Thursday, August 28, 2025
Homeសង្គម និងជីវិតបុកហើយរត់ ខឹងគេតាមតវ៉ាទាញកាំភ្លើងវ៉ៃក្បាល

បុកហើយរត់ ខឹងគេតាមតវ៉ាទាញកាំភ្លើងវ៉ៃក្បាល

ភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើករថយន្តទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ បែរជាព្យាយាមរត់គេច លុះជនរងគ្រោះប្រដេញតាមទាន់ស្រែកហៅគេជួយ និងបានតវ៉ាសួររកខុសត្រូវ ស្រាប៉តែត្រូវបុរសប្រមឹកទូរស័ព្ទហៅបក្ខពួកជាមន្ត្រីយោធាមកដល់ ដកកាំភ្លើងវាយក្បាលជនរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈាម និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនទៅសួរនាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តិចតួច តែជនបង្កគ្មានការទទួលខុសត្រូវ ព្យាយាមបើករត់ រហូតដល់រត់មិនរួច បែរជាហៅគ្នាមកអន្តរាគមន៍ ឈានដល់ហិង្សាវាយជនរងគោះ១ស្វាយកាំភ្លើងបែកក្បាលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ តែជនបង្កបានបើករត់ដល់ចំណុចខ្លោងទ្វារវត្តសំរោងអណ្តែត កែងផ្លូវហាណូយ ទើបជនរងគ្រោះដេញតាមទាន់ ផ្ទុះជាអំពើហិង្សាតែម្តង។

ជនរងគ្រោះក្នុងអំពើហិង្សាខាងលើនេះ មានឈ្មោះយ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមេរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4119។ រីឯជនបង្កដែលដកកាំភ្លើងវាយជនរងគ្រោះ ជាមន្ត្រីយោធាមានឋានន្តរស័ក្តិ វរសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ បុរសជាអ្នកបើករថយន្តកាមរីបាឡែន បានផឹកស្រាស្រវឹងជោកជាំ រួចក៏បើករថយន្តក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខវត្តសំរោងអណ្តែត ក៏ជ្រុលចង្កូតទៅបុករទេះលក់ប្រហិតរបស់ជនរងគ្រោះ ធ្វើឱ្យខ្ទាតខ្លាញ់រលាកអ្នកលក់ និងអ្នកទិញម្នាក់ តែភ្លាមនោះអ្នកបើករថយន្តបង្កមិនបានឈប់និយាយគ្នាសុំទោស ឬទទួលខុសត្រូវឡើយ បែរជាព្យាយាមបើករត់ ចេញទៅដល់ក្លោងទ្វារវត្តសំរោងអណ្តែត កែងផ្លូវហាណូយ ទើបជនរងគ្រោះដេញតាមទាន់ ស្រែកឱ្យគេឯងជួយគាត់ បណ្តាលឱ្យកើតជាជំលោះពាក្យសម្តី ដោះស្រាយគ្នាមិនចេញ ក៏ស្រាប់តែភាគីខាងអ្នកបើករថយន្តបង្ក បានទូរស័ព្ទហៅបក្ខពួកជាមន្ត្រីយោធាម្នាក់ ពាក់សក្តិ៤កន្លះ មកដល់កើតជារឿងប្រទូស្តរ៉ាយគ្នាជាមួយប្រជាពលរដ្ឋដែលចេញមកជួយខាងជនរងគ្រោះ ឈានដល់មន្ត្រីយោធារូបនោះផ្ទុះកំហឹង ក៏ដកកាំភ្លើងខ្លី មកវាយលើជនរងគ្រោះបណ្តាលឱ្យបែកសៀតថ្កាឆ្វេងហូរឈាម ធ្វើឱ្យស្ថានភាពកាន់ផ្អើលឆោឡោខ្លាំងឡើង រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ៕

RELATED ARTICLES