ភ្នំពេញ ៖ ក្រុមហ៊ុន Prince Suncity ដែលមានមូលដ្ឋានមកពីប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយស្ថាបនិកក្រុមហ៊ុន លោក Dato Sri Dr. Peter Ong និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត បានចុះប្រគល់អំណោយផ្ទាល់ ជាសម្ភារសិក្សាជូនដល់ប្អូនៗសិស្សសាលាបឋមសិក្សា ចំនួន៣០០នាក់ នៅសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងុសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អំណោយដែលក្រុមហ៊ុន Prince Suncity ធ្វើកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ “Prince Suncity Cambodia Charity” នោះមានដូចជា កាបូប, សៀវភៅ, ប៊ិក, ខ្មៅដៃ, និងថវិកាមួយចំនួនទៀតផងដែរ ដែលបានប្រគល់ជូនដល់ដៃប្អូនៗសិស្សានុសិស្សទាំង៣០០នាក់ ដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលផ្តោតលើកាស៊ីណូ មកធ្វើកម្មវិធីសប្បុរសធម៌នៅកម្ពុជានេះ។
អ្នកតំណាងក្រុមហ៊ុន Prince Suncity បានឱ្យដឹងថា តាមពិតលោក Dato Sri Dr. Peter Ong មានបំណងនាំយកអំណោយជាសម្ភារសិក្សាដល់សិស្សនៅមណ្ឌលកុមារកំព្រា តែម្តង តែដោយសារមានការពិបាកក្នុងការចតរថយន្តក្រុងធំៗ ទើបក្រុមការងារបានស្វែងរកសាលាណាដែលមានប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រលំបាក ដើម្បីផ្តល់អំណោយជាសម្ភារសិក្សាដល់ពួកគេ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្អូនៗ។
អ្នកតំណាងក្រុមហ៊ុន បានអះអាងផងដែរថា ការមកដល់កម្ពុជា របស់លោក Dato Sri Dr. Peter Ong គឺដើម្បីការងារសប្បុរសធម៌ (Charity) សុទ្ធសាធ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយ ឬដូចអ្នកខ្លះចោទថា លោកមានភាគហ៊ុននៅណាហ្គាវើលដ៍ និងខ្លះទៀតនិយាយបំផ្លើសថា លោកនាំយកថវិកាមកជូនសម្តេចនាយករដ្ឋមន្ត្រីនោះទេ គឺលោកមកជួយកុមារខ្មែរ ហើយបន្ទាប់ពីមកប្រទេសកម្ពុជា ក្រុមហ៊ុន Prince Sunity នឹងបន្តធ្វើកិច្ចការសប្បុរសធម៌នៅប្រទេសជិតខាងទៀតផងដែរ។
លោកតូ ចិនតុង បុគ្គលិកសិក្សានៅសាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា “ខ្ញុំមានអារម្មណ៍រីករាយ ដែលប្រធានក្រុមហ៊ុន Prince Suncity នាំយកថវិកា និងសម្ភារសិក្សាជូនដល់សិស្សសាលារបស់យើងខ្ញុំ ដែលបានជួយសម្រួលដល់ ប្អូនៗដែលមានជីវភាពក្រីក្របាន៣០០នាក់ ដែលទទួលបានអំណោយនេះ។ សាលាយើងខ្ញុំស្វាគមន៍ជានិច្ច ចំពោះសប្បុរសជនទាំងឡាយ ដែលចង់ជួយដល់ប្អូនៗសិស្សានុសិស្ស ក្នុងន័យសប្បុរសធម៌នេះ កុំឱ្យតែទាក់ទងរឿងនយោបាយ យើងរីករាយនឹងពេញចិត្តជានិច្ចក្នុងការសហការ។ តាងនាមឱ្យសាលាបឋមសិក្សាជម្ពូវ័ន ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុន Prince Suncity កាន់តែទទួលបានការគាំទ្រ និងមានភាពរីកចម្រើនថែមទៀត”។
គួររំឭកថា នេះជាលើកទី២ហើយដែល ក្រុមហ៊ុន Prince Suncity បាននាំយកសម្ភារសិក្សាជូនដល់សិស្សសាលានៅប្រទេសកម្ពុជា ដោយលើកទី១ លោក Dato Sri Dr. Peter Ong និងសហការី បាននាំយកអំណោយទៅជូនប្អូនៗសិស្សសាលាបឋមសិក្សាស្ទឹងមានជ័យ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ និងលើកទី២ ជូនដល់សិស្សសាលាបឋមសិក្សាជម្ពូវ័ន កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ ក្រុមហ៊ុន Prince Suncity បង្កើតឡើងនៅឆ្នាំ២០១៨នេះ ដោយផ្តោតលើវិស័យកាស៊ីណូ និងបានដំណើរការនៅប្រទេសមួយចំនួនហើយ ដូចជា ម៉ាកាវ, កូរ៉េ, ម៉ាឡេស៊ី, ជប៉ុន, អូស្ត្រាលី, ឥណ្ឌា, ចិន, ហុងកុង, និងញូវហ្សែឡែនដ៍ ជាដើម ហើយចុងក្រោយនេះ ក្រុមហ៊ុនផ្តោតលើទីផ្សារនៅប្រទេសវៀតណាម និងកម្ពុជា៕