ខេត្តកំពង់ធំ ៖ សង្ឃចំណាស់ខ្វះខន្តីមួយអង្គចូលចិត្តនិយាយស្តីឮៗ ស្រែកគំហកដាក់យាយៗក្នុងវត្តមិនឈប់ ជាហេតុធ្វើឱ្យបុរសម្នាក់ទ្រាំមិនបានក៏និយាយប្រាប់សង្ឃអង្គនោះថា “លោកបងកុំមាត់ឮៗពេក យាយៗខ្លាច” ស្រាប់តែសង្ឃអង្គនោះខឹងក្រោធស្ទុះទៅទាញដំបងឈើគ្រញូង១ដើម ចេញក្បាច់គុនដំបងវាយសំពងទៅលើបុរសម្នាក់ចំកណ្តាលខ្នង បណ្តាលឱ្យបាក់ឆ្អឹងខ្នងរងរបួសធ្ងន់ និងត្រូវបានមន្ត្រីធម្មការចាប់ផ្សឹកប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍សង្ឃចេញក្បាច់គុនដំបងវាយបុរសម្នាក់បណ្តាលឱ្យបាក់ឆ្អឹងខ្នងនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចវត្តសេរីឧត្តម ស្ថិតក្នុងភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់។
សង្ឃចំណាស់ដែលចេញក្បាច់គុនដំបងខាងលើ មានឈ្មោះគឹម វង្សវិជ្ជា ហៅចាន់ ករុណា អាយុ៥៩ឆ្នាំ គង់នៅវត្តសេរីឧត្តម ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះ មានឈ្មោះអាំង កុកហ៊ីម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (រងរបួសឆ្អឹងខ្នងយ៉ាងដំណំ)។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា សង្ឃព្រះនាមគឹម វង្សវិជ្ជា ហៅចាន់ ករុណា ខាងលើនេះ ឧស្សាហ៍ប្រើពាក្យសម្តីមិនសមរម្យ និយាយស្តីឮៗ តែងស្រែកគំហកដាក់តាយាយនៅក្នុងវត្តមិនឈប់ ជាហេតុធ្វើឱ្យអ្នកនៅក្នុងវត្តមានការខ្លាចរអាគ្រប់គ្នា។

ប្រភពបានបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ សង្ឃខាងលើបានស្រែកគំហកដាក់យាយៗក្នុងវត្តដូចសព្វដង គាប់ជួនជនរងគ្រោះមកដល់ស្តាប់ឮ ក៏បានចូលទៅប្រាប់សង្ឃខាងលើថា “លោកបងកុំនិយាយ ឮៗខ្លាំងៗពេក ព្រោះយាយៗគាត់ខ្លាច“ ស្រាប់តែរំពេចនោះ សង្ឃខាងលើ បានស្ទុះទៅទាញដំបងឈើគ្រញូង១ដើម មកវាយសំពងជនរងគ្រោះចំកណ្តាលខ្នងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញវត្ត និងប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ផងដែរ។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះទៅពិនិត្យ និងអន្តរាគមន៍បានទាន់ពេលវេលា ហើយបានពិនិត្យជនរងគ្រោះមានស្លាកស្នាម របួសកន្ទួល និងជាំក្រហមនៅលើផ្នែកខាងខ្នង ប្រមាណ៣០សង់ទីម៉ែត្រ។
តាមការសន្និដ្ឋាន ជនរងគ្រោះរងការប៉ះទង្គិចនឹងវត្ថុរឹងប្រភេទមូលទ្រវែង។

បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនសង្ឃខាងលើ ប្រគល់ទៅឱ្យមន្ត្រីធម្មការចាប់ផ្សឹក រួចនាំទៅកាន់អធិការដ្នាននគរបាលស្រុកសណ្តាន់ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕