ភ្នំពេញ ៖ បុរសជាជនជាតិរុស្ស៊ី២នាក់ បាននាំគ្នាទៅកាន់ការិយាល័យនគរបាលស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដើម្បីឱ្យមន្ត្រីមានសមត្ថកិច្ចជួយបញ្ជូនពួកគេត្រឡប់ទៅប្រទេសដើមវិញ ដោយសារតែពួកគេស្នាក់នៅហួសទិដ្ឋាការនិងអស់លុយគ្មានលទ្ធភាពបន្តទិដ្ឋាការដើម្បីស្នាក់នៅបន្តទៀត។
ហេតុការណ៍ដែលជនជាតិរុស្ស៊ី២នាក់ រត់ទៅពឹងពាក់មន្ត្រីឱ្យជួយបញ្ជូនពួកគេទៅប្រទេសកំណើតនេះ កើតឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រាប់ឱ្យដឹងថា ជនជាតិរុស្ស៊ីទាំង២នាក់នោះ ៖
ទី១-ឈ្មោះ KUPRIENKO ALBERT ភេទប្រុស អាយុ២៤ឆ្នាំ ចូលមកកម្ពុជាកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
និងទី២-ឈ្មោះ MOSHKIN MAKSIM ភេទប្រុស អាយុ៣១ឆ្នាំ ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៧ តាមច្រកអន្តរជាតិព្រែកចាក។
ជនបរទេសខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕