Wednesday, August 27, 2025
Homeសង្គម និងជីវិតដាក់ជោកជាំខ្លាំងពេក ជិះម៉ូតូធ្លាក់ប្រឡាយ ឈ្លក់ទឹកស្លាប់

ដាក់ជោកជាំខ្លាំងពេក ជិះម៉ូតូធ្លាក់ប្រឡាយ ឈ្លក់ទឹកស្លាប់

ខេត្តព្រៃវែង ៖ យុវជនម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះដល់ចំណុចផ្លូវកោង បត់ចង្កូតមិនទាន់ ក៏ជ្រុលធ្លាក់ទាំងម៉ូតូ ទាំងមនុស្សចូលទៅក្នុងប្រឡាយទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកដឹង រហូតដល់សាកសព ជនរងគ្រោះអណ្តែតឡើង ទើបកើតការភ្ញាក់ផ្អើល។

ករណីប្រទះឃើញសពយុវជនស្រវឹងជិះម៉ូតូធ្លាក់ទឹកនេះ បានកើតឡើងកាលបីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកមួយកន្លែង ត្រង់ផ្លូវកែងដំរីស៊ី ស្ថិតភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះទូច វណ្ណី អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិសម្លលី ឃុំស្តៅកោងក្នុង ស្រុកបាភ្នំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុខាងលើ ក៏បានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹកប្រឡាយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ និងរកឃើញថា នៅលើសាកសពមានស្នាមដាច់រលាតលើផ្ទៃមុខ ដោយសារដួលអូសនឹងថ្មផ្លូវ រួចក៏ហួសទៅធ្លាក់ចូលក្នុងប្រឡាយទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់។

បន្តិចក្រោយមក សមត្ថកិច្ចក៏បានរាវរកឃើញម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-2794 បែកក្បាលខាងមុខទាំងអស់៕

RELATED ARTICLES