ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ទើបនឹងបើកប្រាក់ខែថ្មីៗ ក៏ស្រាប់តែបាត់ខ្លួនដោយគ្មានដំណឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចត្រូវមនុស្សមិនល្អបោកបញ្ឆោតនាំយកទៅធ្វើបាប ព្រោះនៅជាប់ខ្លួនកូនស្រីមានទាំងគ្រឿងអលង្ការ និងលុយកាក់សរុបជាង១ពាន់ដុល្លារឯងណោះ។
នារីវ័យក្មេងដែលបាត់ខ្លួនរូបនេះ មានឈ្មោះមៀច ស្រីថៃ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ នារីខាងលើបានបាត់ខ្លួនតាំងពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចម្តុំរោងចក្រកាណាឌីយ៉ា។
តាមប្រភពពីក្រុមគ្រួសារនារីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់ពួកគាត់ បានបាត់ខ្លួន កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលនាងចេញទៅធ្វើការរោងចក្រ ហើយក៏ចំថ្ងៃដែលនាងបើកប្រាក់ខែដែរ។ លុះមកដល់វេលាថ្ងៃត្រង់ ដែលតាមទម្លាប់កូនស្រីតែងចេញមកហូបបាយ ប៉ុន្តែថ្ងៃនេះបែរជាមិនឃើញកូនស្រីសោះ លុះឪពុកម្តាយតាមទៅរកដល់រោងចក្រ ក៏ត្រូវមិត្តភក្តិប្រាប់ថា ក្រោយពេលបើកលុយរួច កូនស្រីរបស់គាត់មិនឃើញចូលធ្វើការនោះទេ។

ប្រភពដដែលបន្តថា ក្រោយពីកូនស្រីបាត់ខ្លួនដោយគ្មានដំណឹងបែបនេះ ពួកគាត់ជាឪពុកម្តាយក៏បាននាំគ្នាតាមដើររកសព្វកន្លែងដែរ ប៉ុន្តែមិនមានដំណឹងសោះ មិនដឹងថាកូនស្រីទៅណា ជាមួយអ្នកណា និងមានសុខទុក្ខបែបណានេះទេ។ អ្វីដែលឪពុកម្តាយកំពុងព្រួយបារម្ភ គឺខ្លាចកូនស្រីចាញ់ល្បិច ឬការបោកបញ្ឆោតពីមនុស្សមិនល្អ ព្រោះថា នៅជាប់នឹងខ្លួនកូនស្រីពេលបាត់ខ្លួនទៅនោះ មានខ្សែក១ខ្សែ ខ្សែដៃ១ខ្សែ រួមនឹង ប្រាក់ខែទើបបើកថ្មីៗទៀត សរុបជាប្រាក់ប្រមាណ១ពាន់ដុល្លារឯណោះ។
ជាមួយនេះ ឪពុកម្តាយនារីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញកូណស្រីរបស់គាត់ ដែលមានភិនភាគសម្បុរសណ្តែកបាយ កម្ពស់១,៦០ម៉ែត្រ មុខមាត់ដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារពួកគាត់ តាមរយៈលេខ ទូរស័ព្ទ ០១៥ ៩០ ៥៤ ១៩ ដោយក្តីអនុគ្រោះផងចុះ៕