ដោយសារទទួលបានព័ត៌មានយឺតពេល។
យ៉ាងណា អគ្គិភ័យនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ហើយក៏មិនមានការរាល ដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្បែរខាងដែរ។
ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈដែលម្ចាស់ផ្ទះមិននៅ៕