Monday, November 24, 2025
Homeព័ត៌មានជាតិធ្វើទង្វើខុសទំនងពេកហើយ ដល់តែគេទ្រាំំមិនបាន

ធ្វើទង្វើខុសទំនងពេកហើយ ដល់តែគេទ្រាំំមិនបាន

ខេត្តកណ្តាល ៖ បុរសម្នាក់មានចរិតកោងកាចខ្លាំងណាស់ ឱ្យតែផឹកស្រវឹងតែងបង្ករឿងជាមួយអ្នកផ្ទះមិនឈប់ និងចេះតែដើររករឿងអុកឡុកពេញភូមិដេញវ៉ៃគេឯង និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដៃឱ្យរងការខូចខាតរាប់មិនអស់ លុះអ្នកភូមិទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចចាប់ វាយខ្នោះយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជើងខ្លាំងអុកឡុកក្នុងភូមិខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំ ភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

ជនរងគ្រោះ មានឈ្មោះយឿង បូណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង។

ចំណែកជនសង្ស័យ មានឈ្មោះរ៉ុម ជៀកលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

សម្ភារខូចខាតម៉ូតូចំនួន១គ្រឿង ម៉ាកហុដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1U-9875 ខូចខាតបាក់ក្បាំងខាងឆ្វេង បែកស្តុបខាងក្រោយ បែកកុងទ័រទាំងស្រុង។

វត្ថុតាងចាប់យក ដំបងឬស្សីងាប់មានទំហំប៉ុនកជើង មានប្រវែង ២,៧០ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះយឿង បូណា បានមកភ្ជួរដីឱ្យគេ (ដីដាំបន្លែ) នៅចំណុចភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ដោយបានទុកម៉ូតូនៅចិញ្ចើមផ្លូវ លើផ្លូវលំក្បែរចម្ការបន្លែនោះ។

ប្រភពបានបន្តថា មួយសន្ទុះក្រោយមក ក៏លេចមុខជនសង្ស័យឈ្មោះរ៉ុម ជៀកលី បានដើរចេញពីផ្ទះក្នុងដៃកាន់ដំបងឬស្សីមកវ៉ៃម៉ូតូរបស់ជនរងគ្រោះ​ឈ្មោះយឿង បូណា បណ្តាលឱ្យម៉ូតូបាក់ក្បាំងខាងឆ្វេង បែកស្តុបក្រោយ បែកកុងទ័រ រួចជនសង្ស័យបានចាប់លើកទាញម៉ូតូដែលខ្លួនវ៉ៃចូលក្នុងប្រឡាយទឹកនៅក្បែនោះ។

ប្រភពដដែលបន្តទៀតថា នៅពេលបានឃើញឈ្មោះរ៉ុម ជឿកលី វាយបំផ្លាញម៉ូតូខ្លួនដូចនោះ ឈ្មោះយឿង បូណា ជាជនរងគ្រោះក៏បានមករាយការណ៍ជូនលោកមេភូមិទួលក្រូច និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវតែម្តង។

ក្រោយពីទទួលបាលព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានចុះដល់កន្លែងកើតហេតុ នឹងបាននាំខ្លួនឈ្មោះរ៉ុម ជៀកលី មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ រួចបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះរ៉ុម ជៀកលី តែងតែវ៉ៃបំផ្លិចបំផ្លាញរបស់របរទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់ និងថែមទាំងធ្លាប់វាយបំផ្លាញរបស់របរទ្រព្យសម្បត្តិរបស់អ្នករស់នៅក្នុងភូមិ នៅពេលដែលខ្លួនបានប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹងម្តងៗ៕

RELATED ARTICLES