Sunday, May 12, 2024
Homeតារាខ្មែរសុះ ម៉ាច ៖ មហាជនចង់ឃើញតារានៅអព្យាក្រិត

សុះ ម៉ាច ៖ មហាជនចង់ឃើញតារានៅអព្យាក្រិត

នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់ ចុងក្រោយនេះ ទាំងព្រលឹមស្រាង គេឃើញមានតារាប្រុសស្រីល្បីជាច្រើននាក់ បានសស្រាក់សស្រាំនាំគ្នាទៅដង្ហែបក្សប្រជាជន ក្នុងនោះមានដូចជា លោកព្រាប សុវត្ថិ, ណុប ប៉ាយ៉ារិទ្ធ, ឆន សុវណ្ណរាជ, សាន វិសាល, អ៊ិន សុបញ្ញា ហៅផាណូ, អៀង វិច្ឆ័យ, គួច ខេវិន, គង់ វិសាល,​ ឱក សុគន្ធកញ្ញា, សុគន្ធ និសា, ខាត់ សុឃីម, រតនៈ ពិសី, ថន លក្ខិណា, ហេង ផាន់ណា, នី មុនីនាថ, លី ច័ន្ទសីហា, សូ ដានីតា, ព្រីម មន្ថា, សុវត្ថិឌី ធារីកា ជាដើម ដែលពាក់អាវគណបក្សប្រជាជនដ៏គូរឲ្យទាក់ទាញ ហើយផុសរូបពេញ Facebook។

មហាជនជាច្រើនបានចាប់អារម្មណ៍តារាល្បីៗទាំងនោះជាខ្លាំងថាតាមពិតពួកគេ គឺសុទ្ធតែជាសមាជិកដ៍សកម្មរបស់គណបក្សប្រជាជនកម្ពុជាជាពិសេសគឺលោកព្រាប សុវត្ថិ បានឈរនៅក្បែរលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន តែម្ដង ហើយតារាចម្រៀងល្បីល្បាញរូបនេះមានទឹកមុខញញឹម​ រីករាយបំផុត។ ប៉ុន្ដែមហាជនបានឆ្ងល់ជាខ្លាំងថា ហេតុអីបានជាឆ្នាំនេះ មិនមានវត្តមានលោកសុះ ម៉ាច ដែលជាប្រធានសមាគមសិល្បករកម្ពុជា ទៅចូលរួមដង្ហែបក្ស បែរជាតារាល្បីរបស់ហង្សមាស សម្រុកនាំគ្នាទៅដូចទឹកបាក់ទំនប់ទៅវិញ។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជា បានឲ្យដឹងថា លោកជាប់រវល់បង្ហាត់កូនសិស្សដែលត្រូវទៅប្រលង The Voice Kids Cambodia ទើបអាក់ខានមិនបានទៅចូលរួមជាមួយគេ យ៉ាងណា លោកសូមសំណូមពរឲ្យប្រជាជនទាំងអស់ បើកចិត្តឲ្យទូលាយ កុំរើសអើងតារាសិល្បករយើងថា កាន់បក្សណាបក្សណីអី ព្រោះនេះជាសិទ្ធសេរីភាពនៃការគាំទ្រររបស់គាត់មានដូចប្រជាជនធម្មតាទូទៅដែរ។

លោកសុះ ម៉ាច បញ្ជាក់ថា ”ខ្ញុំមិនបានទៅដង្ហែបក្សទេ ព្រឹកមិញនេះ (ថ្ងៃទី០២ ខែមិថុនា) ព្រោះខ្ញុំជាប់បង្ហាត់កូនសិស្ស៤ទៅ៥នាក់ដែរ ដែលពួកគេត្រៀមឡើងប្រលងចម្រៀង The Voice Kids Cambodia។ ម្យ៉ាងទៀតខ្ញុំបានទទួលទូរស័ព្ទពីមិត្តភក្ដិខ្ញុំ ពួកគាត់មិនចង់ឲ្យខ្ញុំដង្ហែបក្សណាទេ ថាសុំឲ្យខ្ញុំនៅកណ្ដាលវិញ។ សម្រាប់ខ្ញុំសូមសំណូមពរដល់ប្រជាជនទាំងអស់ នៅពេលដែលឃើញតារាណាដង្ហែបក្សណាក៏ដោយ កុំរើសអើងគាត់អី ព្រោះគាត់ក៍មានសិទ្ធិដូចបងប្អូនទូទៅដែរ ជួនកាលគាត់ទៅដង្ហែបក្សហ្នុងមែន ក៏មិនប្រាកដថា គាត់បោះឆ្នោតឲ្យអ្នកណាដែរ ព្រោះបោះឆ្នោតជារឿងសម្ងាត់ អីចឹងបងប្អូនត្រូវបើកចិត្តឲ្យទូលាយ សម្រាប់សិល្បករទាំងអស់គ្នាផង កុំឲ្យគាត់សម្រាប់តែជាអ្នករងគ្រោះពេក មិនទៅដង្ហែបក្ស ក៏គេខឹង ទៅដង្ហែបក្ស ក៏គេជេរ គេរិះគន់ នោះមិនមែនជារឿងត្រឹមត្រូវទេ”។

គេសង្កេតឃើញថា កន្លងមកមានតារាល្បីៗសឹងតែទាំងអស់ បានទៅចូលរួមសកម្មភាពឃោសនារកសំឡេងឆ្នោតឲ្យគណៈបក្សប្រជាជនកម្ពុជា ហើយពួកគេតែងតែទទួលបានការបំពាក់សក្តិ ឬការកោតសរសើរពីថ្នាក់ដឹកនាំជានិច្ច។ តែក្នុងនោះមានតារាសម្ដែងម្នាក់ គឺលោកសោភ័ណ្ឌ ឡារី បែរជាហ៊ានចេញមុខជាចំហរដង្ហែគាំទ្រគណបក្សសង្គ្រោះជាតិហើយនៅទីបំផុត លោកឡារី សឹងតែអស់អាជីព ព្រោះតែលែងមានផលិតកម្មណាហ៊ានហៅថតទៀតហើយ។

ឆ្លើយតបសំណរថា នៅពេលដែលតារាល្បីៗចេញមុខដង្ហែបក្សដោយចំហយ៉ាងនេះ តើប៉ះពាល់ដល់អាជីព ឬប្រជាប្រិយភាពដែរឬអត់នោះ?

លោកសុះ ម៉ាច បញ្ជាក់ថា ”តាមពិតប្រជាជនទាំងអស់ចង់ឲ្យតារាៗយើងនៅអព្យាក្រិត គាត់មិនចង់ឲ្យយើងដង្ហែបក្សណាទេ។ ចំណែករឿងថាពេលគាត់ហែបក្សអីចឹង មានការប៉ះពាល់យ៉ាងម៉េចនោះ ខ្ញុំគិតថា ប្រាកដជាមានការប៉ះពាល់មែន គឺនៅពេលដែលពួកគាត់ទៅសម្ដែងនៅក្រៅប្រទេស បងប្អូននៅទីនោះ មិនសូវគាំទ្រគាត់ទេ នេះជារឿងមួយដែលមិនអាចប្រកែកបានទេ។ ខ្ញុំធ្លាប់ឆ្លងកាត់ហើយ ព្រោះខ្ញុំជាអតីតកូនប្រសាសពសម្ដេចជា ស៊ីម ផង ជាមន្ដ្រីរាជការម្នាក់ដែរ ពេលដែលខ្ញុំចេញទៅច្រៀងនៅក្រៅប្រទេស គឺគេមើលមកយើងក្នុងន័យផ្សេងទៅ។ ដោយឡែកតារាៗណាដែលហ៊ានចេញមុខគាំទ្របក្សប្រឆាំងជាចំហរ គឺសួរថា ពួកគាត់មានអនាគតអត់? អីចឹងអ្នកសិល្បៈយើង គឺសម្រាប់តែរងគ្រោះរហូតតែម្ដង។ ខ្ញុំសូមឲ្យបងប្អូនទាំងឡាយកុំស្អប់តារាៗយើងទៅហែបក្សអី គឺសំខាន់បងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយតារាៗយើងក៍ទៅបោះឆ្នោតជាសម្ងាត់ទាំងអស់គ្នា កុំយកគ្នាជាសត្រូវ ព្រោះយើងជាខ្មែរដូចគ្នាទេ។ រាល់ថ្ងៃគេគ្រប់គ្នាដឹងថា ខ្ញុំនៅបក្សប្រជាជន តែមិត្តភក្ដិខ្ញុំនៅបក្សផ្សេង តែពួកយើងនៅរាប់អានគ្នាធម្មតា លេងបាល់ជាមួយគ្នារាល់ថ្ងៃ មិនមានការបែងចែកថា បក្សណាបក្សណីអី អត់ទេ! ព្រោះជាសិទ្ធិរបស់យើងគ្រប់ៗគ្នា អ្នកដែលទៅដង្ហែបក្សណានោះ ក៏យើងមើលមិនដឹងថា គាត់នឹងបោះឆ្នោតឲ្យបក្សណាដែរ អីចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់បើកចិត្តឲ្យទូលាយចំពោះតារាសិល្បះករយើងផង”។

ទស្សនិកជនមិនតិចឡើយដែលចាប់អារម្មណ៍ការដង្ហែបក្សរបស់តារាចម្រៀងល្បី ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ម្ចាស់បទ ”រាំអីចេះ” កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ម្សិលមិញនេះ រហូតមានអ្នកខ្លះបានជជែកគ្នាថា តើតារាហង្សមាសទាំង២ នឹងចង់បោះបង់អាជីពច្រៀងមកប្រឡូកឆាកនយោបាយនាពេលខាងមុខឬ? ព្រោះកន្លងមកមានតារាល្បីៗ ដូចជា លោកសម តារា, ទេព វាសនា ជាដើម ដែលពេលនេះសុទ្ធតែក្លាយទៅជាមន្ដ្រីធំ ក្រោយពេលឈប់សម្ដែង ហើយឈានជើងចូលគណបក្សប្រជាជនកម្ពុជា៕

RELATED ARTICLES