Wednesday, May 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគោយន្តច្នៃក្រឡាប់ ស្លាប់និងរបួស ២២នាក់

គោយន្តច្នៃក្រឡាប់ ស្លាប់និងរបួស ២២នាក់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានបើកគោយន្តច្នៃ ១គ្រឿង ដឹកកម្មករប្រុសស្រី សរុបចំនួន ២១នាក់ សំដៅទៅបេះផ្លែស្វាយ នៅចម្ការ ស្រាប់តែពេលកំពុងធ្វើដំណើរលើដងផ្លូវ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ គេចពីរថយន្តធុនធំ ១គ្រឿង ធ្វើឱ្យជ្រុលធ្លាក់ចេញពីផ្លូវជាតិ ក្រឡាប់ទាំងកំរោល បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែកមនុស្ស ២១នាក់ទៀត រងរបួសធ្ងន់-ស្រាល ដេកដួលរដូករណែលពេញផ្លូវ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់គោយន្តច្នៃនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គោយន្តច្នៃ ១គ្រឿង មានដឹកកម្មករប្រុសស្រី ២២នាក់ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ចេញពីខេត្តប៉ៃលិន ក្នុងគោលដៅទៅបេះស្វាយ នៅស្រុកបាណន់ ខេត្តបាត់ដំបង ប៉ុន្តែពេលទៅដល់ចំណុចកើតហេតុ គោយន្តដឹកកម្មករនោះ បានបើកគេចរថយន្តធុនធ្ងន់ ១គ្រឿង ដែលធ្វើដំណើរផ្ទុយគ្នា ខណៈដែលគោយន្ត បើកលឿនបន្តិចផង ក៏ធ្វើឱ្យជ្រុលធ្លាក់ផ្លូវ ក្រឡាប់ទាំងកំរោលតែម្តង បណ្តាលឱ្យបុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ អ្នកដំណើរផ្សេងទៀត សរុប២១នាក់ រងរបួសធ្ងន់-ស្រាល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកាន់ចំណុចកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះដល់អ្នករបួស។ ភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងនោះនៅឡើយ គ្រាន់តែដឹងថា ក្រុមកម្មករទាំងនោះ មកពីខេត្តប៉ៃលិន ធ្វើដំណើរទៅបេះផ្លែស្វាយ នៅស្រុកបាណន់។

ជនរងគ្រោះដែលរងរបួសធ្ងន់-ស្រាល ទាំង២១នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ  ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES