ខេត្តក្រចេះ ៖ មន្ត្រីយោធាពាក់ផ្កាយ១ម្នាក់ និងប្រពន្ធ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួន បន្ទាប់ពីរងបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយចោទប្រកាន់ថា ប្តីប្រពន្ធ១គូនេះ បានបោកប្រាស់លុយពួកគាត់អស់រាប់ម៉ឺនដុល្លារ។

មន្ត្រីយោធាផ្កាយ១ ដែលត្រូវកម្លាំង អាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះឃួន សុវណ្ណ មានតួនាទីជានាយរងអធិការដ្ឋាននៃអគ្គបញ្ជាការ។ ចំណែកស្ត្រីជាប្រពន្ធដែលត្រូវឃាត់ខ្លួនដែរនោះ មានឈ្មោះទ្រី ណាត។

យោងតាមមន្ត្រីអាវុធហត្ថជាន់ខ្ពស់ បានបញ្ជាក់ឱ្យដឹងថា លោកឧត្តមសេនីយ៍ ឃួន សុវណ្ណ និងភរិយាឈ្មោះទ្រី ណាត ដែលព័ត៌មានខ្លះអះអាងថា ជាមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែរនោះ ត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការ សួរនាំ ដើម្បីចាត់ការតាមនីតិវីធី។

យោងតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនបានចាញ់បោកប្តីប្រពន្ធខាងលើ ដោយខ្លះចាញ់បោកចាប់ពី១៥០០ដុល្លារ ទៅដល់ជាង៦០០០ដុល្លារឯណោះ ដោយបុគ្គលទាំង២នាក់ប្តីប្រពន្ធនេះ បានអះអាងថា នឹងរត់ការឱ្យកូនចៅរបស់ពួកគាត់បានចូលធ្វើជានគរបាល ជាទាហាន ជាប៉េអឹម និងជាគ្រូបង្រៀន…ជាដើម។ យ៉ាងណាក្តី ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋចាញ់បោកប្តីប្រពន្ធទាំង២នាក់ខាងលើ នៅមិនទាន់អាចបញ្ជាក់ពិតប្រាកដនៅឡើយ គ្រាន់តែដឹងថា មានចន្លោះប្រមាណ១០ម៉ឺនដុល្លារ ទៅ២០ម៉ឺនដុល្លារ។

ដោយឡែក ប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឱ្យដឹងថា មូលហេតុដែលក្រុមប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនលង់ជឿ និងចាញ់ល្បិចឆបោករបស់ប្តីប្រពន្ធទាំង២នាក់ខាងលើ គឺដោយសារតែប្តីប្រពន្ធនេះ ធ្លាប់បានចុះចែកអំណោយជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលជាច្រើនលើកច្រើនសាមកហើយ ជាហេតុធ្វើឱ្យក្រុមប្រជាពលរដ្ឋឃើញ ជឿទុកចិត្ត និងពឹងពាក់ រហូតដល់លង់ខ្លួនលក់គោ លក់ក្របី លក់ស្រែ យកលុយមកឱ្យប្តីប្រពន្ធខាងលើ រត់ការឱ្យកូនចៅបានចូលធ្វើការងាររដ្ឋ៕




