ឌីជេ រូបស្រស់កញ្ញាវ៉ូកា ដែលមានជំនាញខាងចាក់ភ្លេងតាមក្លឹបកម្សាន្ត និងកម្មវិធីប្រគំតន្ត្រីមួយចំនួនផងនោះ ថ្មីៗនេះ នាងបានចោលគម្រោងចេញទៅសម្ដែងបង្អួតសម្រស់ កើបប្រាក់នៅលើទឹកដីកោះ នៃប្រទេសអូស្ត្រាលី ។
ស្ថិតនៅក្នុងវ័យ២៣ឆ្នាំ កញ្ញាម៉ូលីកា ហៅឌីជេ វ៉ូកា ( Dj vocka) ដែលមានរូបឆោមល្អស្រស់ គួរឲ្យចង់គយគន់បានប្រឡូកនៅក្នុងជំនាញជាឌីជេ ជាងមួយឆ្នាំមកហើយ ដែលនាងលេចមុខតាមកម្មវិធីប្រគំតន្ត្រី និងចាក់ភ្លេងនៅតាមក្លឹបកម្សាន្តល្បីៗមួយចំនួន ពោលគឺនាងក៏ជាឌីជេ លេចធ្លោមួយរូបក្នុងចំណោមឌីជេ ល្បីៗនៅស្រុកខ្មែរផងដែ។

ឌីជេ វ៉ូកា បានឲ្យដឹងថាការចាប់ជំនាញជាឌីជេ ពុំមែនជាការងាយស្រួលនោះទេ ប៉ុន្តែនាងបានតស៊ូក្នុងអាជីពមួយនេះ ដើម្បីចង់សម្រេចក្ដីស្រមៃ។ ឌីជេ វ៉ូកា បន្ថែមថា ”ខ្ញុំជាស្រី ហើយមកចាប់ជំនាញ ជាឌីជេ នេះពុំជាការងាយស្រួលនោះទេ ដោយសារតែមជ្ឈដ្ឋានមួយចំនួន មិនសូវឲ្យតម្លៃហើយការងារនេះត្រូវធ្វើការនៅពេលយប់។ មួយវិញទៀត ក៏ជួបការលំបាកដែរដែលត្រូវ តាមដានស្រាវជ្រាវរកចង្វាក់ភ្លេងដែលថ្មីៗ មកម៉ិចបញ្ចូលគ្នា ដើម្បីទាញការចាប់អារម្មណ៍ពីទស្សនិកជន។ ប៉ុន្តែដោយសារតែខ្ញុំស្រលាញ់ការងារមួយនេះ ទើបប្រឹងប្រែងតស៊ូបន្តទៀត”។
ដោយសារតែទាញបានភាពលេចធ្លោ ក្នុងចំណោមឌីជេ ល្បីៗមួយចំនួននោះ វ៉ូកា បានឲ្យដឹងថា ថ្មីៗនេះមានខាង Sponsor បានទាក់ទងឲ្យនាងចេញទៅសម្ដែងសមត្ថភាព លើជំនាញចាក់ភ្លេងជាឌីជេ និង បង្អួតសម្រស់នៅប្រទេសអូស្ត្រាលី តែនាងបានចោលឱកាសមាសនោះវិញ។ វ៉ូកា បន្ថែមថា ”មានគេទាក់ទងឲ្យខ្ញុំទៅសម្តែងនៅអូស្ត្រាលី មួយខែ តែខ្ញុំបានចោលឱកាសនោះ ព្រោះខ្ញុំមិនហ៊ានទៅចោលក្រុមគ្រួសារ និងជាប់ទទួលការងារមួយចំនួន នៅស្រុកខ្មែរ គឺខ្ញុំពិតជាស្ដាយឱកាសនោះណាស់ តែបើមានឱកាសលើកក្រោយទៀតខ្ញុំមិនប្រលែងទៀតទេ”។
ឌីជេ រូបស្រស់មានមន្តស្នេហ៍រូបនេះ ក៏បានឲ្យដឹងដែរថា ក្រៅពីអាជីពជាឌីជេ ចាក់បទភ្លេងតាមក្លឹបពេលរាត្រីនាងក៏ជានិស្សិតឆ្នាំទី២នៅសកលវិទ្យាល័យវ៉ាន់ដាគណនេយ្យ ផងដែរ។
វ៉ូកា បញ្ជាក់ឲ្យដឹងដែរថា ក្នុងមួយយប់ នាងអាចចាក់ភ្លេងបានពី២ទៅ៣ក្លឹប ហើយនាងក៏ចង់បង្ហាញសមត្ថភាពតាមក្លឹបល្បីៗមួយចំនួនទៀតដែរ ខណៈដែលនាងចង់បង្កើនការងារពង្រឹងសមត្ថភាព បន្ថែមទៀត។
ចំពោះរឿងមនោសញ្ចេតនាស្នេហា ឌីជេ វ៉ូកា បានទទួលស្គាល់ថា មានអ្នកតាមស្រលាញ់នាងច្រើនតែនាងមិនទាន់គិតពីគម្រោងចូលនឹមអាពាហ៍ពិពាហ៍ កសាងជីវិតគ្រួសារទេ ពោលគឺនាងចង់ឲ្យអាជីពជាឌីជេ របស់នាងឲ្យកាន់តែរីកចម្រើនជាងនេះសិន៕សុខ ស៊ីឡាង


