ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល១សប្តាហ៍មកហើយ មិនឃើញត្រឡប់មកវិញសោះ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណាក៏មិនមានដំណឹង ជាហេតុធ្វើឱ្យបុរសជាប្តី កំពុងមានការព្រួយបារម្ភ ខ្លាចប្រពន្ធលង់ខ្លួនចាញ់បោក មនុស្សមិនល្អនាំយកទៅធ្វើបាប ទើបប្រកាសដង្ហោញហៅប្រពន្ធឱ្យវិលត្រឡប់មកផ្ទះវិញ។
នារីវ័យក្មេងដែលបាត់ខ្លួនអស់រយៈពេល១សប្តាហ៍មកហើយនោះ មានឈ្មោះគីម សុវណ្ណ អាយុ១៩ឆ្នាំ មានលំនៅម្តុំវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តាមប្រភពពីបុរសជាប្តីនារីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះគីម សុវណ្ណ ដែលទើបនឹងមានវ័យ១៩ឆ្នាំ បានបាត់ខ្លួនអស់រយៈពេល១សប្តាហ៍មកហើយ ដោយបាត់ចេញពីផ្ទះឯម្តុំវត្តទួល។ នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចេញពីផ្ទះ ដោយមិនបាន ផ្តល់ដំណឹងឱ្យអ្នកណាម្នាក់បានដឹងសោះ ហេតុនេះគ្មានអ្នកដឹងថា ប្រពន្ធរបស់គាត់ទៅណាជាមួយអ្នកណានោះទេ លុះបាត់យូរពេក ក្រុមគ្រួសារនាំគ្នាដើរតាមរក តែមិនទទួលបានដំណឹងអ្វីបន្តិសោះ ទើបធ្វើឱ្យគាត់ជាប្តីកំពុងព្រួយួបារម្ភ ខ្លាចប្រពន្ធលង់ចាញ់ល្បិចមនុស្សខិលខូច ល្បួងនាំយកទៅធ្វើបាបដោយប្រការណាមួយ។
បុរសជាប្តីនារីវ័យក្មេងដែលបាត់ខ្លួន បានប្រកាសដង្ហោយហៅប្រពន្ធ បើបានលឺដំណឹងនេះហើយ សូមប្រញាប់វិលត្រឡប់មកផ្ទះវិញ ព្រោះប្តីកំពុងបារម្ភ និងនឹករលឹកប្រពន្ធខ្លាំងណាស់។ ជាមួយនេះ បុរជាប្តីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញប្រពន្ធរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទ លេខ ០១២ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕