Saturday, June 28, 2025
Homeព័ត៌មានជាតិលោកញឹក ប៊ុនឆៃ តុលាការបន្តសួរចម្លើយ មុនសម្រេចចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ

លោកញឹក ប៊ុនឆៃ តុលាការបន្តសួរចម្លើយ មុនសម្រេចចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ  កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ បានធ្វើការសាកសួរលោកញឹក ប៊ុនឆៃ ជាជនសង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន អស់ជាច្រើនម៉ោង ប៉ុន្តែមិនទាន់សម្រេចធ្វើការចោទប្រកាន់នៅឡើយទេ គឺនឹងត្រូវបន្តសួរចម្លើយនៅថ្ងៃនេះបន្តទៀត មុននឹងសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រោយពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ បានធ្វើការសាកសួរលោកញឹក ប៊ុនឆៃ អស់ជាច្រើនម៉ោង ពាក់ព័ន្ធករណីគ្រឿងញៀននោះ  កាលពីវេលាម៉ោង០៥រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ លោកញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មួយយប់ទៀតសិន ដើម្បីរង់ចាំការសាកសួរបន្តនៅព្រឹកថ្ងៃទី០៦ ខែសីហា នេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី០៥ ខែសីហា នោះថា បន្ទាប់ពីអយ្យការបានទទួលសំណុំរឿង និងជនសង្ស័យឈ្មោះញឹក ប៊ុនឆៃ ហើយបាន ដំណើរការនីតិវិធីសាកសួរ រួមទាំងការពិនិត្យឯកសារពាក់ព័ន្ធនោះ អយ្យការនឹងបន្តចំណាត់ការនៅថ្ងៃទី០៦ ខែសីហា នេះទៀត ដើម្បីសម្រេចអំពីរឿងនេះ ដោយរក្សាជនសង្ស័យនៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌។

ជាមួយគ្នានោះដែរ លោកជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ  បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ថា តាមពិត ករណីសំណុំរឿងរបស់លោកញឹក ប៊ុនឆៃ បានផុតដៃសមត្ថកិច្ចយុត្តិធម៌ហើយ ប៉ុន្តែដោយសារអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរចម្លើយមិនទាន់ចប់ ហើយយកមកផ្ញើខាងនគរបាលយុត្តិធម៌ ទើបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលឃុំខ្លួនលោកញឹក ប៊ុនឆៃ ទៀត បន្ទាប់ពីបានឃុំខ្លួនអស់២យប់ហើយ។

លោកជួន សវុណ្ណ បានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែជម្រាបបងអីចេះ នីតិវិធី ឥឡូវវាផុតដៃខ្ញុំ ចូលទៅព្រះរាជអាជ្ញាហើយ។ អីចឹង នីតិវិធីបន្ត វានៅលើដៃព្រះរាជអាជ្ញា ដូច្នេះ ព្រះរាជអាជ្ញា លោកដំណើរការសាកសួរជនសង្ស័យ នៅវេលាល្ងាចនេះ។ ឥឡូវបន្ទាប់ពីការសាកសួរ ដោយសារមិនទាន់ចប់នីតិវិធី គឺព្រះរាជអាជ្ញា គេយកមកផ្ញើនៅនឹងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សិន ហើយស្អែក បានគេយកទៅបន្តនីតិវិធីបន្ត។ អអីចឹងបើចង់ដឹងព័ត៌មានច្បាស់ ទាក់ទងទៅស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ព្រោះផុតដៃខ្ញុំ ហើយ”។

គួរបញ្ជាក់ថា មុនពេលតុលាការសាកសួរ និងក្រោយការឃាត់ខ្លួនលោកញឹក ប៊ុនឆៃ ជាង១៦ម៉ោង កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យញឹក ប៊ុនឆៃ មកកាន់លំនៅឋានក្នុងខណ្ឌជ្រោយចង្វា ដែលលើកស្លាកគណបក្សខ្មែររួបរួមជាតិ ដើម្បីឆែកឆេររកវត្ថុតាង ពាក់ព័ន្ធនឹងការចោទ ប្រកាន់ទាំងនោះ។ យ៉ាងណា ការឆែកឆេរផ្ទះ លោកញឹក ប៊ុនឆៃ របស់សមត្ថកិច្ចត្រូវបាន បញ្ចប់នៅម៉ោងជាងប្រាំមួយយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ដោយមិនបានបញ្ជាក់ពីលទ្ធផលនៃការឆែកឆេរយ៉ាងណាពីសមត្ថកិច្ចជំនាញនោះឡើយ ហើយលោកញឹក ប៊ុនឆៃ ក៏ត្រូវបាននាំខ្លួនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញវិញ ដើម្បីបន្តការសាកសួរ។

ស្របពេលសមត្ថកិច្ចឆែកឆេរផ្ទះលោកញឹក ប៊ុនឆៃ នៅភ្នំពេញ នៅពេលនោះ ផ្ទះរបស់លោកនៅឯខេត្តបន្ទាយមានជ័យ  មានសភាពស្ងប់ស្ងាត់។ ការឃាត់ខ្លួនលោកញឹក ប៊ុនឆៃ នេះ អាចពាក់ព័ន្ធនឹងជនជាប់ចោទបួននាក់ ដែលសមត្ថកិច្ចបានបង្ក្រាបពាក់ព័ន្ធនឹងរឿងផលិតនិងជួញដូរគ្រឿងញៀនដ៏ធំមួយ អំឡុងឆ្នាំ២០០៧ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនជាប់ចោទទាំងបួននាក់ ដែលរងការចោទប្រកាន់នោះ មានឈ្មោះជា ជុង ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ អតីតទីប្រឹក្សាលោកញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី។ ឈ្មោះឆាំ ណាក់ឈី ជនជាតិថៃ អាយុ៣៤ឆ្នាំ, ឈ្មោះ ឆាយ ខាងស៊ី ជនជាតិចិន អាយុ៤៨ឆ្នាំ និងឈ្មោះរ៉ាន់ យ៉ាន អាយុ៣៣ឆ្នាំ ភេទស្រី ជនជាតិចិន។

សូមបញ្ជាក់ថា លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់លោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង “សមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧។ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មុនតុលាការសួរចម្លើយ លោកញឹក ប៊ុនឆៃ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បញ្ជាក់ថា តាមការស្តាប់ចម្លើយ និងភ័ស្តុតាង លោកញឹក ប៊ុនឆៃ គេចមិនផុតពីការចេញដីកាចោទប្រកាន់របស់តុលាការនោះទេ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យរដ្ឋាភិបាល អះអាងស្របគ្នាថា ករណីនេះ មិនមែនជារឿងនយោបាយទេ តែជាការអនុវត្តច្បាប់ក្នុងបទល្មើសគ្រឿងញៀន៕

RELATED ARTICLES