Sunday, May 12, 2024
Homeតារាខ្មែរលោកគួច ខេវិន ចេញមុខនិយាយរឿងភាពខុសគ្នា ពីសិល្បៈបុរាណនិងសិល្បៈបែបអភិវឌ្ឍន៍

លោកគួច ខេវិន ចេញមុខនិយាយរឿងភាពខុសគ្នា ពីសិល្បៈបុរាណនិងសិល្បៈបែបអភិវឌ្ឍន៍

មួយរយៈចុងក្រោយនេះ មានព័ត៌មានផ្អើលពេញបណ្ដាញសង្គម Faccebook ដោយសារតែលោកអាចារ្យធំ បានចេញមុខវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកងួន ចាន់ដេវីត ហៅ G-Devith ដោយប្រើពាក្យធ្ងន់ៗបំផុត ដូចជាថាជាតារាបែកស្លុយនាំក្មេងខ្មែរឆ្កួតតាមវប្បធម៌កូរ៉េ សូម្បីតែឈ្មោះ ក៏ដាក់ឲ្យស្រដៀង G-Dragon ដែរ។ លោកអាចារ្យធំ បានហៅ G-Devith ថា អាពាល ប្រឹងកាប់ក្បាលលាបសក់តាមស្តាយកូរ៉េ នាំកូនខ្មែរវង្វេងវប្បធម៌ សូម្បីតែរូបសាក់ ក៏វាសាក់តែខ្មោច ម៉ែឪវាកូរ៉េ…។

ក្រោយរងការស្ពឹកមុខដោយសារតែលោកអាចារ្យធំ ជេរមួយប្រាវធំនោះ ស្រាប់តែ G-Devith បានឆ្លើយតបថា ហេតុអ្វីបានមានមនុស្សខ្លះតាំងខ្លួនថាជាអាចារ្យ តែបែរជាជេរគេក្ដែងៗ ដោយគេមិនដឹងអី នេះហើយដេវីត ថា លោកជាអ្នកចម្រៀងសម័យ ដូចនេះការធ្វើបទចម្រៀងទៅតាមទីផ្សារយុវវ័យ ហើយលោកច្បាស់ ១០០% ថាបទចម្រៀងទាំងអស់ដែលលោកបាននិពន្ធនិងច្រៀង គឺជាស្នាដៃលោកសុទ្ធសាធមិនបានចម្លងពីប្រទេសណាទេ បើមានលួចចម្លងពីគេមែន សូមឲ្យរន្ទះបាញ់លោកចុះ។ មិនត្រឹមតែមិនសប្បាយចិត្តដោយសារលោកអាចារ្យធំ វាយប្រហាដ៏ធ្ងន់ធ្ងរនោះទេ តែថ្មីៗនេះ ដេវីត បានចេញបទចម្រៀង១បទ ឆ្លើយតបទៅលោកអាចារ្យធំ ទៀតផង ដូចជាបង្កប់អត្ថន័យថា ”បែកស្លុយមិនមែនជាមនុស្សទេអីហា៎…”។ មហាជនបានយល់ថា ភាពចម្រូងចម្រាសរបស់លោកអាចរ្យធំ និងងួន ចាន់ដេវីដ ដែលនាំឲ្យទៅជាជម្លោះក្ដៅគគុកបែបនេះ គឺដោយសារតែតារាចម្រៀងទាំង២ មិនបានបែងចែកឲ្យដាច់រវាងសិល្បៈបុរាណនិងសម័យ ទើបបានជាតឹងសសៃកដាក់គ្នា​ហើយមើលមុខគ្នាលែងចំយ៉ាងនេះ។

ដោយឡែកថ្មីៗនេះដែរ​ នៅលើបណ្ដាញសង្គមFacebook របស់អ្នកផលិតកម្មវិធីទូរទស្សន៍ដ៍ល្បីល្បាញ​​ លោកគួច ខេវិន បានបង្ហោះសារ បញ្ចេញទស្សនៈផ្ទាល់ខ្លួន ទាក់ទងទម្រង់សិល្បៈបុរាណនិងសម័យ ដែលមិនទាក់ទងនឹងរឿងរ៉ាវជម្លោះតារាចម្រៀងទាំង២នាក់ឡើយ។

លោកខេវិន បានយល់ឃើញថា ”នៅក្នុងទម្រង់សិល្បៈ គេអាចបែងចែកទម្រង់សិល្បៈបែបបុរាណ និងទម្រង់សិល្បៈបែបអភិវឌ្ឍន៍។ សិល្បៈអភិរក្ស គឺជាការរក្សាទុកនូវទម្រង់ដើមទាំងស្រុង ដោយមិនធ្វើឲ្យប៉ះពាល់ខូចខាតខុសលក្ខណៈដើម…។ រីឯទម្រង់សិល្បៈអភិវឌ្ឍន៍ ឬក៍អាចហៅថាសិល្បៈសម័យ គឺគេបានធ្វើការស្រាវជ្រាវនូវអ្វីដែលប្លែក ទំនើប គួបផ្សំទៅតាមឧបករណ៍សម័យកាល ដែលវិវឌ្ឍន៍ទៅមុខជានិច្ចនោះ។ និយាយអំពីសិល្បៈអភិវឌ្ឍន៍ កាលពីឆ្នាំទៅមិញ ឯកឧត្តមហ៊ុន ម៉ានី បានបង្កើតនូវថ្វីដៃទំនើបមួយ ដែលជាចង្វាក់ចាស់ តែក្បាច់រាំថ្មី គឺក្បាច់រាំម៉ាឌីហ្សូន ដែលធ្វើឲ្យកក្រើកល្បីល្បាញ និងពេញនិយម ព្រមទាំងទទួលនូវមេដាយអន្ដរជាតិឯកត្តកម្មពិភពលោក ប្រចាំឆ្នាំ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ទៀតផង។ រីឯលោក PSY របស់កូរ៉េ បានបង្កើតថ្វីដៃជាច្រើន ដូចជា បទ Gangnam Style Or Sexy Lady ដែលក្មេងចាស់នៅលើពិភពលោក ពេញនិយមឡើងវ៉ល់ដូចត្រីពុលទឹក… នេះហើយគេហៅថា សិល្បៈអភិវឌ្ឍន៍ ឬសិល្បៈទៅតាមសម័យកាល។ ចូរមនុស្សគ្រប់គ្នាបើកបេះដូងទទួលយកនឹងចូលរួមលើកទឹកចិត្ត ដល់អ្នកណាដែលមានទេពកោសល្យ អាចបង្កើតបាននូវថ្វីដៃអ្វីមួយថ្មីៗ។ វាពិតជាមិនងាយនោះទេ សម្រាប់មនុស្សម្នាក់ៗដែលអាចបង្កើតបាននូវសមិទ្ធផលសិល្បៈថ្មីៗ ដែលអាចទាក់ទាញមនុស្សទូទាំងប្រទេស ឬទូទាំងពិភពលោក ឲ្យទទួលស្គាល់ ចាប់អារម្មណ៍ និងឲ្យតម្លៃដ៍ខ្ពង់ខ្ពស់លើសមិទ្ធិផលថ្មីមួយនោះ…”។

ថ្វីត្បិតតែលោកគួច ខេវិន មិនបានបង្ហាញការចាប់អារម្មណ៍ទៅលើភាពចម្រូងចម្រាសរវាងជម្លោះលោកអាចារ្យធំ ដែលវាយប្រហារតារាចម្រៀងងួន ចាន់ដេវីត ពីរឿងបទបែកស្លុយមែន តែការបញ្ចេញទស្សនៈបែបអប់រំនៅពេលនេះ គឺចំពេលដែល Fan តារាចម្រៀងទាំង២ កំពុងតែតឹងសរសៃកដាក់គ្នា ហើយសាររបស់លោកខេវិន នៅពេលនេះ អាចជាការយកមកត្រិះរិះពិចារណាបាន រវាងសិល្បៈបុរាណ និងសិល្បៈអភិវឌ្ឍន៍នៅពេលនេះ៕

RELATED ARTICLES