Sunday, November 23, 2025
Homeព័ត៌មានជាតិនៅក្មេងៗសោះ ចេះសហការគ្នារកសុីណាស់... តែសំណាងអាក្រក់ជួបប៉ូលិស

នៅក្មេងៗសោះ ចេះសហការគ្នារកសុីណាស់… តែសំណាងអាក្រក់ជួបប៉ូលិស

ភ្នំពេញ ៖ ក្មេងសិស្សសាលាពីរនាក់ត្រូវបានសមត្ថកិច្ចល្បាតប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បើកប្រដេញនិងចាប់វាយខ្នោះភ្លាមៗ ត្រង់ចំណុចខាងក្រោមស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១  ខណ្ឌទួលគោក បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់មិនបានសម្រេច នៅត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តសំរោងអណ្តែត តាមបណ្តោយ ផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យដែលជាអ្នកបើកម៉ូតូមានឈ្មោះផូ វីរៈបុត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យភ្នំពេញថ្មី ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងទី២ ដែលជាអ្នកអង្គុយខាងក្រោយ ធ្វើសកម្មភាពឆក់មានឈ្មោះនូរ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ  ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យសម្តេចហ៊ុន  សែន ភ្នំពេញថ្មី ស្នាក់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានប្រាប់ឱ្យដឹងថា បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានជិះល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ លុះពេលជិះមកដល់ចំណុចខាងមុខខ្លោងទ្វារវត្តសំរោងអណ្តែត ស្រាប់តែប្រទះឃើញជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GB-5966 តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង មិនចាំម៉ាក ពីនារីម្នាក់ដែលកំពុងជិះម៉ូតូម៉ាកធូដេ មិនចាំស្លាកលេខ ស្របទិសគ្នាតែមិនបានសម្រេច។

ប្រភពដដែលបន្តថា ភ្លាមៗនោះ  នារីរងគ្រោះក៏បានស្រែកចោរៗ ធ្វើឱ្យជនសង្ស័យទាំងពីរនាក់ភ័យស្លន់ស្លោ រួចក៏ព្យាយាមបន្ថែមល្បឿនបើករត់គេចខ្លួន។ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចក៏ជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ  រហូតទៅដល់ចំណុចខាងក្រោមស្ពានអាកាស៥មករា ដោយជនសង្ស័យបានដួលម៉ូតូ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងរង់ចាំបញ្ជូនបន្តទៅតុលាការ ចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES