ខេត្តកំពង់ឆ្នាំង ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រម្នាក់ ទំនងជាខកបំណងរឿងស្នេហា រហូតធ្វើឱ្យអស់សង្ឃឹមក្នុងជីវិត សម្រេចចិត្តគិតខ្លី លេបថ្នាំសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
នារីវ័យក្មេងគំនិតខ្លី ដែលជ្រើសយកវិធីលេបថ្នាំសម្លាប់ខ្លួន ដើម្បីបញ្ចប់វិបត្តិក្នុងចិត្តនេះ មានឈ្មោះចន្ថា អាយុខ្ទង់២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានលឺសូរសំឡេងនារីរងគ្រោះខាងលើ ក្អួតចង្អោយ៉ាងខ្លាំង ទើបនឹកឆ្ងល់ក៏ចូលទៅមើល ស្រាប់តែឃើញនារីរងគ្រោះបែកពពុះមាត់ និងមានសភាពទន់ដៃជើង ព្រមទាំងឃើញមានសំបកថ្នាំនៅក្បែរខ្លួននារី រងគ្រោះទៀតផង ទើបដឹងថា នារីរងគ្រោះលេបថ្នាំសម្លាប់ខ្លួន ក៏ស្រែកឆោឡោ ផ្អើលដល់មិត្តភក្តិ រួមនឹងស្នាក់នៅជិតខាង នាំគ្នាជួយដឹកបញ្ជូន នារីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីសង្គ្រោះជីវិតបានទាន់ពេលវេលា។
តាមប្រភពពីក្រុមគ្រូពេទ្យ បានឱ្យដឹងថា នារីរងគ្រោះត្រូវបានសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ហើយ បន្ទាប់ពីនាងបានលេបថ្នាំ ប៉ុនប៉ងសម្លាប់ខ្លួន និងសំណាងល្អបានមិត្តភក្តិ និងអ្នកជិតខាង បញ្ជូនមកមន្ទីរពេទ្យទាន់ពេលវេលាពុំនោះទេ ច្បាស់ជាអាចប៉ះពាល់ដល់អាយុជីវិតមិន ខានឡើយ។
យ៉ាងណា នារីរងគ្រោះកំពុងស្ថិតនៅក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យនៅឡើយ ចំណែកមូលហេតុដែលនាំឱ្យមានគិតខ្លីបែបនេះ មិនត្រូវបាននារីរងគ្រោះបង្ហើបឱ្យដឹងនោះឡើយ៕