ភ្នំពេញ ៖ បុរសជាមេការការដ្ឋានសំណង់ម្នាក់ កំពុងឈរមើលការងារនៅជាន់ផ្ទាល់ដី មុខអគារសំណង់ ស្រាប់តែត្រូវកម្មករដែលកំពុងវាយបេតុងនៅជាន់ទី៤ ធ្វើការធ្វេសប្រហែស បណ្តាលឱ្យបំណែកបេតុងមួយដុំធំ បានធ្លាក់ចុះពីជាន់ទី៤ មកចំក្បាលមេការបណ្តាលឱ្យបែកក្បាល ប្រកាច់ស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់បំផុត។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសរងគ្រោះដែលត្រូវបំណែកបេតុង១ដុំធំធ្លាក់ចំក្បាលស្លាប់រូបនេះ មានឈ្មោះបូ វ៉ាន់ អាយុ៤៨ឆ្នាំ ជាអ្នកម៉ៅការសំណង់ មានលំនៅភូមិថ្មទឹកដាច់ ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មករប៉ុន្មាននាក់ បាននាំគ្នាឡើងទៅវាយបេតុងនៅជាន់ទី៤ ខណៈនោះដែរ ជនរងគ្រោះជាមេការសំណង់ ក៏បានឈរមើលពីខាងក្រោម លុះបន្តិចក្រោយមក មិនដឹងជាក្រុមកម្មករសំណង់នៅខាងលើ ធ្វើការធ្វេសប្រហែសយ៉ាងម៉េចមិនដឹង បណ្តាលឱ្យបំណែកបេតុងមួយដុំធំ បានធ្លាក់ចុះពីលើជាន់ទី៤មកក្រោម ចំក្បាលរបស់ជនរងគ្រោះ បណ្តាលឱ្យបែកក្បាលប្រកាច់ស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ៕