ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ ឃើញមេឃធ្លាក់ភ្លៀង ក៏ចេញទៅងូតលេងជាមួយនឹងក្មេងៗក្នុងភូមិ ស្រាប់តែបន្តិចក្រោយមក ក៏ត្រូវរន្ទះបាញ់ប្រហារបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុច ក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ។
យុវជនរងគ្រោះ ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះឆន ចន្ថា អាយុ១៧ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះប៉ែន ឆន អាយុ៥១ឆ្នាំ ម្តាយ ឈ្មោះផន ផុន អាយុ៤៨ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ (ប្រុស៤ ស្រី៦) រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងមូលដ្ឋានខាងលើ មានភ្លៀងធ្លាក់មួយមេធំ លាយឡំដោយផ្គររន្ទះទៀតផង។ លុះពេលឃើញមេឃធ្លាក់ភ្លៀងខ្លាំងបែបនេះ ជនរងគ្រោះក៏បានចេញទៅរត់លេង ងូតទឹកភ្លៀងជាមួយនឹងក្មេងៗដទៃទៀតនៅក្នុងភូមិ។ ស្រាប់តែអកុសល មួយសន្ទុះក្រោយមក រន្ទះក៏បានបាញ់ប្រហារចំយុវជនរងគ្រោះ បណ្តាល ឱ្យដេកស្តូកស្តឹងហាលភ្លៀង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិចេញទៅពិនិត្យមើល និងជួយធ្វើចលនាសង្គ្រោះបឋមដែរ តែអកុសល យុវជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា យុវជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ប្រាកដមែន៕