Saturday, May 18, 2024
Homeតារាខ្មែរខៀវ ដាឡិច មិនត្រឡប់ក្រោយ

ខៀវ ដាឡិច មិនត្រឡប់ក្រោយ

កញ្ញាខៀវ ដាឡិច ជាអតីតតារាចម្រៀងលេចធ្លោ មួយរូបរបស់ផលិតកម្ម Rock ក្នុងចំណោមតារាល្បីៗ មួយចំនួន ដូចជា លោកខាន់ ជែមស៍, កញ្ញាសួស វីហ្សា និងកញ្ញា ផន ស្រីខួច ជាដើម ហើយពេល Rock ផ្អាកផលិតចម្រៀង នាងក៏ចូលជ្រកនៅផលិតកម្ម BIGMAN  ហើយបច្ចុប្បន្ននេះ នាងជាតារាចម្រៀងលេចធ្លោមួយរូប របស់ផលិតកម្ម M ដែលកំពុងទាញបានការចាប់អារម្មណ៍ តាមរយៈបទចម្រៀង មួយចំនួន ដូចជា បទ “ប្រពន្ធលួចលាក់”, “លើស” និងបទ “ឈ្លោះត្រូវឈ្លោះត្រូវ” ជាដើម។

ក្នុងជំនួបជាមួយខៀវ ដាឡិច កាលពីថ្មីៗនេះ នៅស្ទូឌីយោប៉ុស្តិ៍បាយ័ន ស្ទឹងមានជ័យ ក្នុងកម្មវិធី “តន្ត្រីយុវវ័យ” នាងបានថ្លែងឱ្យដឹងថា អាជីពចម្រៀងរបស់នាងកំពុងតែបោះជំហានទៅមុខ ខណៈដែលនាងបានចូលច្រៀងនៅផលិតកម្ម M ជិតមួយឆ្នាំមកហើយ។

ដាឡិច ប្រាប់ថា “ខ្ញុំមានបទចម្រៀងនៅ M ៥ទៅ៦វ៉ុលហើយ ដែលទទួលបានការ គាំទ្រជាបន្តន្ទាប់ ហើយក៏បានចេញច្រៀង តាមកម្មវិធីប្រគំតន្ត្រីជាច្រើនផងដែរ”។

ពាក់ព័ន្ធនឹងផលិតកម្ម Rock គ្រោងបើកដំណើរការជាថ្មី ហើយថៅកែផលិតកម្ម បានប្រកាសប្រមូលតារា Rock  ឱ្យត្រឡប់មក ច្រៀងវិញ នោះ ខៀវ ដាឡិច បានអះអាងថា នាងមិនចាប់អារម្មណ៍ នឹងដំណឹងនេះទេ។ ថែមទាំងបញ្ជាក់ពីគោលជំហរថា មិនចង់ត្រឡប់ទៅចូល Rock វិញទៀតផង។

ដាឡិច បន្ថែមថា “ពេល Rock មានបញ្ហាផ្អាកផលិត ចម្រៀង ខ្ញុំនៅតស៊ូរង់ចាំយូរជាងគេ មុននឹងសម្រេចចិត្ត ចាកចេញ ហើយពេលនេះ ខ្ញុំមានកន្លែងមួយដែលរឹងមាំហើយ ដូច្នេះខ្ញុំមិនចង់ទៅណា ទេ។ ជាពិសេស មិនចង់ត្រឡប់ក្រោយតែម្តង”។

តារាឆោមស្រស់ខៀវ ដាឡិច បានទទួលស្គាល់ថា នាងមានឈ្មោះលេចធ្លោក្នុងសួនសិល្បៈ រហូតមកទល់ពេលនេះ ពិតជា តាមរយៈផលិតកម្ម Rock មែន គឺនាងមិនភ្លេចទេ តែនាងពិតជា មិនអាចត្រឡប់ក្រោយទៅចូល Rock វិញទេ។ ត្បិតអីនាងមាន ទ្រនំកក់ក្តៅហើយ។

ខៀវ ដាឡិច ជាតារាចម្រៀងមានមន្តស្នេហ៍ មួយរូប ដែលល្បីមានបុរសៗជាច្រើនតាមចោមស្រឡាញ់ មានទាំងមន្ត្រីធំ អ្នកជំនួញ និងឧកញ៉ា ជាដើម។ ប៉ុន្តែនៅពេលចោទសួរ ពីរឿងស្នេហា នាងបានអះអាងថា បច្ចុប្បន្ននេះ នាងមិនទាន់មានដៃគូស្នេហានៅឡើយទេ ហើយក៏មិនទាន់ចង់ គិតពីរឿងនេះដែរ គឺនាងកំពុងតែប្រឹងពង្រឹងអាជីព ចម្រៀងឱ្យកាន់តែ រឹងមាំជាងនេះសិន…៕                                                                                                        សុខ ស៊ីឡាង

ខៀវ ដាឡិច ពេលច្រៀងនៅឆាកតន្ត្រីទូរទស្សន៍បាយ័ន នាពេលកន្លងមក
ខៀវ ដាឡិច ពេលច្រៀងនៅឆាកតន្ត្រីទូរទស្សន៍បាយ័ន នាពេលកន្លងមក
RELATED ARTICLES