Wednesday, May 20, 2026
Homeព័ត៌មានជាតិតថភាពសង្គមកម្ពុជា យកព្រៃ យកដី ធ្វើសេដ្ឋី រដ្ឋខ្ចីលុយគេ កសាងជាតិ

តថភាពសង្គមកម្ពុជា យកព្រៃ យកដី ធ្វើសេដ្ឋី រដ្ឋខ្ចីលុយគេ កសាងជាតិ

ភ្នំពេញៈ អ្នកវិភាគនយោបាយនិងសង្គម លោកបណ្ឌិតឡៅ ម៉ុងហៃ បានលើកឡើងពីតថភាពនៃសង្គមកម្ពុជា ក្នុងន័យរិះគន់សង្គមថា អ្នកមានលុយ មានអំណាច យកព្រៃ យកដី ធ្វើសេដ្ឋី ចំណែករដ្ឋខ្ចីលុយគេ កសាងជាតិ ។

លោកបណ្ឌិតឡៅ ម៉ុងហៃ បានសរសេរនៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “យកព្រៃ យកដី ធ្វើសេដ្ឋី រដ្ឋខ្ចីលុយគេ កសាងជាតិ” ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិតឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា សង្គមនេះ បើគិតពីរឿងដីធ្លី វាទៅជាសង្គមសក្ដិភូមិទៅហើយ ដោយសារអ្នកមានលុយ អ្នកមានអំណាច ទៅទិញដីថោកៗពីប្រជាពលរដ្ឋ ហើយហៅអ្នកក្រៅមកវិនិយោគ ធ្វើឲ្យដីឡើងថ្លៃស្រឺតៗ លក់វិញមិនបានទេ ហើយពលក្រីក្រ អត់ដី ចំណាកស្រុកទៅធ្វើការនៅស្រុកគេ ។ រីឯបញ្ហាអស់ព្រៃ ធនធានធម្មជាតិ បើឥតមានការគប់គិត និងប្រើប្រាស់ឲ្យមានតុល្យភាព ប្រហែលជាយើងថែរក្សាបាន ព្រោះក្នុងរដ្ឋធម្មនុញ្ញ ចែងហើយថា ភោគទ្រព្យធម្មជាតិនេះប្រើប្រាស់ចុះ ប៉ុន្តែឲ្យមានតុល្យភាព ។ ដូច្នេះលោកសប្បាយចិត្ត បើសិនជាព្រៃអស់ តែចេញជាថ្នល់ ស្ពាន សាលារៀន ពេទ្យ រោងចក្រ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រោះចេញពីកន្លែងមួយ ទៅកន្លែងមួយ ហើយលុយដែលខ្ចីគេមកសាងជាតិ ក៏ត្រូវធ្វើឲ្យមានតម្លាភាព និងធ្វើឲ្យលុយដែលខ្ចីបរទេសនោះ ក្លាយជាលុយនៅក្នុងស្រុក កុំឲ្យចេញទៅក្រៅ ។

លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ ខ្ញុំតាមដានមើល ហើយខ្ញុំចាប់អារម្មណ៍ ដោយសារខ្ញុំហ្នឹងមានការចេះដឹង ហើយនិងចូលចិត្តពីភូមិសាស្រ្ត សេដ្ឋកិច្ចជាតិ និងប្រវត្តិសាស្រ្តជាតិនេះ តាំងពីតូចម៉្លេះ ហើយខ្ញុំសង្កេតឃើញថា រឿងទំនាស់ដីធ្លីនេះ មានរចនាសម្ព័ន្ធការកាន់កាប់ដីធ្លី តាំងពីជំនាន់អ៊ុនតាក់មក ។ ដូច្នេះដូរយ៉ាងម៉េច បើប្រៀបទៅនឹងពីដើម ដែលខ្ញុំរៀនសូត្រ កាលជំនាន់សង្គមរាស្រ្តនិយម អ្នកមានដីធំបំផុត ដូចខ្ញុំចាំ មានតែ១៣២ហិកតារទេ នៅក្នុងសៀវភៅដែលខ្ញុំរៀន ពីរឿងការកាន់កាប់ធ្លីនៅក្នុងប្រទេសកម្ពុជា ហើយជាមធ្យម ខ្មែរម្នាក់ៗ គឺមានដីជិតពីរហិកតារ ។ ឥឡូវនេះ ពីរហិកតារ ឬក៏១០០ហិកតារ វាដូចជាតិច តាមការជជែកគ្នាអី ហើយឃើញជាក់ច្បាស់ ហើយច្បាប់ក៏ចែងដែរ ពីម្នាក់ៗអាចមានដីហ្នឹងរហូតទៅដល់រាប់ម៉ឺនហិកតារឯណាណោះ ខ្ទង់ពាន់ហិកតារ ១០០ហិកតារ មានច្រើនជាងហ្នឹងទៀត ។ អ៊ីចឹងខ្ញុំគិតថា នោះហើយសង្គមនេះ បើគិតពីរឿងដីធ្លី វាទៅជាសង្គមសក្ដិភូមិទៅ ដោយសារអ្នកមាន អ្នកមានអំណាច ទៅទិញដីថោកៗពីប្រជាពលរដ្ឋមក ហើយអ្នកក្រៅទៅទៀត មកវិនិយោគរឿងដីធ្លី ចាប់ផ្ដើមពីថៃ រហូតទៅដល់ចិន ធ្វើឲ្យដីហ្នឹងឡើងថ្លៃស្រឺតៗ កាលណាលក់ ទិញវិញមិនបានទេ ដែលជាកត្តាមួយ ធ្វើឲ្យមានចំណាកស្រុក រាស្រ្តតូចដែលអត់ដី ក៏ចំណាកស្រុកទៅធ្វើការនៅស្រុកគេទៅ អាហ្នឹងមួយ ។ ឯរឿងព្រៃនេះ ខ្ញុំឧស្សាហ៍ដើរណាស់ នៅប្រទេសកម្ពុជានេះ ក្រោយអ៊ុនតាក់ ខ្ញុំដើរដូចជា១០ខេត្តទៅហើយ ច្រើនស្រុកហើយ ទៅព្រំដែន ទៅអីនេះ ហើយខ្ញុំឃើញចេះតែហោចទៅៗ តាមផ្លូវដែលខ្ញុំធ្វើដំណើរហ្នឹង ហើយក៏ឃើញគំនរឈើដែលគេកាប់ ហើយវាចេញជ័រថ្មីៗហ្នឹង មានច្រើនកន្លែងណាស់ ហើយតាមដឹង ក្រុមហ៊ុនបរទេស មានក្រុមហ៊ុនម៉ាឡេស៊ី ជំនាញខាងកាប់ឈើហ្នឹង គេមក ហើយគេមកស្រួលម្យ៉ាងដែរ ដោយសារអត់មានការលេចឮខ្ចរខ្ចាយអីច្រើន យុទ្ធសាស្រ្តគេកុំឲ្យមានការខ្ចរខ្ចាយ ។ ដូច្នេះឃើញហើយ ១០ឆ្នាំំមុន កន្លែងដែលខ្ញុំរស់នៅកាលពីមុនមានព្រៃ បន្តទៅព្រៃឡង់អីហ្នឹង សុទ្ធតែព្រៃ ហើយនិងឃើញស្វា ឃើញអីនៅក្នុងព្រៃហ្នឹងថែមទៅទៀត កាលពី១០ឆ្នាំមុន តែឥឡូវអស់ទៅ ហើយអត់មានអ្នកស្រុកអី អ្នកក្រីក្រអី កាប់អារទាំងគរ មានឡានដឹកចេញអីអ៊ីចឹងទេ ព្រោះឡានដឹកហ្នឹង តាំងពីជំនាន់អ៊ុនតាក់មក ខូងផ្លូវ ឡានមួយ ៤ដើម ៥ដើម តាមធំ តាមតូចអ៊ីចឹងទៅ ហើយឃើញច្បាស់តែម្ដង ។ បញ្ហាអស់ព្រៃនេះ ខ្ញុំថា បើឥតមានការគប់គិតទេ ប្រហែលជាយើងថែរក្សាបាន យ៉ាងហោចគេថា តុល្យភាព ព្រោះក្នុងរដ្ឋធម្មនុញ្ញចែងហើយថា ភោគទ្រព្យធម្មជាតិនេះប្រើប្រាស់ចុះ ប៉ុន្តែឲ្យមានតុល្យភាព កុំចេះតែកាប់រានព្រៃ រ៉ែចេះតែជីក មិនដឹងយកលុយហ្នឹងទៅប្រើប្រាស់របៀបម៉េច? ហើយខ្ញុំសប្បាយចិត្តណាស់ បើសិនជាព្រៃអស់ចុះ ប៉ុន្តែឲ្យចេញជាថ្នល់ ស្ពាន ហើយនិងសាលារៀន ពេទ្យ រោងចក្រ អាហ្នឹងទើបខ្ញុំសប្បាយចិត្តទៅវិញ ព្រោះចេញពីកន្លែងមួយ ទៅកន្លែងមួយ ហើយកើនច្រើនជាងនេះតទៅមុខទៀត ហើយខ្ញុំចេះតែស្នើដែរថា រដូវធ្លាក់ភ្លៀង យើងត្រូវមានគោលនយោបាយដាំដើមឈើឡើងវិញ នៅកន្លែងណាដែលដាំបាន ដាំ! រួចចក្ខុវិស័យមួយ គឺឲ្យប្រទេសកម្ពុជា ទៅជាប្រទេសបៃតង ដាំមុខផ្ទះ កុំធ្វើរបងថ្ម ធ្វើរបងដាំដើមឈើ ។ នៅស្រុកគេ នៅអូស្រ្តាលី គេដាំដើមឈើ គេកាប់ដីវាល បោះស្លឹកភ្នំហ្នឹងស្រាស់ដូចរបងអ៊ីចឹង សូម្បីតែឆ្កែចេញចូលក៏អត់បានផង “ ។

លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ចំពោះការខ្ចីបុលបរទេស ខ្ញុំថា អាចខ្ចីគេតិច និងកាត់បន្ថយការខ្ចីហ្នឹង ។ ខ្ញុំឮសូរថា អ្នកមានគេដទៃទៀត ខ្លះមានដល់ពាន់លានដុល្លារអីអ៊ីចឹង តើបានពីណាមក? ក្នុងន័យនេះ ខ្ញុំក៏សម្គាល់ថា ការដែលរដ្ឋចេះតែខ្ចីលុយគេនោះ បណ្ដាលមកពីយើងចាយច្រើនពេកទៅលើបុគ្គលិក មន្រ្តីរាជការ វាច្រើនពេក ។ ខ្លះនោះ គ្រាន់តែទៅមានវត្តមានទេ ហើយទៅផ្ទះវិញទៅ អត់មានការងារធ្វើ ព្រោះវាច្រើនពេក ហើយឥឡូវនេះ យើងមានឧបករណ៍ជួយធ្វើការហ្នឹងឲ្យបានឆាប់រហ័ស ការពិតទៅកន្លែងណា ក៏យើងអាចធ្វើការបានដែរ មិនបាច់ទៅការិយាល័យផងក៏បាន ហើយបើកាត់បន្ថយទៅ យើងបានលុយហ្នឹង យ៉ាងហោចណាស់ក៏មានតុល្យភាពថវិកា ចំណូល ចំណាយ ខ្ចីគេដែរ តែខ្ចីគេតិច ។ ម្យ៉ាងទៀត ការខ្ចីលុយនេះ មានបញ្ហាអ៊ីចេះ! ដូចអ្នករកស៊ីអ៊ីចឹង យើងខ្ចីលុយគេយកមកចាយវាយ យកមកវិនិយោគទុន ដើម្បីឲ្យមានបាន បានចំណេញ ហើយទៅសងគេវិញទៅ អាហ្នឹងយើងត្រូវគិតអ៊ីចឹង អាហ្នឹងគឺដូចក្រុមហ៊ុនឯកជនអ៊ីចឹង គឺក៏មានជំពាក់គេតិចច្រើនអ៊ីចឹងទៅ ប៉ុន្តែគេមានមធ្យោបាយយកប្រាក់ចំណេញហ្នឹងសងគេវិញ ខ្ចីធនាគារ ខ្ចីអីក៏អ៊ីចឹងដែរ អ្នករកស៊ីតូចតាចក៏អ៊ីចឹងដែរ ។ ដូច្នេះយើងត្រូវគិតអ៊ីចឹង ជួនកាល កន្លែងខ្លះ យើងត្រូវខាំលុយចាយហ្នឹងទៅ មានល្បីលុយក្រោមតុទៀត ធ្វើការហ្នឹង លុយកម្ចី លុយអី យកមកចាយហ្នឹង ដូចជាមានអំពើពុករលួយអីច្រើនដែរ ។ កាលខ្ញុំរៀននៅប្រទេសគេជឿនលឿន ប្រទេសអង់គ្លេស នៅក្នុងថ្នាក់ មានអ្នកប្រាជ្ញគេសរសេរថា គេឲ្យខ្ចីលុយ ឬជួយប្រទេសក្រីក្រ គេថា យកពន្ធពីប្រជាជនក្រីក្រ ជួយអ្នកមាន ប្រទេសក្រ ពាក់ព័ន្ធនេះ គឺដោយសារអារឿងពុករលួយហ្នឹង ។ ខ្ញុំមិនមែនថានៅស្រុកខ្មែរទេ ប៉ុន្តែនៅស្រុកគេ នៅក្រីក្រ នៅជំនាន់ខ្ញុំទៅរៀនហ្នឹង គឺអ៊ីចឹងឯង ។ ដូច្នេះដោះស្រាយរឿងខ្ចីលុយគេ កសាងជាតិនេះ ខ្ញុំថា ទី១ ដីធ្លី មានច្រើនដែរ ម្ល៉ោះហើយជនក្រីក្រ បើគួរចែកៗទៅ ៥ហិកតារម្នាក់ៗទៅ ឲ្យមានដូចគ្នាផងទៅ ជាដីធ្លីរបស់ជាតិដូចគ្នាទេ កុំឲ្យម្នាក់ៗគិតតែទិញចេញពីអ្នកក្រ យកដីគេ យើងឃើញហើយ តាំងពីក្រោយអ៊ុនតាក់មក ពេលមានការតវ៉ារឿងដីធ្លីបន្តិច គេបញ្ជូនកម្លាំងដេញ ។ ដូច្នេះឈប់ឲ្យមានដេញ អ្នកណានៅកាន់កាប់ណា ជំហរទៅ ឲ្យកាន់កាប់ទៅ មិនមែនទៅយកពីប្រជាពលរដ្ឋនៅក្រុង ទៅឲ្យប្រជាពលរដ្ឋនៅក្រុងទៀតទេ បើមានក៏ល្អដែរ ប្រជាពលរដ្ឋមានទាំងអស់គ្នាតើ!​ ឯព្រៃឈើអ៊ីចឹងដែរ ត្រូវដាំំឡើងវិញ ដើម្បីឲ្យមានតុល្យភាព វាមានការប្រើប្រាស់ ជាព្រៃអីទៅ ដែលយើងអាចដាំដុះវិញបានហ្នឹង ហើយរឿងខ្ចីលុយកាក់គេ យើងត្រូវមើល យើងយកចំណេញតិច​ យើងខ្ចីលុយ ខ្ចីកាក់គេហ្នឹង ថាសុំមកធ្វើគម្រោងនេះ គម្រោងនោះ ប៉ុន្តែយើងមានវិស្វករអីចូលរួមក្នុងស្រុកឲ្យបានច្រើន ពលកម្មក្នុងស្រុកឲ្យបានច្រើន ។ អាហ្នឹងហើយបានខ្ចីលុយគេមក លុយហ្នឹងនៅក្នុងស្រុកយើង បើសិនជាដូចខ្ញុំឃើញចិនមកសាងអគាររបស់គេ គេយកកម្មករគេមក គេយកលុយគេទៅវិញទៅ ។ អ៊ីចឹងយើងទិញរបស់របរគេមកសាងសង់ ស៊ីម៉ងត៍ ដែក អំពូលភ្លើងស្អីៗ គេយកលុយហ្នឹងទៅវិញទៅ ។ អ៊ីចឹងយើងគិតធ្វើម៉េចឲ្យលុយកម្ចីហ្នឹងឲ្យនៅក្នុងស្រុកយើងឲ្យបានច្រើនបំផុត ហើយចាំបាច់ហើយឲ្យមានតម្លាភាព សភាគួរតែតាមដានមើលម្ដងម្កាលហើយ កោះហៅសួរបំភ្លឺរឿងខ្ចីលុយ ប៉ុន្តែយើងនេះមិនមាត់ទៅទៀត មិនតាមមើលថវិកា ថាខ្ចីលុយគេប៉ុន្មានពាន់លានៗ ដើម្បីគម្រោងអីខ្លះៗ ហើយនិងគម្រោងហ្នឹងចាប់ផ្ដើមពីអង្កាល់ និងចប់អង្កាល់ អស់ប៉ុន្មានអីប៉ុន្មាន ខ្ញុំអត់ឃើញនៅក្នុងថវិកាហ្នឹង “ ។

ជុំវិញការលើកឡើងរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ ខាងលើនេះ សម្រាប់អ្នកឃ្លាំមើល និងអ្នកនយោបាយ នៃគណបក្សក្រៅរដ្ឋាភិបាល យល់ថា ការលើកឡើងនេះ ហាក់ចង់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងការរិះគន់ទៅលើបញ្ហាសំខាន់ៗចំនួន៣ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា រួមមានៈ

១. ការបាត់បង់ធនធានធម្មជាតិ (យកព្រៃ យកដី ធ្វើសេដ្ឋី) សំដៅទៅលើសកម្មភាពកាប់ទន្ទ្រានព្រៃឈើ និងការរំលោភយកដីធ្លីពីសំណាក់អ្នកមានអំណាច ឬបុគ្គលមានទ្រព្យធន ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬធ្វើអាជីវកម្មផ្សេងៗ រហូតក្លាយជាសេដ្ឋី នៅលើការបាត់បង់សម្បត្តិរួមរបស់ជាតិ ខណៈដែលបញ្ហាដីសម្បទានសេដ្ឋកិច្ច ជារឿយៗត្រូវបានគេមើលឃើញថាជាដើមចមនៃជម្លោះដីធ្លី និងការបាត់បង់ផ្ទៃដីព្រៃឈើយ៉ាងច្រើន។ 

២. បំណុលសាធារណៈ (រដ្ឋខ្ចីលុយគេ)  រដ្ឋាភិបាលតែងតែធ្វើការខ្ចីបុលពីបរទេស ដូចជា ចិន ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីយកមកគាំទ្រថវិកាជាតិ និងការចំណាយផ្សេងៗ។ ទោះបីជារដ្ឋអះអាងថាជាការខ្ចីដើម្បីអភិវឌ្ឍ ប៉ុន្តែវាបានក្លាយជាកង្វល់របស់ប្រជាពលរដ្ឋចំពោះបន្ទុកបំណុលនាពេលអនាគត។ 

៣. ការកសាងជាតិ ជាពាក្យស្លោក ឬគោលដៅដែលរដ្ឋាភិបាលតែងប្រើដើម្បីបង្ហាញពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និងសាលារៀន។ ប៉ុន្តែក្នុងន័យឌឺដង ឃ្លានេះចង់បង្ហាញថា ការកសាងជាតិនេះ ហាក់មានតម្លៃខ្ពស់ ដែលត្រូវដោះដូរមកវិញ ដោយការលះបង់ធនធានធម្មជាតិ និងការជំពាក់បំណុលគេ។

ជារួម ឃ្លានេះ គឺជាការរិះគន់បែបចំអកទៅលើតុល្យភាពនៃការអភិវឌ្ឍន៍ ដែលភាគលាភបានទៅលើបុគ្គលមួយក្ដាប់តូច (សេដ្ឋី) តែផលប៉ះពាល់ (បាត់បង់ព្រៃឈើ និងបំណុល) គឺជារបស់ប្រជាពលរដ្ឋទូទៅជាអ្នករងគ្រោះ ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា បញ្ហាដូចដែលលោកបណ្ឌិតឡៅ ម៉ុងហៃ បានលើកឡើងខាងលើនេះ គឺជាតថភាពសង្គម ដែលនៅតែកំពុងបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ។ ពោលគឺការដែលរដ្ឋខ្ចីលុយគេ កសាងស្រុកទេស ដោយសារពួកឧកញ៉ា មហាសេដ្ឋីដែលនៅជុំវិញអ្នកកាន់អំណាច ប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចជាតិ យកដីរដ្ឋ យកដីព្រៃ បំផ្លិចបំផ្លាញធម្មជាតិ ធ្វើជារបស់ខ្លួនឯង អត់បានចូលចំណូលជាតិ។ ដូច្នេះលោកគាំទ្រចំពោះការលើកឡើងរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ ដែលចង់ឲ្យរាជរដ្ឋាភិបាល គិតគូរឡើងវិញចំពោះរឿងអស់នេះ គ្រប់គ្រងព្រៃឈើ ដីធ្លីតាមច្បាប់ទម្លាប់ ហើយចែកភាគលាភ ជូនពលរដ្ឋ ឲ្យបានយុត្តិធម៌ ដាក់ជាចំណូលជាតិឲ្យបានត្រឹមត្រូវ នៅក្នុងន័យកសាងជាតិ លើផ្លូវត្រូវ សមធម៌ និងយុត្តិធម៌ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ ខ្ញុំក៏មានគំនិតមិនខុសពីគាត់ដែរ ក្នុងរឿងហ្នឹង ។ គាត់សរសេរមិនសូវចំ ចំពោះនរណាម្នាក់ទេ ប៉ុន្តែក្នុងបំណងថា អ្នកដែលយកដី យកព្រៃ ធ្វើសេដ្ឋី ហើយរដ្ឋខ្ចីលុយគេ កសាងជាតិនេះ វាពិតមែនហើយ ។ អ្នកយកដីគេ យកព្រៃទៅលក់ បំផ្លាញអីនេះ ធ្វើជាសម្បត្តិខ្លួនឯងនេះ វាមានច្រើនហើយ ហើយអ្នកអស់ហ្នឹង សុទ្ធតែពួកអ្នកមានអំណាច ពួកមន្រ្តីធំៗរបស់ជាតិហ្នឹង បច្ចុប្បន្នហ្នឹង ហើយនិងពួកឧកញ៉ា មហាសេដ្ឋីដែលនៅជុំវិញអ្នកកាន់អំណាច ប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចជាតិ យកដីរដ្ឋ យកដីព្រៃ បំផ្លិចបំផ្លាញធម្មជាតិ ធ្វើជារបស់ខ្លួនឯង ។ អ៊ីចឹងទៅ វាអត់មានចំណូលជាតិក្នុងរឿងហ្នឹង ។ អ៊ីចឹងហើយបានជារដ្ឋខ្ចីលុយគេកសាងស្រុកទេស ក្នុងន័យដែលលោកបណ្ឌិតឡៅ ម៉ុងហៃ ចង់បញ្ជាក់ គឺត្រង់ហ្នឹង”។ លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ ជាការពិត ឧទាហរណ៍ដូចជាឧកញ៉ាទ្រី ភាព បំផ្លិចបំផ្លាញព្រៃឈើ ហើយក្លាយជាមហាសេដ្ឋី ឧកញ៉ាលី យ៉ុងផាត់ ដូចគ្នាដែរ ឧកញ៉ាគិត ម៉េង ក៏ដូចគ្នាដែរ សុទ្ធតែពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ហើយឥឡូវហ្នឹងដូចជាឧកញ៉ាកុក អាន លី យ៉ុងផាត់ ហ៊ុន តូ អី ពាក់ព័ន្ធនឹងបទឧក្រិដ្ឋអនឡាញអីជាដើម ហើយអ្នកអស់ហ្នឹង នៅខាងក្រោយនែបទឧក្រិដ្ឋហ្នឹង គឺមានការបំផ្លិចបំផ្លាញជាតិដូចគ្នា កេងប្រវ័ញ្ចជាតិ ពុករលួយ យកដីរដ្ឋធ្វើជាឯកជន យកដីប្រជាពលរដ្ឋហ្នឹងទិញក្នុងតម្លៃថោក ធ្វើជារបស់ខ្លួន ហើយនៅឲ្យមានបាតុភាព ប្រជាពលរដ្ឋរងគ្រោះ អយុត្តិធម៌នៅទូទាំងប្រទេស ។ ឧទាហរណ៍សំណុំរឿងបឹងតាមោក ជាដើម សំណុំរឿងកោះនរា កោះពេជ្រ នៅជុំវិញភ្នំពេញហ្នឹង ជាដើម ។ល។ ហើយនៅកន្លែងដទៃៗច្រើនណាស់ នៅទូទាំងប្រទេសកម្ពុជាហ្នឹង ។ អ៊ីចឹងពាក្យខ្លីតែខ្លឹម របស់លោកបណ្ឌិតឡៅ ម៉ុងហៃ គឺចង់ឆ្លុះបញ្ចាំងអ៊ីចឹង ។ តាមខ្ញុំយល់ បណ្ឌិតឡៅ ម៉ុងហៃ ចង់ឲ្យរដ្ឋាភិបាលគិតគូរឡើងវិញចំពោះរឿងអស់នេះ គ្រប់គ្រងព្រៃឈើតាមច្បាប់ទម្លាប់ គ្រប់គ្រងដីធ្លីតាមច្បាប់ទម្លាប់ ព្រោះយើងមានច្បាប់ព្រៃឈើ មានច្បាប់ដីធ្លី មានច្បាប់រដ្ឋជាច្រើនទៀត ហើយយកមកគ្រប់គ្រង ហើយចែកភាគលាភ ជូនពលរដ្ឋ ឲ្យបានយុត្តិធម៌ ហើយដាក់ជាចំណូលជាតិហ្នឹងឲ្យបានត្រឹមត្រូវ យុត្តិធម៌ដែរ នៅក្នុងន័យកសាងជាតិហ្នឹង នៅលើផ្លូវត្រូវ ផ្លូវយុត្តិធម៌  អ៊ីចឹងបានៗ​ ។ ប៉ុន្តែបច្ចុប្បន្ននេះ ធ្វើវាមិនបានទេ ។ ដោយសារធ្វើមិនបានហ្នឹងហើយ ដែលនាំឲ្យមានការលើកឡើងនូវទស្សនៈជាច្រើន ដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងវិលមករកផ្លូវត្រូវ “ ។

ដោយឡែក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងន័យអត្ថប្បដិរូប អ្វីដែលបានលើកឡើង លោកបណ្ឌិតឡៅ ម៉ុងហៃ ចង់ឆ្លុះបញ្ចាំងពីសង្គមជាតិនៃកម្ពុជា ពោរពេញទៅដោយភោគទ្រព្យ សម្បត្តិធម្មជាតិស្អេកស្កះ សមដូចសម្ដេចសង្ឃរាជជួន ណាត ហៅថា “ទឹកដីសុវណ្ណភូមិ” (ទឹកដីមាស) ដែលមានទាំងពីព្រៃឈើ សមុទ្រ ទន្លេ រ៉ែក្រោមដី ក្រោមបាតភ្នំ សព្វបែបយ៉ាងទាំងអស់ ប៉ុន្តែសេដ្ឋី ឧកញ៉ា គប់គិតជាមួយអ្នកមានអំណាច ច្បាមយកសម្បត្តិធម្មជាតិទាំងនោះ ធ្វើមានបាន ហើយបង្កការលំបាកដល់ពលរដ្ឋ ត្រូវរកលុយដោះស្រាយជីវភាព បង់ពន្ធដារ និងសងបំណុលសាធារណៈ ដែលរដ្ឋជំពាក់បរទេស ។ ដូច្នេះហើយទើបគណបក្សជំនាន់ថ្មី របស់លោកបង្កើតឡើង ដើម្បីប្រកួតប្រជែងគោលនយោបាយ ទប់ស្កាត់នូវរាល់អំពើពុករលួយ ភាពអយុត្តិធម៌ ការប្រកាន់បក្ខពួក ដែលយកច្បាប់ទ្រាប់អង្គុយ ហើយបង្កើតនូវខ្សែស្រឡាយ នៃភាពអយុត្តិធម៌ និងភាពក្រីក្រ ជិះជាន់ប្រជាពលរដ្ឋ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ បាទ! ក្នុងន័យអត្ថប្បដិរូប គឺលោកបណ្ឌិតឡៅ ម៉ុងហៃ លោកចង់ឆ្លុះបញ្ចាំងពីសង្គមជាតិនៃកម្ពុជា យើងពោរពេញទៅដោយភោគទ្រព្យ សម្បត្តិធម្មជាតិស្អេកស្កះ ដែលសូម្បីសម្ដេចសង្ឃរាជជួន ណាត ក៏លោកបានមានសង្ឃដីកាថាជា “ទឹកដីសុវណ្ណភូមិ” ។ អ៊ីចឹងហើយគឺថា សម្បត្តិធម្មជាតិយើង មានដូចជាព្រៃឈើ ដូចជារ៉ែ ដូចជាត្រី គ្រប់សព្វបែបយ៉ាង រ៉ែក្រោមដី លើដី ព្រៃភ្នំ ក្រំថ្ម សមុទ្រ ទន្លេ ដែលពោរពេញទៅដោយរ៉ែក្នុងទឹក លើគោក ក្រោមបាតភ្នំ និងភ្នំ គឺថា យើងអត់ចេះកែច្នៃនៃរដ្ឋបាលសាធារណៈ ទៅនឹងការគ្រប់គ្រងជាសម្បត្តិរដ្ឋ ហើយតើត្រូវមានផលប្រយោជន៍សម្រាប់ជាតិខ្លួនឯង ឬក៏យើងទុកផលប្រយោជន៍ដែលយើងកាន់តែឱកាសឃ្លាតទៅៗ ពីជំនាន់ដូនតា មកជំនាស់ចាស់មុន បួនប្រាំជំនាន់ ហើយមកជំនាន់បច្ចុប្បន្ន រហូតទៅដល់កូនចៅជំនាន់ក្រោយៗតទៅទៀត តើយើងមានរបៀបគ្រប់គ្រងបែបណា? ចៀសវាងអនាធិបតេយ្យ ។ កាលណាអនាធិបតេយ្យ ជាមួយនឹងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ការិយាធិបតេយ្យទៅទៀត គឺថា យើងចេះតែធ្វើអីតាមតែអំពើចិត្ត បង្កើតនូវអំពើពុករលួយ ការគ្រប់គ្រងមិនមានតម្លាភាព មិនមានសុចរិតភាព ហើយកេងប្រវ័ញ្ច បឺតញើសឈាមជាតិឯង និងធ្វើឲ្យសង្គមជាតិក្រីក្រ ដោយសារអំពើពុករលួយ ។ អ៊ីចឹងអ្នកដែលជួបការលំបាក គឺប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជួបការលំបាក មិនត្រឹមតែជាតិឯងបង្កពុករលួយ ប្រកាន់បក្ខពួក ច្បាមយកដី យកព្រៃភ្នំ កាប់ឈើលក់ធ្វើជាសេដ្ឋី ឧកញ៉ា មានបាន តែក្រុមអ្នកកាន់អំណាច បក្ខពួកគ្រាក់ៗ និងអ្នកមានអីហ្នឹង គឺថា គប់គិតគ្នា ហើយត្រូវនឹងជនបរទេស មិនថាចិន យួន គឺថា មកចូលធ្វើ ច្បាមយករ៉ែ យកព្រៃឈើរបស់ខ្មែរ ទៅធ្វើមានបាននៅប្រទេសគេ ហើយបន្តធ្វើការកែច្នៃនៃផលិតកម្ម សិប្បកម្មផ្សេងៗហ្នឹង ទៅលក់នៅក្រៅប្រទេស មានតម្លៃរាប់លាន រយ ពាន់ដុល្លារទៅទៀត “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងខ្មែរយើងបាត់បង់ឱកាស បាត់បង់ទ្រព្យសម្បត្តិធម្មជាតិ ។ អាហ្នឹងជាបញ្ហា ហើយអ្វីដែលធ្វើឲ្យខ្មែរក្រីក្រ ធ្វើឲ្យប្រទេសជួបការលំបាក គឺបំណុលបរទេស ដែលយើងខ្ចីបំណុលបរទេស យកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លៀតនឹងពុករលួយ មិនបានគ្រប់គ្រង អនុវត្តឲ្យដិតដល់ ។ អាហ្នឹងហើយដែលយើងជំពាក់បំណុល ហើយជំពាក់បំណុល មិនមែនពួកអ្នកដឹកនាំ នៃបក្សកាន់អំណាច ពីមួយជំនាន់ ទៅមួយជំនាន់ ពីមួយអាណត្តិ ទៅមួយអាណត្តិហ្នឹងជាអ្នកចេញសងទេ គឺថា អ្នកជំនាន់ក្រោយ ប្រជាពលរដ្ឋបង់ពន្ធដារអីហ្នឹង គឺថា គាត់ជួបការលំបាកជីវភាពផង បំណុលផង ហើយកាត់លុយកាក់ទៅចូលក្នុងរដ្ឋាភិបាល ដើម្បីទៅសងប្រាក់ខ្ចីពីបរទេស មកកសាងបរទេស ។ ប៉ុន្តែបុគ្គលដែលមានអំណាច ឧកញ៉ា សេដ្ឋីទុច្ចរិតមួយចំនួន គឺបង្កើតអំពើពុករលួយ យកធ្វើទ្រព្យសម្បត្តិខ្លួនឯង តែមិនបានទៅជួយដល់ជាតិឲ្យពេញលេញ ក្រៅពីលួចបន្លំទ្រព្យសម្បត្តិជាតិ បង្កើតអំពើពុករលួយ បក្ខពួក គ្រួសារនិយមទៅវិញទេ ដែលធ្វើឲ្យគាត់មានបានជាសេដ្ឋី ជាឧកញ៉ា ។ អាហ្នឹងគឺថា ការឆ្លុះបញ្ចាំងអ៊ីចឹង ហើយក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល ប្រមុខនៃបក្សជំនាន់ថ្មី យើងបង្កើតគណបក្ស ដើម្បីប្រកួតប្រជែងគោលនយោបាយ ទៅទប់ស្កាត់នូវរាល់អំពើពុករលួយ ភាពអយុត្តិធម៌ ការប្រកាន់បក្ខពួក ដែលយកច្បាប់ទ្រាប់អង្គុយ ហើយបង្កើតនូវខ្សែស្រឡាយ នៃភាពអយុត្តិធម៌ និងភាពក្រីក្រ ជិះជាន់ប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសមិនគោរពច្បាប់ អនុវត្តច្បាប់មិនបាន ដោយសារតែបក្ខពួក គ្រួសារនិយមហ្នឹងហើយ គឺប្រទេសទន់ខ្សោយ ប្រទេសអន់នូវសេដ្ឋកិច្ច ប្រទេសជំពាក់បំណុលបរទេស ប្រទេសជួបនូវភាពអយុត្តិធម៌ ការឈឺចាប់ នោះដែលជាបញ្ហាគណបក្សជំនាន់ថ្មី ត្រូវបង្កើតឡើងដើម្បីប្រកួតប្រជែងគោលនយោបាយ ទៅជួយប្រជាពលរដ្ឋ ទៅជួយជាតិ ក្នុងការដឹកនាំ យកច្បាប់ជាធំ គោរពនីតិរដ្ឋ ប្រដំប្រសងគ្នានៃសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺថា យើងបំពេញឲ្យគ្នា ដោយគ្មានការដាក់សម្ពាធ ដោយគ្មានការរំលោភនីតិរដ្ឋ នៃអំណាចនីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ ។ អាហ្នឹងដែលគណបក្សជំនាន់ថ្មី ចង់ឃើញការប្រកួតប្រជែងមួយ សេរី យុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន ហើយធ្វើការជាមួយគ្នា នៅក្នុងតុល្យភាពនៃអំណាច នៃរដ្ឋសភា និងរដ្ឋាភិបាល មានន័យថា Check and Balance រវាងនីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ គោរពនីតិរដ្ឋ តាមរបបសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សជាធំ “ ៕

RELATED ARTICLES