ភ្នំពេញៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួ លពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់ សារធាតុគីមី មួយកន្លែង ដកហូតបារីអេឡិចត្រូនិក ចំនួន១៣កេស ស្មើនឹង ២៦០០ប្រអប់ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំង ម្នាក់ផងដែរ។

ប្រតិបត្តិការបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិកនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារិម ស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង បារីអេឡិចត្រូនិក ម៉ាក FISCO ចំនួន១៣កេស ស្មើនឹង២៦០០ប្រអប់ និងឃាត់ខ្លួនម្ចាស់ទីតាំង ម្នាក់ ឈ្មោះ XIE SU LONG ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការនាំចូល ចែកចាយ ផ្សព្វផ្សាយ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។

សមត្ថកិច្ច នឹងបន្តអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌ មានតាមលេខបន្ទាន់ ១២៩១ ឬតាមបណ្តាញ Telegram, WhatsApp និង CoolApp លេខ ០៣១ ៥៥៥៥ ៦៦៩ ព្រមទាំងអាចផ្ញើសារទៅកាន់ផេកហ្វេសប៊ុក ផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ «Phnom Penh Gendarmerie» បានគ្រប់ពេលវេលា៕