Monday, May 13, 2024
Homeតារាខ្មែរពេជ្រ សោភា ក្លាយជាម្តាយគេ

ពេជ្រ សោភា ក្លាយជាម្តាយគេ

ពេជ្រ សោភា ដែលបណ្តើរប្រុសក្មេង លោកឆឹម សក្កដា ដូចប្តីប្រពន្ធ ដើម្បីឱ្យប្រុសក្មេងរូបនោះបានល្បីឈ្មោះនោះ ពេលនេះអ្នកមេម៉ាយកំពុងតែឡើងកូដរូបនេះ បាននាំលោកសក្កដា ឱ្យចូលថតរឿងថ្មីរបស់ទូរទស្សន៍ហង្សមាស ដោយនាងថែមទាំងសម្តែងជាប្រពន្ធរបស់សក្កដា ទៀតផង។

ប្រភពបានឱ្យដឹងថា សោភា ជាអ្នកណែនាំសក្កដា ដើម្បីឱ្យបានចូលទៅថតរឿងថ្មីនោះ ហើយ បើទោះជានាងជាអ្នកចម្រៀងល្បី សមតែទទួលបានតំណែងជាតួឯកក្តី តែពេលនេះ ហង្សមាស បានឱ្យនាងធ្វើតួម្តាយ ក៏សោភា មិនប្រកែកដែរ ឱ្យតែបានសម្តែងធ្វើជាតួប្រពន្ធរបស់សក្កដា។

ពេជ្រ សោភា បាននិយាយប្រាប់អ្នកកាសែត កាលពីពេលថ្មីៗនេះថា នាងពិតជាចូលថតភាពយន្តថ្មីរបស់ហង្សមាស ប្រាកដមែន ហើយនាងត្រូវសម្តែងជាមួយលោកឆឹម សក្កដា ដែលរឿងនោះ ពេលដាក់បញ្ចាំង គឺប្រាកដជាល្បីជាមិនខាន។

សោភា ថ្លែងថា “ខ្ញុំពិតជាថតរឿងថ្មីឱ្យហង្សមាស មែន ខ្ញុំចាប់ដៃគូលេងជាមួយលោកឆឹម សក្កដា។ រឿងនោះមានតួល្បីៗច្រើនណាស់ តែខ្ញុំមិនអាចនិយាយបានច្រើនទេ ព្រោះអ្នកដឹកនាំរឿងគេមិនឱ្យនិយាយមុន”។

នេះជាលើកទី១ហើយ សម្រាប់ពេជ្រ សោភា ក្នុងការថតភាពយន្ត បន្ទាប់ពីនាងជ្រកកោនក្រោមផលិតកម្មរស្មីហង្សមាស ១២ឆ្នាំមកនេះ តែមហាជនជឿជាក់ថា ទោះបីនាងមិនមានបទពិសោធន៍ក្នុងការសម្តែងរឿងក្តី តែតាមរយៈការលេចមុខជាច្រើនរយបទ សម្តែងជា MV បទចម្រៀងនៅហង្សមាស នោះ នឹងមិនធ្វើឱ្យសោភា ជួបផលវិបាកឡើយ ជាពិសេស គឺការចាប់ដៃគ្នាជាមួយលោកឆឹម សក្កដា ដែលពួកគេធ្លាប់សម្តែងរួមគ្នាបទ “មិត្ត១០០ឆ្នាំ” នោះ។

ប៉ុន្តែសម្រាប់អ្នកដឹកនាំសម្តែងមួយរូប ដែលសុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា សោភា អាចនឹងធ្លាក់កូដវិញ តាមរយៈការថតរឿងថ្មីនេះក៏ថាបានដែរ ព្រោះនាងជាតារាចម្រៀងល្បីម្នាក់ បែរជាត្រូវបានគេទម្លាក់ឱ្យធ្វើជាតួម្តាយ។

ពេជ្រ សោភា ដៃម្ខាងជួយយោង Step និង ដៃម្ខាងទៀតជួយជ្រោមជ្រែងសក្កដា ដើម្បីឱ្យប្រុសក្មេងទាំង២បានល្បីដូចគ្នា តែអ្នកដែលនាងទុកចិត្តជាងគេនោះ គឺលោកសក្កដា ព្រោះអ្នកទាំង២ តែងតែបង្ហាញសកម្មភាពរួមគ្នាឱ្យគេចាប់អារម្មណ៍ដូចជាប្តីប្រពន្ធអ៊ីចឹង រហូតមានអ្នកខ្លះច្រឡំថា ពួកគេបានរួមរស់ក្រោមដំបូលតែមួយ តែពេជ្រ សោភា បានច្រានចោល ដោយហ៊ានស្បថថា នាងមិនបានរួមរស់ជាមួយសក្កដា នោះឡើយ ប៉ុន្តែនាងអះអាងថា រឿងស្នេហានាងជាមួយសក្កដា ជាការពិត ពុំមែនប្រឌិត ជាស្នេហាក្លែងក្លាយឡើយ។

ដោយមិនខ្វល់ពីអ្នករិះគន់ទាំងអស់ សោភា លេងមួយក្បាច់ទៀត ដើម្បីឱ្យរឿងស្នេហានាងកាន់តែក្រឡាប់ចាក់ នោះគឺការសណ្តោងលោកសក្កដា ទៅថតរឿងថ្មីឱ្យហង្សមាស ដោយនាងព្រមធ្វើជាប្រពន្ធរបស់ប្រុសក្មេងរូបនោះតែម្តង។ មហាជនបានលើកឡើងថា ប្រសិនបើរឿងស្នេហាពេជ្រ សោភា-ឆឹម សក្កដា នៅតែបន្តស្នេហាក្លែងក្លាយទាំងក្នុងរឿង និងក្រៅឆាកតទៅទៀតនោះ ច្បាស់ជាអ្នកទាំង២មានគូស្នេហ៍ពិតនៅក្រោយខ្នង ប្រចណ្ឌរៀងៗខ្លួនជាមិនខានឡើយ ហើយពេលនោះរឿងពិតមិនអាចបិទបាំងបានតទៅទៀតឡើយ។

ក្រៅពីពេជ្រ សោភា តារាចម្រៀងស្រីដែលឈានទៅថតភាពយន្ត មានដូចជា សុខ ពិសី, សុគន្ធ និសា, សុខ ស្រីនាង, អ៊ីវ៉ា, លីនដា, អែនជី, រ៉ាប៊ី ជាដើម ដែលធ្វើឱ្យពួកគេមានទាំងទីផ្សារចម្រៀងនិងសម្តែងព្រមគ្នាតែម្តង។ ដោយឡែកពេជ្រ សោភា ដែលក្លាយជាតួម្តាយគេពេលនេះ ប្រសិនបើនាងសម្តែងសមនោះ ប្រាកដជាត្រូវហង្សមាស រុញនាងឱ្យថតរឿងថ្មីតទៅទៀតជាមិនខាន ដល់ពេលនោះ សោភា អាចនឹងចុះខ្សោយខាងចម្រៀងវិញ ដោយសារតែនាងគ្មានពេលគ្រប់គ្រាន់ក្នុងការធ្វើបទចម្រៀងដូចមុនទៀត ព្រោះរវល់តែវក់វីសម្តែងឈុតស្នេហាជាមួយលោក ឆឹម សក្កដា៕

RELATED ARTICLES