Wednesday, May 7, 2025
Homeព័ត៌មានជាតិយកគ្នា២០ឆ្នាំអត់ខាន់ស្លា ខ្មោចដូនតាមិនឃើញកាច់

យកគ្នា២០ឆ្នាំអត់ខាន់ស្លា ខ្មោចដូនតាមិនឃើញកាច់

ចាស់ៗតែងបំភ័យថា គូស្រករដែលយកគ្នាឆៅៗ មិនបានរៀបការ ឬសែនព្រេនបំពេញខាន់ស្លា នឹងត្រូវ ខ្មោចជីដូនជីតា កុងម៉ា កាច់ស្លាប់ម្ខាងៗ ឱ្យព្រាត់ប្រាសគ្នាមិនខាន។ ប៉ុន្តែប្តីប្រពន្ធ១គូនេះ ប្រាប់ថា ពួកគាត់យកគ្នា២០ឆ្នាំហើយ អត់ខាន់ស្លាអ្វីទេ មិនឃើញខ្មោចដូនតាមកកាច់ សោះទាស់ទ្រង់ពួកគាត់រកស៊ីយ៉ាងណា ក៏ នៅតែក្រងើបមិនរួច…។

លោកណាំង រ៉ាន់ អាយុ៤៨ឆ្នាំ រស់នៅភូមិ អណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា គាត់កើតក្នុងត្រកូលកសិករមួយ ដែលឪពុកស្លាប់ នៅតែម្តាយឈ្មោះម៉េង លី អាយុ៧៨ឆ្នាំ លោកជាកូនច្បងដែលមានតែប្អូនប្រុសម្នាក់។ គាត់រៀនសូត្របានតិចតួចណាស់ លុះមានអាយុ២៨ឆ្នាំ ទើបមានប្រពន្ធឈ្មោះម៉ិល ម៉ាច អាយុប្អូន គាត់១០ឆ្នាំ និងបានរួមរស់ជាមួយគ្នា ២០ឆ្នាំមកហើយ ដោយបង្កើតបានកូន៤នាក់។ ពាក់ព័ន្ធដល់ប្រវត្តិ ស្នេហ៍នេះ គាត់ប្រាប់ដោយមិនលាក់លៀមថា កាល នៅកំលោះ គាត់រសាត់អណ្តែតទៅរកស៊ីដើរទូកនេសាទ ចាប់ត្រីសមុទ្រ ចេញពីកំពត ទៅកំពង់សោម រួចទៅកោះកុង ក្លាយជាកំលោះចាស់ ដោយមិនចាប់ អារម្មណ៍និឹរឿងប្រពន្ធកូនអ្វីទេ។ ថ្ងៃមួយ ស្រាប់តែ ឃើញនាងក្រមុំម្នាក់ ឈ្មោះម៉ាច ស្រុកកំណើតនៅ ខេត្តកំពង់ចាម ទៅលេងឯក្រុងព្រះសីហនុ ជាមួយ មិត្តភក្តិ និងដើរក្បែរកំពង់កាណូតនេសាទ ធ្វើឱ្យលោក ភាន់ភាំងតាមមើលនាងមិនដាក់ភ្នែក។ លោកក៏ព្យាយាមតាមសួរនាងរហូតដឹងប្រវត្តិច្បាស់ ក៏ទាក់ទងសុំ ស្នេហ៍តែម្តង ឯរូបនាងក៏មិនប្រកែកអ្វីដែរ តែសុំឱ្យ លោកចូលតាមប្រពៃណីទៅ។

អ្នកស្រីម៉ិល ម៉ាច និងលោកណាំង រ៉ាន ជាមួយកូន

លោកណាំង រ៉ាន បន្តទៀតថា លោកមិនបាន ចូលស្តីដណ្តឹងតាមពាក្យនាងបង្គាប់នោះទេ ក៏ព្យាយាមអង្វរលួងលោមរហូតបានខ្លួនប្រាណនាង ដោយគ្រាន់តែអុជធូបបន់ស្រន់ជីដូនជីតា កុងម៉ា កុំប្រកែប្រកាន់តែប៉ុណ្ណោះ។ លុះបានគ្នាជាប្តីប្រពន្ធមក មុនដំបូង លោកបាននាំគ្នាទៅរស់នៅខេត្តកំពង់ចាម ដោយយកចិញ្ចើមផ្លូវលំមួយ សង់ខ្ទមនៅ។ គ្រួសារលោក ចេះតែក្រទៅៗ ដោយសារឪពុកស្លាប់ចោល គ្មានកេរអាករចែកកូន ចំណែកម្តាយលោកយកប្តីក្រោយទៀត សុទ្ធតែប្តីក្មេង៣នាក់ឯណោះ ក៏ត្រូវប្តីក្មេងបោកប្រាស់ ឱ្យលក់ដីធ្លី សូម្បីដីភូមិក៏មិនសល់ ទើបម្តាយរកអ្វី ចែកកូនមិនបាន។ ក្រោយមក លោកបាននាំប្រពន្ធមក រស់នៅភូមិឃុំខាងលើ ក្នុងទឹកដីខេត្តកំពត គ្មានដីធ្លី សង់ផ្ទះនៅ ក៏យកចិញ្ចើមផ្លូវមាត់ប្រឡាយសង់ខ្ទម រស់នៅរហូត ដោយបង្កើតបានកូន៤នាក់។ និយាយ ឱ្យចំ ប្តីប្រពន្ធលោករួមរស់ជាមួយគ្នា ២០ឆ្នាំហើយ មិនបានរៀបការ ឬសែនព្រេនអ្វីទេ តែមិនឃើញខ្មោច ដូនតា កុងម៉ាមកកាច់សោះ គ្រាន់តែក្របន្តិចប៉ុណ្ណោះ ព្រោះតែគ្មានកេរអាករម៉ែឪចែក និងគ្មានដើមទុនរកស៊ីធ្វើជំនួញនឹងគេ។

អ្នកស្រីម៉ិល ម៉ាច

ដោយឡែក អ្នកស្រីម៉ិល ម៉ាច អាយុ៣៨ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាងនិងប្តីនេះ ពិតជាបានយកគ្នា២០ឆ្នាំ មកហើយ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទេ គឺបានត្រឹមអុជធូបម្នាក់៣សរសៃ បន់ស្រន់ ជីដូនជីតា កុងម៉ាកុំប្រកាន់ខឹង ក៏នាំគ្នាផ្សំដំណេកទៅ។ កាលមិនទាន់មានកូន ពួកគាត់គិតគូរដែរពីរឿងខាន់ស្លាហ្នឹង ដោយម្នាក់ៗ ខំសន្សំលុយឱ្យបានច្រើនក្រែង បានសែនព្រេន១ព្រឹក ឬរៀបការនឹងគេ ដឹងអី! ពេលមានផ្ទៃពោះ និងសម្រាលកូនក៏ដកលុយសន្សំនោះ ចំណាយឱ្យពេទ្យឆ្មប និងចាក់ថ្នាំអស់ទៅ។ ពីមុន ម៉ែក្មេកនាងមានដីធ្លីជាច្រើនហិកតារដែរ លុះឪក្មេកស្លាប់ ទៅ ម៉ែក្មេកក៏យកប្តីក្រោយសុទ្ធតែក្មេង៣នាក់ឯណោះ ក៏ត្រូវប្តីក្មេងលួងលោមឱ្យលក់ដីអស់ទៅ ឥឡូវម៉ែក៏ធ្លាក់ ខ្លួនមេម៉ាយដដែល តែទោះជាម៉ែក្មេកសាងកំហុស យ៉ាងណាក៏នាង និងប្តីមិនដែលថ្កោលទោសអ្នកមានគុណនោះទេ។

លោកណាំង រ៉ាន

ស្ត្រីជាប្រពន្ធបន្តថា ចំពោះរឿងគ្រួសារវិញ សព្វថ្ងៃទោះបីជារស់ក្រោមដំបូលខ្ទមកម្សត់ សង់លើ មាត់ប្រឡាយ ក៏ប្តីប្រពន្ធនាងនៅតែស្រលាញ់គ្នា ល្អូកល្អិន ដោយបង្កើតបានកូន៤នាក់ (ស្រី៣ ប្រុស១) ជាចំណងនិស្ស័យ។ សព្វថ្ងៃ ប្តីប្រពន្ធនាងតែងដើរ ស៊ីឈ្នួលគេយកកម្រៃចិញ្ចឹមកូន ជួនកាលរកត្រីលក់ បានត្រឹមតែឆ្អែតមួយថ្ងៃៗប៉ុណ្ណោះ គ្មានអ្វីសេសសល់ ទេ។ នាងគិតថា ចំណងស្នេហ៍បរិសុទ្ធមិនសំខាន់នៅ លើខាន់ស្លានោះទេ គឺអ្វីៗនៅលើចិត្តមនុស្ស បើគូស្នេហ៍ស្មោះត្រង់នឹងគ្នា ទោះជាមិនបានរៀបការ ក៏នៅតែផ្អែមល្ហែមជានិច្ច។

អ្នកស្រីហេង ធា អាយុ៤៥ឆ្នាំ និងនាងឡេង ម៉ៅ អាយុ៣៥ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងថា ប្តីប្រពន្ធដ៏ក្រីក្រ នេះ ឮថា យកគ្នាគ្មានខាន់ស្លាអ្វីឡើយ ប៉ុន្តែ ពួកគាត់ ឃ្លាំមើលឃើញថា មិនដែលឈ្លោះគ្នាទេ។ ទោះជា រកលុយមិនបាន ឬគ្មានម្ហូបក្នុងឆ្នាំង ក៏ពួកគេនៅតែ ញញឹមញញែមដាក់គ្នា ឯកូនៗទៀតសោត ក៏មិនចេះ ឈ្លោះគ្នាដណ្តើមបាយកកនោះដែរ។ ផ្ទុយទៅវិញ គ្រួសារអ្នកមានក្បែរៗគ្នាខ្លះបានរៀបការគគ្រឹកគគ្រេង ឮតែឈ្លោះគ្នាមិនស្វាង ជួនកាលប្តីស្រវឹងចូលមកដល់ ផ្ទះវ៉ៃប្រពន្ធ បោកចានឆ្នាំង រកសុភមង្គលមិនឃើញទេ។

អ្នកស្រីហេង ធា

រីឯអ្នកភូមិមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ពុំមែនប្តីប្រពន្ធនេះមិនស្គាល់ទំនៀមទម្លាប់ប្រពៃណី ខ្មែរនោះទេ តែកាលពួកគេត្រូវរ៉ូវគ្នាដំបូងនោះ ទាល់ ច្រកពេក ទើបគ្មានលទ្ធភាពរៀបការ។ ទោះយ៉ាងណាក៏ពួកគាត់យល់ថា សាសន៍ខ្មែរ បើយកគ្នាឆៅៗ បែបនេះ ទោះជាខ្មោចជីដូនជីតាមិនកាច់ ក៏រកស៊ីមិន ឡើងដែរ ជាក់ស្តែង គ្រួសារនេះប្រឹងរកស៊ីមិនខល្ជិ ច្រអូសទេ តែរកណាស់អត់ណាស់ ព្រោះតែអត់ខាន់ស្លាហ្នឹង។

នាងឡេង ម៉ៅ

គួរបញ្ជាក់ថា គូស្វាមីភរិយាអត់ខាន់ស្លា មិន បានរៀបការ ឬសែនព្រេន ប៉ុន្តែបាននាំគ្នាទៅចុះអេតាស៊ីវិលនៅសាលាឃុំ-សង្កាត់ គ្រាន់តែមានភាពស្រប ច្បាប់ប៉ុណ្ណោះ តែមិនស្របប្រពៃណី។ ទោះជាពួកគេ ស្រលាញ់គ្នាយ៉ាងណាក៏ប្រពៃណីខ្មែរ មិនឱ្យធ្វើយ៉ាង នេះទេ ចាំបាច់ត្រូវតែបាចផ្កាស្លាបំពេញភ្នែកញាតិ ជាកំហិត។ ហេតុនេះ គួរតែយុវវ័យទាំងឡាយ បើ ស្រលាញ់គ្នាហើយ គួរកុំភ្លេចរឿងខាន់ស្លា បើមិនបាន រៀបការ ត្រូវសែនព្រេនឱ្យខាងតែបាន ព្រោះពិធីសែនព្រេនមានផ្កាស្លានោះ ឈ្មោះថា បំពេញខាន់ស្លាត្រឹមត្រូវ មិនរងការរិះគន់ពីមហាជន….”៕

RELATED ARTICLES