ខេត្តបន្ទាយមានជ័យ៖ បុរសជាបុគ្គលិកក្នុងកាស៊ីណូម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីចាក់ស្រែះដោះស្រាយមិនចេញ ក៏បែកគំនិតគិតខ្លី ចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង២១នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល យីហោសាសា ស្ថិតក្នុងបុរីដួងចន្ទ័ បន្ទប់លេខ៣០៧ ជាន់ទី៤ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះនុបផារ៉ាត់ សិរីបុត្រថាវង្ស អាយុ២៧ឆ្នាំ ជាជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ទីតាំងក្នុងតំបន់កាស៊ីណូផ្កាយប្រាំ ។
តាមសម្តីបុរសឈ្មោះសុរិយា នឿងខាំធី អាយុ២៥ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបន្ទប់ជាមួយគ្នា និងត្រូវជាបងប្អូនជីដូនមួយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេកំពុងបំពេញការងារ លុះដល់ម៉ោងទិញបាយហូប ទើបរូបគេបានគិតថា មកសួរជនរងគ្រោះចង់ហូបអី ចាំពេលខ្លួនចេញពីធ្វើការទិញមកឱ្យតែម្តង ព្រោះមិនចាំបាច់ចុះឡើងច្រើនដង។ លុះចូលដល់ក្នុងបន្ទប់ ស្រាប់តែប្រទះឃើញជនរងគ្រោះ ឈរនៅក្បែរទ្វារតែមិនចាប់អារម្មណ៍ លុះសួរនាំមិនឆ្លើយ ក៏ដើរទៅជិតមើល ស្រាប់តែប្រទះឃើញ មានខ្សែចងជាប់នឹងជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះចងកសម្លាប់ខ្លួន។ ភ្លាមនោះ រូបគេបានបីសពជនរងគ្រោះដាក់នៅលើពូក ហើយស្រែកឆោឡោឡើង ហើយក្រោយមក ក៏មានប្អូនស្រីរបស់ជនរងគ្រោះ រត់មកមើល ហើយរាយការណ៍ប្រាប់អ្នកមើលការខុសត្រូវ ប្តឹងសមត្ថកិច្ចដើម្បីពិនិត្យតែម្តង៕