ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ដោយសារតែហត់នឿយអស់កម្លាំងពេក ក៏ដើរទៅចងអង្រឹងដេកនៅក្រោមផ្ទះអ្នកស្រុកម្នាក់ដែលទុកចោល គ្មានមនុស្សនៅ លុះដល់រសៀលបន្តិច អ្នកភូមិដើរកាត់ចូលទៅដាស់ ក៏កើតមានការភ្ញាក់ផ្អើលថា ជនរងគ្រោះស្លាប់រឹងស្តូកបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង។
សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះម៉ៅ វៀត អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពពីបុរសជាអ្នកភូមិម្នាក់ឈ្មោះអៀប ប៉ោហេង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានដើរកាត់ផ្ទះអ្នកភូមិ ដែលគ្មានមនុស្សនៅ (ទីតាំងកើតហេតុខាងលើ) ក៏ប្រទះឃើញបុរសរងគ្រោះកំពុងដេកក្នុងអង្រឹង ទើបគាត់នឹកឆ្ងល់ ក៏ដើរចូលទៅដាស់ ទើបដឹងថាជនរងគ្រោះ បានស្លាប់រឹងស្តូកទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យដល់ទីតាំងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះឈ្មោះម៉ៅ វៀត ពិតជាស្លាប់ដោយសារដេកគាំងបេះដូង (ខ្យល់គរ) ដោយខ្លួនឯងប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងអំពើឃាតកម្មអ្វីផ្សេងទេ៕