Tuesday, February 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមាសឡើងថ្លៃ ១ថ្ងៃ ២ករណី ចោរប្លន់មាស ៥៥តម្លឹង

មាសឡើងថ្លៃ ១ថ្ងៃ ២ករណី ចោរប្លន់មាស ៥៥តម្លឹង

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានប្រើកូនកាំបិត ចូលទៅធ្វើសកម្មភាពចាក់ប្លន់ជនរងគ្រោះ ដល់ក្នុងផ្ទះ ចំនួន ២ករណីផ្ទួនៗគ្នា ចន្លោះពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ បណ្តាលឱ្យម្ចាស់ផ្ទះ ចំនួន២នាក់ រងរបួស ក្នុងនោះស្ត្រីជាម្ចាស់ផ្ទះម្នាក់ ដួលសន្លប់ និងអស់ប្រាក់ប្រមាណ៤ពាន់ដុល្លារ ខណៈបុរសរងគ្រោះម្នាក់ទៀត ដែលជាជាងស្លមាស បានរងរបួស ១កាំបិត និងបាតបង់មាស ប្រមាណ៥៥តម្លឹង។ ចំណែកជនសង្ស័យ ក្រោយធ្វើ សកម្មភាពរួច បានរត់គេចខ្លួនបាត់ដោយសវុត្ថិភាព។

ករណីអំពើប្លន់ ទាំង២ករណីនេះ នៅមិនទាន់មានប្រភពព័ត៌មានផ្លូវការពីសមត្ថកិច្ចនៅឡើយ ប៉ុន្តែតាមប្រភពព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា កើតឡើងត្រឹមតែចន្លោះ ៤០នាទីប៉ុណ្ណោះ នៅវេលាកណ្តាលថ្ងៃត្រង់ និងចំកណ្តាលក្រុងបាត់ដំបង ហើយជនសង្ស័យបានប្រើប្រាស់ត្រឹមកូនកាំបិត ប្លន់ជនរងគ្រោះ។

សមត្ថកិច្ចមិនទាន់បង្ហាញរបាយការណ៍ជាក់លាក់ជុំវិញករណីអំពើប្លន់ ទាំង២ករណីខាងលើនេះនៅឡើយ ខណៈកំពុងមមាញឹកក្នុងការស្រាវជា្រវ តាមដានមុខសញ្ញាសង្ស័យ។ ប៉ុន្តែប្រភពក្រៅផ្លូវការ បានឱ្យដឹងថា ករណីទី១ ជនសង្ស័យ មិនស្កាល់អត្តសញ្ញាណ បានដើរចូលទៅធ្វើសកម្មភាពកាប់ស្ត្រីម្នាក់ ដល់ក្នុងផ្ទះ ប្លន់លុយ និងគ្រឿងអលង្ការ គិតជាទឹកប្រាក់ប្រមាណ ៤០០០ដុល្លារ។

ប្រភពដដែល បន្តថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែកុម្ភៈ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ជនរងគ្រោះ មានឈ្មោះគឿន ម៉ារីយ៉ា អាយុ៣៩ឆ្នាំ (រងរបួស ដួលសន្លប់) ហើយជនសង្ស័យដណ្តើមយកកាបូបស្ពាយពីជនរងគ្រោះ ដែលមានលុយ និងគ្រឿងអលង្ការ សរុបប្រមាណ ៤០០០ដុល្លារ រួចបានរត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយមក ជនមិនស្គាល់មុខខាងលើ បានបន្តធ្វើសកម្មភាពប្លន់ ១ករណីទៀត នៅម៉ោង១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃដដែល ដោយជនសង្ស័យបានចូលទៅប្លន់ផ្ទះជាងមាស ដ៏ល្បីមួយកន្លែងទៀត ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ត្រើយខាងកើតស្ទឹង ទល់មុខសាលាខេត្តបាត់ដំបង)។

តាមប្រភពព័ត៌មាន ជនសង្ស័យដែលចូលប្លន់ផ្ទះជាងមាសនេះ  មានគ្នាតែម្នាក់ឯងប៉ុណ្ណោះ និងប្រដាប់ដោយកូនកាំបិត រួចដើរចូលទៅកាន់បន្ទប់ជាងស្លមាស ហើយភ្លាមៗ ជនដៃដល់បានធ្វើសកម្មភាពវាយនិងចាក់ជន រងគ្រោះ ឈ្មោះអ៊ុំ សុខចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងស្លមាស បណ្តាលឱ្យត្រូវក្រោមឆ្អឹងជំនីរ ១កាំ បិត ប្លន់មាសសន្លឹក ដែលគេប៉ាន់ស្មានបឋមថា អស់ប្រហែល ៥៥តម្លឹង រួចហើយជនសង្ស័យបានវេចខ្ចប់មាសដ៏សន្ធឹកសន្ធាប់នោះរត់ចេញ គេចខ្លួនដោយសុវត្ថិភាពទៀត។

ពាក់ព័ន្ធអំពើប្លន់ទាំងកណ្តាលថ្ងៃត្រង់ ទាំង២ករណីផ្ទួនៗនេះ មិនទាន់មានរបាយការណ៍ផ្លូវការ ពីសមត្ថកិច្ចជំនាញនៅឡើយ ដោយសមត្ថកិច្ចបានត្រឹមបង្ហើបប្រាប់ថា ពេលនេះ សមត្ថកិច្ចកំពុងតាមតាមកាមេរ៉ាសុវត្ថិភាព តាមផ្ទះ ឬនៅតាមដងផ្លូវសាធារណៈ និងមានតម្រុយខ្លះៗ ហើយពីមុខសញ្ញាជនសង្ស័យ៕

RELATED ARTICLES