ភ្នំពេញ ៖ បុរសជាគ្រូបង្រៀនម្នាក់ បាននាំប្រពន្ធទៅចូលរួមពិធីជប់លៀងនៅផ្ទះមិត្តភក្តិ លុះចប់កម្មវិធី ជិះម៉ូតូដឹកប្រពន្ធត្រឡប់ទៅផ្ទះវិញបានពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះអកុសលត្រូវរថយន្តជនជាតិចិនម្នាក់បើកបោះពួយយ៉ាងលឿន ជ្រុលមកបុកម៉ូតូពីក្រោយ បណ្តាលឱ្យបុរសជា ប្តីបោកផ្ទប់នឹងកញ្ចក់រថយន្តធ្លាក់បោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកប្រពន្ធអូសតាមម៉ូតូជាង៣០ម៉ែត្រ រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតវត្តក្តីតាកុយ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ប្តីប្រពន្ធជនរងគ្រោះ ដែលត្រូវរថយន្តបុកស្លាប់ និងរបួសធ្ងន់ រួមមាន បុរសជាប្តីមានឈ្មោះអ៊ឹម សុធី អាយុ៥៦ឆ្នាំ មុខរបរគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា (ស្លាប់នៅនឹងកន្លែង) ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះហែម សុគន្ធារី មុខរបរជាបុគ្គលិកអនាម័យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រងរបួសយ៉ាងធ្ងន់)។ ប្តីប្រពន្ធជនរងគ្រោះ មានលំនៅក្នុងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកអ្នកបើកបររថយន្តបង្ក គឺជាជនជាតិចិន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GI-9171 ដឹកគ្នាធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូង ទៅជើង (បើកកណ្តាលផ្លូវ)។ លុះមកដល់ចំណុចកើតហេតុ ក៏បើកអែបមកខាងស្តាំដៃរបស់ខ្លួនវិញ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-6855 បើកបរដោយបុរសជនជាតិម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោកជាំ បើកបរក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរស្របទិសគ្នា បើកវ៉ាជែងគេឯងពេញផ្លូវ រួចក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូជាប្តី រងរបួសបាក់ជើងខាងស្តាំ និងប៉ើងបោកផ្ទប់នឹងកញ្ចក់រថយន្ត រួចធ្លាក់បោកក្បាលនឹងថ្នល់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកស្ត្រីជាប្រពន្ធដួលបោកនឹងថ្នល់ រួចអូសតាមម៉ូតូជាង៣០ម៉ែត្រ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង រីឯម៉ូតូរងការខូចខាតមួយចំហៀងខាងស្តាំ ចំណែករថយន្តបង្ករងការខូចខាតបែកស្តុបផ្នែកខាងឆ្វេង និងកញ្ចក់ខាងមុខ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ជនរងគ្រោះ ត្រូវបានមិត្តភក្តិទូរស័ព្ទហៅទៅជប់លៀងនៅផ្ទះរបស់កេនៅភ្នំពេញ ទើបជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូដឹកគ្នាចេញទៅ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលប្តីប្រពន្ធ អ្នកទាំង២ កំពុងធ្វើដំណើរបំណងត្រឡប់មកផ្ទះវិញ ដល់ទីតាំងកើតហេតុខាងលើ ក៏ជួបគ្រោះអកុសល ត្រូវរថយន្តខាងលើ ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាប្តីស្លាប់ ចំណែកស្ត្រីជាប្រពន្ធរងរបួសធ្ងន់បែបនេះតែម្តង៕