ចៅអធិការវត្តគ្មានសល់ ខណៈដែលលោកបាននិមន្តទៅភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង បានទទួលព័ត៌មានពីគណៈកម្មការវត្តពោធិមង្គល ហៅវត្តទួលឃ្លាំង បានប្តឹងថា មានចោរចូលលួចប្រាក់ក្នុងកុដិលោកគ្រូចៅអធិការវត្ត ព្រះនាម ឌី ទី អស់ចំនួន៤លានរៀល។

មន្ត្រីប៉ូលិសបានបន្តថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោកគ្រូចៅអធិការវត្តព្រះនាមឌី ទី បានចាក់សោទ្វារកុដិ ហើយនិមន្តចេញទៅទីក្រុងភ្នំពេញបាត់ ដោយបានទុកប្រាក់ចំនួន៤លានរៀល នៅលើគ្រែក្នុងបន្ទប់ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ទើបដឹងថាបាត់ប្រាក់។

ប៉ូលិសបានបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលព្រះឃ្លាំង បានបើកកិច្ចប្រតិបត្តិការចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា ទ្វារខាងក្រៅពុំមានស្នាមបាក់បែកអ្វីឡើយ រីឯទ្វារបន្ទប់លោកគ្រូចៅអធិការផ្ទាល់ឃើញមានស្នាមកាត់ស្រយ៉ូវសោតែមិនដាច់ នឹងឃើញមានស្នាមមួលរបូតស្រយ៉ូវសោចេញពីស៊ុមទ្វារ។

គណៈកម្មការវត្តបានបញ្ជាក់ថា បច្ចុប្បន្ន លោកគ្រូចៅអធិការវត្តដែលជាម្ចាស់ប្រាក់បានគង់នៅទីក្រុងភ្នំពេញ មិនទាន់បានត្រឡប់មកវិញឡើយ។

ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត និងចងក្រងសំណុំរឿងអនុវត្តតាមនីតិវិធី៕