ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ក្រោយពីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦រួចហើយ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីស្ត្រីរូបនេះ បានធ្វើការជ្រលក់ទឹកថ្នាំម្តងដល់ទៅ២ម្រាម (ចង្អុលដៃសងខាង)។
ស្ត្រីដែលបានទៅបោះឆ្នោតរួច ជ្រលក់ទឹកថ្នាំម្តងដល់ទៅ២ម្រាមនេះ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់។
ស្ត្រីសង្ស័យខាងលើ មានឈ្មោះជឿយ ចាន់នី អាយុ៥១ឆ្នាំ មុខរបរលក់គុយទាវ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ការចាប់ឃាត់ខ្លួនស្ត្រីសង្ស័យខាងលើនេះធ្វើឡើង ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចុងកាល់ ក្រោមការបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគបាលខេត្តឧត្តរមានជ័យ។
ប្រភពដដែលបន្តថា មូលហេតុដែលឈានទៅដល់ការឃាត់ខ្លួនស្ត្រីខាងលើ គឺដោយសារតែស្ត្រីរូបនេះបានទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងបានជ្រលក់ទឹកថ្នាំម្តងដល់ទៅ២ម្រាម (ម្រាមដៃចង្អុលទាំងសងខាង)។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕