Saturday, March 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្តីចុងស្រវឹង ដុតផ្ទះចោល ប្រពន្ធកូន៣ អត់ជម្រក

 ប្តីចុងស្រវឹង ដុតផ្ទះចោល ប្រពន្ធកូន៣ អត់ជម្រក

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ក្រោយពីប្តីដើមស្លាប់ចោលទៅ បានចាប់ដៃជាមួយបុរសវ័យក្មេងម្នាក់ រួមរស់ជាប្តីប្រពន្ធ និងបង្កើតបានកូនតូច ចំនួន៣នាក់ ស្រាប់តែប្តីចុងកំណាច ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក រករឿងឈ្លោះប្រពន្ធ រួចដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះហ្មត់ រួចគេចខ្លួនបាត់ ទុកឱ្យប្រពន្ធនិងកូនតូច ៣នាក់ អត់ទីជម្រក។

ករណីប្តីចុង ផឹកស្រវឹង ខឹងប្រពន្ធ ដុតផ្ទះចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

ជនសង្ស័យដែលដុតផ្ទះចោល មានឈ្មោះ វ៉ាន ណាន មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ និងត្រូវជាប្រពន្ធរបស់ជនសង្ស័យ មានឈ្មោះទុយ។

តាមប្រភពអ្នកភូមិ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ពីមុនជាស្ត្រីមេម៉ាយ ត្រូវប្តីស្លាប់ចោលជាច្រើនឆ្នាំមកហើយ លុះក្រោយមកបានទទួលយកជនសង្ស័យ ឈ្មោះវ៉ាន ណាន ធ្វើជាប្តីចុង រួមរស់បានកូន ចំនួន៣នាក់ នឹកថាអាចផ្ញើវាសនាបាន ដឹងអីប្តីក្មេង ជាមនុស្ស ប្រមឹក ដើរតែផឹកស្រា មិនដែលជួយធ្វើការងាររកស៊ីអ្វីសោះ ហើយរាល់ពេលស្រវឹងស្រាម្តងៗ តែងរករឿងឈ្លោះប្រកែក ប្រើហិង្សា វាយដំប្រពន្ធ ជាញឹកញាប់។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ ប្តីចុង បានផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ បន្ទាប់មកប្តីក្មេងនោះ បានធ្វើសកម្មភាពដុតផ្ទះចោល បណ្តាលឱ្យឆេះសន្ធោសន្ធៅ ណាមួយដោយសារតែផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតនៅដាច់ឆ្ងាយគេឯងផង ទើបមិនមានអ្នកជួយពន្លត់ទាន់ ធ្វើឱ្យភ្លើងបានឆេះបំផ្លាញផ្ទះអស់ ត្រឹមតែមួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ។

ចំណែកបុរសជាប្តីចុង ក្រោយធ្វើសកម្មភាពដុតផ្ទះប្រពន្ធរួច បានរត់គេចខ្លួនបាត់។

ជុំវិញករណីខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុ ជាប្តីចុងខាងលើ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES