Tuesday, May 21, 2024
Homeតារាខ្មែរអ្នកនាងយុគ ចិន្តា ធ្វើសន្និសីទកាសែត ក្រោយក្លាយជា CEO ក្រុមហ៊ុន TMS (Talent Management Service)

អ្នកនាងយុគ ចិន្តា ធ្វើសន្និសីទកាសែត ក្រោយក្លាយជា CEO ក្រុមហ៊ុន TMS (Talent Management Service)

ពិធីការិនីដ៍មានឥទ្ធិពលរបស់បណ្ដាញទូរទស្សន៍ CTN អ្នកនាងយុគ ចិន្ដា ដែលប្រកាសកាលពីខែមុនថា អ្នកនាងនឹងក្លាយទៅជាប្រធានក្រុមហ៊ុន TMS ដែលនៅក្រោមការគ្រប់គ្រង (CEO) របស់ CBS នោះ ពេលនេះបានក្លាយទៅជាការពិត ហើយដោយបានរៀបចំធ្វើសន្និសីទកាសែតជាផ្លូវកា នៅ Studio CTN កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ដោយមានសមាជិករបស់ TMS និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

អ្នកនាងយុគ ចិន្ដា ដែលជា Ceo របស់ក្រុមហ៊ុនកម្សាន្ដ TMS បាននិយាយថា អ្នកនាងនឹងរៀបចំគោលការណ៍ឲ្យ TMS ក្លាយទៅជាទីពេញនិយម នៃបណ្ដុំសិល្បៈដែលមានគ្រប់ប្រភេទ ក្រោមការបណ្ដុះបណ្ដាលពីអ្នកជំនាញសិល្បៈ ដើម្បីឲ្យសិល្បករខ្មែរកាន់តែមានសមត្ថភាព និងមានការងារធ្វើមានប្រាក់ចំណូលច្រើន។

អ្នកនាងចិន្ដា រៀបរាប់ថា ”យើងត្រូវការវិស័យសិល្បៈលំដាប់ខ្ពស់ឲ្យមានកម្រិតមួយ ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង។ TMS ថ្វីត្បិតតែជាក្រុមហ៊ុនថ្មីមួយរបស់ CBS តែយើងទើបបង្កើតដើម្បីចូលជ្រាបគ្រប់ផ្នែកទាំងអស់ ខាងផ្នែកវិស័យសិល្បៈ ដើម្បីឲ្យអ្នកវិនិយោគ ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ ត្រូវការ TMS ពួកយើងនឹងធ្វើសេវាកម្មល្អជូនគាត់ទាំងអស់គ្នា។ យើងសង្ឃឹមថា TMS នឹងទៅជាទីជម្រកមួយសម្រាប់សិល្បករសិល្បការិនីដែលគាត់មានសមត្ថភាព គាត់នឹងចូលជ្រកក្រោមដំបូល TMS ដែលមានសេវាកម្មខាងសិល្បៈគ្រប់ផ្នែកទាំងអស់ ហើយយើងនឹងមានឱកាសឈានចូលឆាកអន្ដរជាតិ”។

អ្នកនាងយុគ ចិន្ដា ប្រាប់ថា អ្នកសិល្បៈដែលចូលជ្រកនៅក្រោម TMS មិនមែនចេះតែចូលបានទេ គឺទាល់តែមានសមត្ថភាពគ្រប់គ្រាន់ មានរូបសម្បត្តិសមរម្យជាតារាសិល្បៈ ទើបអាចទៅរួច ជាពិសេស គឺបើជាអ្នកចម្រៀង ទាល់តែអាចនិពន្ធបទភ្លេង ជា Original Songs បានទើបក្លាយទៅជាសមាជិករបស់ TMS​បាន។

 

យុគ  ចិន្ដា បន្ថែមថា ”យើងមានការងារឲ្យពួកគាត់ច្រើន តាមបណ្ដាខេត្តនានា ការថតភាពយន្ដ ឬកិច្ចការផ្សេងៗ ដែលក្នុងនាមគាត់ជាសមាជិករបស់ TMS ។ យើងនឹងពង្រីកខ្លួនរបស់យើងឲ្យធំធាត់ យើងទើបចាប់ផ្ដើម ដែលមានអ្នកខ្លះគាត់ស្គាល់ និងខ្លះទៀតក៍មិនទាន់ស្គាល់។ TMS គឺជាសេវាកម្មគ្របដណ្ដប់ខាងវិស័យសិល្បៈគ្រប់ជំនាញទាំងអស់ យើងអាចរៀបចំកម្មវិធីជាច្រើន ដែលទាក់ទងសិល្បៈ ហើយជាកន្លែងមួយដែលជួយផ្សព្វផ្សាយអំពីវិស័យសិល្បៈរបស់យើងឲ្យរឹតតែមានការជឿនលឿនថែមទៀត”។

អ្នកនាងយុគ ចិន្ដា ក៍នឹងបង្ហាត់ផ្ទាល់ផងដែរ ក្នុងជំនាញអ្នកដែលចង់ក្លាយទៅជាពិធីការិនីអាជីព ហើយចូលមកក្រុម TMS ចំណែកខាងអាជីពសម្ដែងចម្រៀងវិញ ក៍មានអ្នកជំនាញទាំងបរទេស និងខ្មែរ ជួយបង្ហាត់ដល់ប្អូនៗក្នុងក្រុម TMS នេះដែរ។ ដោយឡែកអ្នកដែលក្លាយទៅជាសមាជិករបស់ TMS ទាំងអស់ គឺពួកគាត់មានប្រាក់ខែជាស្រេចជារៀងរាល់ខែ ហើយនៅពេលថតសិល្បៈឬច្រៀង គឺនឹងមានប្រាក់បន្ថែមទៀត។

យុគ ចិន្ដា បន្ថែមថា ”ពេលនេះសមាជិករបស់ TMS គឺមាន៨នាក់ គឺលោកសេម , ម៉ា ច័ន្ទបញ្ញា, សៃ, ប៉ូឡារីន, អ៊ីញ អ៊ីញ, សៀរ៉ា, To MC Bull និងក្រុមរាំ TOP Sand។ យើងនៅមិនទាន់មានតារាសម្ដែងទេ ព្រោះយើងត្រូវការតារាចម្រៀង អ្នកធ្វើភ្លេងជាមុនសិន តែ TMS នឹងមានបណ្ដុំគ្រប់ប្រភេទទាំងអស់នៃសិល្បៈ”។

អ្នកសិល្បៈជាច្រើននិយាយថា ដោយសារតែការមមាញឹកខាងអាជីពពិធីការិនីនៅ CTN និងមុខជំនួញជាច្រើន ហើយពេលនេះ ក្លាយទៅជា Ceo របស់ក្រុមហ៊ុន TMS នេះ ហើយបានជាអ្នកនាងយុគ ចិន្ដា គិតតែពីលើកមង្គលការបន្ដបន្ទាប់ ជាមួយលោកវុទ្ធី បណ្ឌិត ហៅសម័យ រហូតដល់មានគេសង្ស័យថា អ្នកទាំងទាំង២ រង្គោះរង្គើស្នេហ៍ទៀតផង។ តែតាមពិត ចំណងស្នេហ៍ឆ្លងទ្វីពអ្នកនាងយុគ ចិន្ដា នៅតែផ្អែមល្ហែមដដែល គ្រាន់តែយុគ ចិន្ដា ជាតារាម្នាក់ដែលយកការងារសំខាន់ជាងស្នេហា បានជាចង់ភ្លេចរឿងក្រាបផ្ទឹមបែបនេះ៕

RELATED ARTICLES