ខេត្តព្រៃវែង ៖ នារីវ័យក្មេងម្នាក់បានចេញបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមស្វែងរកសព្វកន្លែង នៅតែមិនឃើញសោះ ជាហេតុធ្វើឱ្យឪពុកម្តាយកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង ខ្លាចចាញ់ល្បិចជនខិលខូច នាំយកទៅធ្វើបាប ទើបព្យាយាមប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
នារីដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះយ៉ាន ឆវីន ហៅស្រីតូច អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិប្រសាទខាងលិច ឃុំពន្លេចប្រាសាទ ស្រុកពាមរ។
តាមប្រភពពីសាច់ញាតិនារីវ័យក្មេងខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ បានដើរចាកចេញពីផ្ទះ ចំណែកក្រុមគ្រួសារនឹកស្មានថា នាងចេញទៅលេងផ្ទះមិត្តភក្តិក្នុងភូមិ ស្រាប់តែបាត់យូរទៅៗ មិនឃើញត្រឡប់មកវិញ ក៏ធ្វើឱ្យក្រុមគ្រួសារងឿងឆ្ងល់ នាំគ្នាតាមទៅរកមើលនៅតាមផ្ទះ មិត្តភក្តិរបស់នាងនៅក្នុងភូមិ តែមិនមានដំណឹងសោះ។
បន្ទាប់ពីបាត់ខ្លួនកូនស្រីចេញពីផ្ទះដោយគ្មានដំណឹងបែបនេះ ក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងមានអ្នកលួងលោមនាំចេញពីផ្ទះ ឬអាចមានគេចាប់បង្ខាំង ឬធ្វើបាបកូនស្រីរបស់បួកគាត់ រហូតដល់ថ្នាក់ ប៉ះពាល់ដល់អាយុជីវិត។
យ៉ាងណា ក្នុងនាមជាឪពុកម្តាយ ពួកគាត់សូមប្រកាសដល់កូនស្រីថា ពេលនេះម្តាយកំពុងនឹក និងបារម្ភពីកូនស្រីខ្លាំងណាស់ ហេតុនេះ ប្រសិនបើកូនស្រីបានឮដំណឹងនេះហើយ សូមកូនស្រីប្រញាប់វិលត្រឡប់មកផ្ទះវិញជាបន្ទាន់។ ជាមួយនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រី មានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹង តាមរយៈវិទ្យុ អេប៊ីស៊ី ទូរស័ព្ទលេខ ០១២ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕