ភ្នំពេញ៖ បុរសជាបុគ្គលិកក្រុមហ៊ុនចែកចាយសម្ភារបន្ទប់ទឹកម្នាក់ បានកិបកេងលុយក្រុមហ៊ុនអស់ជាច្រើន ត្រូវបានម្ចាស់ក្រុមហ៊ុនដាក់ពាក្យប្តឹងទៅកាន់តុលាការ ហើយត្រូវលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ចេញដីកាឃាត់ខ្លួន កាលពីថ្ងៃទីទី២៨ ខែមិថុនា ឆ្នាំ២០១៩ លុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហៀក សុវណ្ណារាជ ជាតំណាងចែកចាយរបស់ក្រុមហ៊ុន QING JIANG YUAN TRADING CO,LTD បច្ចុប្បន្នរស់នៅផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កែវ សុធា ដែលបានចុះកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្គាប់ឱ្យឈ្មោះ ហៀក សុវណ្ណារាជ អាយុ៣២ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ខណៈពេលដែលបង្ហាញខ្លួននៅក្រសួងមហាផ្ទៃ នោះ ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើរំលោភទំនុកចិត្ត ដោយកិបកេងលុយជាច្រើនរបស់ក្រុមហ៊ុន QING JIANG YUAN TRADING CO,LTD ពិតប្រាកដមែន។

ក្រោយពីសាកសួរចប់ សមត្ថកិច្ចជំនាញបានឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ៕