ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ លុះស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងពេក ទ្រាំទ្រលែងបានក៏ដាច់ចិត្តគិតខ្លី ផឹកថ្នាំពុលសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង។
បុរសគំនិតខ្លីដែលផឹកថ្នាំពុលធ្វើអត្តឃាត មានឈ្មោះអ៊ុត ធី ហៅមាន អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើត នៅឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរខាងជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានមកសង់ខ្ទមស្នាក់នៅមូលដ្ឋាននេះតែម្នាក់ឯង ដោយគ្មានសាច់ញាតិអ្វីសូម្បីតែម្នាក់។
មិនតែប៉ុណ្ណោះ ជនរងគ្រោះបានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយទៀតផង ប៉ុន្តែដោយសារជីវភាព ទីទ័លក្រពេក ទើបមិនមានលទ្ធភាពបានចេញទៅព្យាបាល ឬទិញថ្នាំអ្វីលេបសោះឡើយ។ លុះរយៈចុងក្រោយនេះ ស្ថានភាពជំងឺរបស់ជនរងគ្រោះ ចេះតែធ្វើទុក្ខខ្លាំងឡើង និងធ្វើឱ្យជនរងគ្រោះ តែងពោលថា ពិបាកក្នុងខ្លួនណាស់ មិនចង់រស់នៅយូរទៀតទេ។
ប្រភពដដែលបន្តថា លុះមកវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ក៏ស្រាប់តែគេប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងនៅលើដី ដោយមានបែកពពុះមាត់ទៀតផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុលប្រភេទថ្នាំសម្លាប់សត្វទាក ធ្វើអត្តឃាតប្រាកដមែន។ មូលហេតុ ដោយសារតែជនរងគ្រោះតូចចិត្តនឹងជំងឺប្រចាំកាយចេះតែធ្វើទុក្ខមិនឈប់ ទើបដាច់ចិត្ត គិតខ្លីបែបនេះ៕