ខេត្តព្រះសីហនុ៖ ក្រោយពីទទួលបានដំណឹងនៃការស្លាប់២នាក់ប្តីប្រពន្ធ ដោយសារតែត្រូវរបងថ្មបាក់រលំស្លាប់នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន២០លាន់ដល់ក្រុមគ្រួសារសព។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បុរសជាប្តីមានឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងស្ត្រីជាប្រពន្ធមានឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ។ អ្នកទាំង២មានស្រុកកំណើតនៅខេត្តកំពង់ចាម បានធ្វើចំណាកស្រុកមកធ្វើការសំណង់នៅខេត្តព្រះសីហនុ។

ឯកឧត្ដមជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២០លានរៀលជូនគ្រួសារសព តាមរយៈប្រធានមន្ទីរពេទ្យដែលសពជនរងគ្រោះទាំង២ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានចេញសោហ៊ុយទាំងអស់ក្នុងការដឹកសាកសពយកទៅផ្ទះនៅខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
