Friday, March 27, 2026
Homeចរាចរណ៍ក្បួនរថយន្តឧបនាយករដ្ឋមន្ត្រី រ៉ឺម៉កជែងចូល បុកតគ្នា៤គ្រឿង

ក្បួនរថយន្តឧបនាយករដ្ឋមន្ត្រី រ៉ឺម៉កជែងចូល បុកតគ្នា៤គ្រឿង

ខេត្តព្រះវិហារ ៖ ក្បួនរថយន្តរបស់លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នា ក្រោយពីមានម៉ូតូរ៉ឺម៉ក ១គ្រឿង វ៉ាជែងចូលគន្លងក្បួនរថយន្ត បណ្តាលឱ្យរថយន្តចំនួន ៤គ្រឿង ខូចខាតធ្ងន់-ស្រាល តែសំណាងល្អ មិនបង្កឱ្យអ្នកណាម្នាក់រងរបួសឡើយ។ ចំណែកលោកឧបនាយករដ្ឋមន្ត្រី ក៏មិនបានរងគ្រោះថ្នាក់អ្វីដែរ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ក្បួនរថយន្តបុកបន្តកន្ទុយគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២៧នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមដងផ្លូវ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ក្នុងពេលដែលលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ធ្វើដំណើរទៅពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាន ក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ និងចូលរួមពិធីសម្ពោធអគារសិក្សា ចំនួន ៥ខ្នង ២១បន្ទប់  និងសមិទ្ធផលនានា នៅខេត្តព្រះវិហារ ក្រោមជំនួយរបស់អង្គការទស្សនៈពិភពលោក (World Vision) ដែលប្រព្រឹត្តទៅ ក្នុងបរិវេណសាលាបឋមសិក្សាសំបូរ ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

យោងតាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យរថយន្តក្នុងក្បួន ចំនួន៤គ្រឿង រងការខូចខាត។ ក្នុងនោះ មាន១គ្រឿង ខូចខាតធ្ងន់ (ផ្នែកខាងមុខ) រហូតមិនអាចធ្វើដំណើរទៅមុខទៀតបាន ចំណែករថយន្ត ៣គ្រឿងទៀត ខូចខាតស្រាល។ រីឯអ្នកធ្វើដំណើរក្នុងរថយន្ត ពុំមានរងរបួសទេ។

បើតាមព័ត៌មាន មូលហេតុបង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង បានវ៉ាជែងចូលគន្លងក្បួនរថយន្ត បញ្ច្រាសទិសគ្នា បណ្តាលឱ្យជួបហេតុការណ៍នេះតែម្តង។

យោងតាមរបាយការណ៍បឋម បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី និងមន្ត្រីរួមដំណើរទាំងអស់ ពុំមាននរណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅសម្របសម្រួល និងធ្វើការវាស់វែងតាមនីតិវិធី ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលចរាចរណ៍នៅតំបន់នោះឡើងវិញ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅពេលដែលក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ធ្វើដំណើរទៅពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាន ក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចូលរួមពិធីសម្ពោធអគារសិក្សា  និងសមិទ្ធផលនានា នៅខេត្តព្រះវិហារ ដែលប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាសំបូរ ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវ ជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា ចំនួន ៥ខ្នង ២១បន្ទប់  និងសមិទ្ធផលនានា នៅខេត្តព្រះវិហារ ក្រោមជំនួយរបស់អង្គការទស្សនៈពិភពលោក (World Vision) ដែលប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាសំបូរ នៅខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកអន្តរជាតិ និងប្រចាំកម្ពុជា, លោកនាយកប្រចាំប្រទេស នៃអង្គការ អេដ អេ អាក់ស្យុង អន្តរជាតិប្រចាំនៅកម្ពុជា (AEA) ប្រធានមន្ទីរអប់រំ យុវជននិងកីឡា តំណាងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស។

ពិធីសម្ពោធអគារសិក្សា ចំនួន ៥ខ្នង ២១បន្ទប់នេះ រួមមានអគារសិក្សា នៅសាលាបឋមសិក្សាសំបូរ បឋមសិក្សារំដោះ បឋមសិក្សាបង្កន បឋមសិក្សាអូរក្សាន្ត និងបឋមសិក្សាកំប្រាក់ ក្នុងខេត្តព្រះវិហារ ដែលឧបត្ថម្ភមូលនិធិនិងគាំទ្រសាងសង់ដោយអង្គការទស្សនៈពិភពលោក រដ្ឋបាលខេត្តព្រះវិហារ មន្ទីរអប់រំ យុវជននិងកីឡា អាជ្ញា ធរ មូលដ្ឋាន និងសហគមន៍ក្នុងខេត្តព្រះវិហារ។

បន្ទាប់ពីស្តាប់មតិស្វាគមន៍របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង របាយការណ៍សាង សង់ដោយលោកស្រី តេរេសា អាន់ ហ៊ូរ៉ារី នាយកប្រចាំតំបន់អាស៊ីខាងកើត នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ រួចមក លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ហងជួន ណារ៉ុន បានបង្ហាញសេចក្តីរីករាយ ចូលរួមអប អរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ៥ខ្នង ២១បន្ទប់ និងសមិទ្ធផលនានាជាច្រើន ដោយគូសរំលេចថា សមិទ្ធផលថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីតួនាទីដ៏មានសារៈសំខាន់របស់ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដែលបានរួមគ្នាអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យកុមារគ្រប់រូប ជាពិសេស កុមារដែលរស់នៅទីជនបទដាច់ស្រយាល មានឱកាសទទួលបានការអប់រំ ប្រកបដោយគុណភាព និងទទួលបានអារម្មណ៍កក់ក្តៅ ចេញពីសហគមន៍មូលដ្ឋាន។ សមិទ្ធផលនេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហ គមន៍ ព្រមទាំងបង្ហាញអំពីឆន្ទៈរួមគ្នាលើការអនុវត្តនូវវិធានការគន្លឹះ៤ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ជាពិសេស វិធានការគន្លឹះទី៤ (ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»)។

បច្ចុប្បន្ន ក្រសួងអប់រំ បាននិងកំពុងជំរុញការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យា ថ្នាក់ដំបូង នៅកម្រិតបឋមសិក្សា តាមរយៈការដាក់ចេញកម្មវិធីបំប៉នសមត្ថភាពគ្រូបង្រៀនចាប់ពីថ្នាក់ទី១ ទី២ និងទី៣ និងកម្មវិធីបណ្តុះបណ្តាលគរុសិស្ស លើការអនុវត្តកញ្ចប់សម្ភារៈអំណាន ថ្នាក់ដំបូង និងសម្ភារៈគណិតវិទ្យា ថ្នាក់ដំបូង ដែលជាកត្តាចាំបាច់បំផុតសម្រាប់គុណវុឌ្ឍិគ្រូបង្រៀន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការរៀននិងបង្រៀន ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សបន្ថែមទៀត ដោយធានាកុមារកម្ពុជា ចេះអាន សរសេរ និងគិតលេខ ទាំងអស់គ្នា។

នាឱកាសនោះដែរ លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ក៏ដូចជាសម្ភារៈសិក្សា ប្រគល់ជូនទៅតំណាងសហគមន៍ និងសាលារៀន ដើម្បីបែងចែកបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ឧបនាយករដ្ឋមន្ត្រី ក៏សូមយកឱកាសនេះ ដាក់ចេញអនុសាសន៍ចំនួន ៤ចំណុច ដើម្បីលើកកម្ពស់គុណភាពការអប់រំ នៅកម្រិតបឋមសិក្សា ដូចខាងក្រោម ៖

១) ខិតខំកសាង «បណ្តាញគ្រូបង្រៀនល្អ-នាយកល្អ តាមស្រុកខេត្ត» ឱ្យបានរឹងមាំ ដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរបទពិសោធឧត្តមានុវត្តន៍ និងការដោះស្រាយបញ្ហាប្រឈមប្រកបដោយទស្សនច្នៃប្រឌិត លើការងារដឹកនាំគ្រប់គ្រងសាលារៀន និងវិធីសាស្ត្របង្រៀនថ្មីៗ។

២) ជំរុញនិងលើកទឹកចិត្តការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំនៅក្នុងមូលដ្ឋាន»។

៣) បន្តកសាងប្រព័ន្ធលើកទឹកចិត្តនៅថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តដល់គ្រូល្អ នាយកល្អនៅតាមសាលា រៀន ក្នុងតំបន់របស់ខ្លួន។

៤) ក្រសួងនឹងនៅតែបន្តជំរុញនិងពង្រឹងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធ ជាមួយសាលានៅតាមព្រំដែន ដើម្បីផ្ដល់អាទិភាពនិងឱកាសដល់ការអភិវឌ្ឍសាលារៀន នៅតាមតំបន់ព្រំដែន ឱ្យមានភាពរីកចម្រើន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ដែលជាអាណាព្យាបាល សូមចូលរួមសម្របសម្រួលនិងគាំទ្របន្ថែម ដើម្បីធានាការអនុវត្តអនុស្សរណៈនៃយោគយល់គ្នានេះ ឱ្យមានប្រសិទ្ធភាព៕ ខៀវទុំ

RELATED ARTICLES